អូស្ត្រាលី-ចិន

អូស្ត្រាលីប្រកាស​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោករឿង​ចិន​ដំឡើងពន្ធនាំចូល​

អូស្ត្រាលី​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្មពិភពលោករឿង​ចិន​ដំឡើង​ពន្ធនាំចូល​ធញ្ញជាតិ
អូស្ត្រាលី​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្មពិភពលោករឿង​ចិន​ដំឡើង​ពន្ធនាំចូល​ធញ្ញជាតិ © afp.com/FREDERIC J. BROWN

ទំនាក់ទំនងតានតឹង​​​ចិន-​អូស្ត្រាលី អាច​នឹង​ធ្លាក់​ដុនដាបបន្ថែម​មួយ​កំរិត​ទៀត។ ក្រោយ​ពី​ប៉េកាំង បាន​បង្កើន​សម្ពាធ ចាត់​វិធានការច្រើនឡើងៗ​​ប្រឆាំង​នឹង​ការ​នាំ​ចូល​ទំនិញ​អូស្ត្រាលី​មក នៅ​ថ្ងៃពុធ​ទី ១៦ ធ្នូ ២០២០​នេះ អូស្ត្រាលីបាន​ប្រកាស ​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ឲ្យ​ស៊ើបអង្កេត​ករណី​ចិន​ដំឡើងពន្ធនាំចូល​គ្រាប់​ធញ្ញជាតិពី​អូស្ត្រាលី។

ផ្សាយពាណិជ្ជកម្ម

“ការ​​ដំឡើង​ពន្ធនាំចូល​​គ្រាប់ធញ្ញជាតិ​អូស្តា្រលី​បន្ថែម​ដល់​ទៅ ៨០% គ្មានមូលដ្ឋាន​ច្បាស់​លាស់ និង​គ្មានអ្វី​ជា​​ភស្តុតាងសោះ” ហេតុ​ដូច្នេះ​​ហើយ​បានជា​អូស្ត្រាលី​សម្រេច​ប្តឹង​ទៅ​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ នេះ​ជា​អះអាង​​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​​អូស្ត្រាលី ដោយ​ព្រមាន​ប៉េកាំង​ទៀត​ថា អូស្ត្រាលី​អាច​នឹងការ​​ប្តឹងបន្តបន្ទាប់​ទៀត ចំពោះករណី​​ផលិតផលផ្សេង​ទៀត ដែល​ចិន​បាន​ដំឡើង​ពន្ធ។

នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​អូស្ត្រាលី​យក​ជម្លោះ​ជាមួយ​ចិន ទៅ​ដោះស្រាយ​នៅ​ស្ថាប័ន​អន្តរជាតិ បើ​ទោះ​បី​ជា​ដឹង​ថា​ដំណើរការ​ប្តឹង​ផ្តល់​អាច​ប្រើ​រយៈ​ពេល​យូរ​​ក៏​ដោយ និង​ធ្វើ​ឱ្យ​ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរ​​កាន់​តែ​យ៉ាប់យឺន។

សូម​បញ្ជាក់​ថា​ក្រៅ​អំពីគ្រាប់ធញ្ញជាតិ​ ដែល​ចិន​ស្រូប​យក​ក្នុង​ទំហំ​ជាង​១ពាន់​លានដុល្លារ មាន​​ទំនិញនិង​ផលិតផល​​អូស្ត្រាលី​មួយ​ចំនួន​យ៉ាង​ហោច​១២​មុខ​ផ្សេង​ទៀត ដូច​ជា សាច់គោ ធ្យូងថ្ម លោហៈស្ពាន់ កប្បាស ស្ករ បង្កង ឈើ ស្រា ឬ​វិស័យទេសចរណ៍ បាន​និង​កំពុង​ក្លាយ​ជា​ចំណុច​​វាយប្រហារដាក់ទណ្ឌកម្ម​ពី​​​ចិន។

​ចិន​ដំឡើង​ពន្ធ​នាំ​ចូលគ្រាប់ធញ្ញជាតិ​អូស្ត្រា​លី ​បន្ថែម​ចាប់​តាំង​ពី​ថ្ងៃទី១៩ ឧសភា​មក ក្រោមហេតុផល​ថា រដ្ឋាភិបាល​អូស្រ្តាលី​បាន​អនុវត្ត​នយោបាយ​ផ្តល់​ប្រាក់​ឧបត្ថម្ភធន​ជួយ​ប្រជាកសិករ​របស់​ខ្លួន និង​នយោបាយ Dumping (​លក់​ថ្លៃ​នៅ​ក្នុង​ស្រុក តែ​លក់​ថោក​សម្រាប់​នាំ​ចេញ)។ សម្រាប់​ក្រុង​ប៉េកាំង ការ​អនុវត្តន៍​នយោបាយ​របៀប​នេះ ​បាន​បង្ក​ផលវិបាក​យ៉ាង​ខ្លាំង​ដល់​ប្រជាកសិករ​ចិន។ នេះ​ជា​ហេតុផល​ផ្លូវការ។ ប៉ុន្តែ​តាមការពិត​ទៅ​នោះ អ្នក​វិភាគ​ខ្លះ​យល់​ថា ចិន​បាន​គិតរក​វិធី​​កំរិត​ការ​នាំចូល​គ្រាប់​ធញ្ញជាតិ​ពី​អូស្ត្រាលី ​តាំង​ពី​ឆ្នាំ​២០១៨​មក ព្រោះចិន​មិន​ចង់​ពឹង​ផ្អែក​ជ្រុល​ពេក​លើ​ផលិតផល​បរទេស។ អ្នក​វិភាគ​ជា​ច្រើន​ផ្សេង​ទៀត​យល់​ថា​ ចិន​ដំឡើង​ពន្ធ​នាំ​ចូល​ ជា​វិធានការ​ដែល​បង្កប់​​អត្ថន័យ​នយោបាយ។ ​ចិនមិន​អាច​ទ្រាំ​មើលអូស្ត្រាលី​​បន្ត​លូកដៃ​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុងរបស់​ខ្លួន​ផង ​ប្រកាន់​ជំហរ​រារាំងការ​ពង្រីក​ឥទ្ធិពល​ចិន​នៅតំបន់​អាស៊ីប៉ាស៊ីហ្វិកផង  ​ឬ​គាំទ្រ​គំនិតផ្តួចផ្តើម​របស់​អាមេរិក​ស្តីពី​សមុទ្រចិន​ខាងត្បូងផងទេ ​ទើប​​អធិករ​រវាង​ប្រទេស​ទាំង​ពីរ​បានរីក​ជា​ហូរហែ​មក​ដល់​សព្វថ្ងៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI