​នុយក្លេអ៊ែរ​៖អាល្លឺម៉ង់ចង់​បាន​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែល​គ្រាន់​ប់ើជាង​កិច្ចព្រមព្រៀងចាស់

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ លោក Heiko Maas។
រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ លោក Heiko Maas។ REUTERS - POOL

ថ្ងៃសុក្រ​ ទី៤ ធ្នូ រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ លោក Heiko Maas បាន​ប្រាប់​កាសែត​ក្នុងស្រុកថា ការ​វិល​ត្រឡប់​ទៅ​រក​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់ តែមួយនៅមិនទាន់​គ្រប់គ្រាន់ទេ គឺគេត្រូវតែ​បន្ថែម​លក្ខខណ្ឌ​មួយ​ចំនួន​ទៀតដើម្បីធានាថា​ អ៊ីរ៉ង់​មិន​បំពានលើកិច្ចសន្យា​ និងក៏​មិនបន្ត​គម្រោង​កម្មវិធី​ផលិត​គ្រាប់មីស៊ីល​​ប៉ាឡេស្ទីកដែរ។

ផ្សាយពាណិជ្ជកម្ម

ការ​បញ្ជាក់​ជំហរ​របស់​អាល្លឺម៉ង់​នេះ គឺ​បន្ទាប់​ពីការ​ប្រកាស​វិល​ចូល​កិច្ចព្រមព្រៀង​ឡើងវិញ របស់លោក ចូ បៃដិន អនាគត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​។ ចំពោះ​លោក ចូ បៃដិន គឺ​អាមេរិក​នឹង​ចូល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ចុះ​ហត្ថលេខាឆ្នាំ ២០១៥ នៅពេល​លោក​ចូល​កាន់តំណែង​នៅថ្ងៃទី២០ មករា ឆ្នាំ២០២១ ។ ប៉ុន្តែ ​​អាមេរិក​ទាមទារ​ថា អ៊ីរ៉ង់ ​មិន​ត្រូវ​មាន​អាវុធនុយក្លេអ៊ែរឡើយ​ ហើយ​ក៏​​គ្មាន​ការ​អភិវឌ្ឍន៍គ្រាប់​មីស៊ីល​បាឡេស្ទីកដែល​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់។​

គួរ​រម្លឹកថាក្នុង​ឆ្នាំ​២០១៨​ ប្រធានាធិបតី​ជិត​ផុតអាណត្តិ​ លោក ដូណាល់ ត្រាំ បាន​ដកអាមេរិក​ជា​ឯកតោ​ភាគី ចេញកិច្ចព្រមព្រៀង​អ៊ីរ៉ង់​ ហើយ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាបន្តបន្ទាប់​លើ​អ៊ីរ៉ង់ ដោយ​ចោទ​អ៊ីរ៉ង់​ថា​មិន​គោរព​កិច្ចព្រមព្រៀង និង​សម្ងំ​ផលិត​អាវុធ​ប្រល័យ​លោក។ ថ្មីៗនេះ លោក ត្រាំ ថែម​ទាំង​ចង់​វាយ​ប្រហារ​លើ​មូលដ្ឋាន​យោធា​របស់​អ៊ីរ៉ង់​ទៀត​ផង​។​

សម្រាប់​អ៊ីរ៉ង់​វិញ គឺ​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់តែងតែ​ទទូច​ឱ្យ​ប្រទេស​បស្ចិមលោកឈប់​លក់​អាវុធ​តម្លៃ​ជាង​១០០ពាន់​លាន​ដុល្លារឱ្យ​ទៅរាជាណាចក្រ​អារ៉ាប់ ហើយ​កុំចេះតែ​គាំទ្រ​ទាំង​ងងើល​ចំពោះ​អ៊ីស្រាអែល​ដែល​ជាសត្រូវស៊ូពូជ​របស់​អ៊ីរ៉ង់​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI