អាមេរិក-ចិន

ចិនបោះដៃរកប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោកចូ បៃដិន តែព្រមានប្រឆាំងពីការប្រឆាំងចិនជាថ្មី

ប្រមុខការទូតចិនលោកវ៉ាង យី
ប្រមុខការទូតចិនលោកវ៉ាង យី REUTERS / CHINA DAILY

ប្រមុខ​ការទូត​ចិន​លោក​វ៉ាង យី​បាន​ថ្លែង​ធានា​នៅ​ថ្ងៃ​សុក្រ ទី១៨ ធ្នូ​ថា ចិន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​សហការ​ជាមួយ​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​លោក​ចូ បៃដិន​នៅ​លើ​សំណុំរឿង​អាទិភាព​ជា​ច្រើន។ តែ​លោក​វ៉ាង យី​បាន​ព្រមាន​ទុក​ជា​មុន​ពី​ការ​ប្រើ​នយោបាយ​ប្រឆាំង​ចិន​ជា​ថ្មី​ដូច​ដែល​ប្រធានាធិបតី​អាមេរិក​ផុតអាណត្តិ​លោក​ដូណាល់ ត្រាំ​បាន​អនុវត្ត។ ការ​ថ្លែង​របស់​ប្រមុខ​ការទូតចិន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បទអន្តរាគមន៍​តាម​អនឡាញ​នៃ​កិច្ចប្រជុំ​របស់ Asia Society រៀបចំ​ក្នុង​ទីក្រុង​ញូយ៉ក។

ផ្សាយពាណិជ្ជកម្ម

« វា​ជា​រឿង​សំខាន់​ដែល​នយោបាយ​អាមេរិក​ចំពោះ​ចិន​មាន​ចំណង​ឡើង​វិញ​ឲ្យ​បាន​ឆាប់​ដែល​អាច​ធ្វើ​បាន​ជាមួយ​នឹង​កម្មវត្ថុ និង​វិចារណញ្ញាណ។ យើង​សង្ឃឹម​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ដោះស្រាយ​ភាព​ខុស​គ្នា​របស់​យើង​តាម​កិច្ចសន្ទនា » នេះ​ជា​ការ​ថ្លែង​របស់​ប្រមុខ​ការ​ទូត​ចិន​លោក​វ៉ាង យី។ ប្រមុខ​ការទូត​ចិន​រូប​នេះ​ដដែល​បាន​ធានា​ថា ចិន​បាន​មើល​ឃើញ​ពី​លទ្ធភាព​ដែល​ចិន​អាច​រួមសហការ​ជាមួយ​អនាគត​រដ្ឋបាល​អាមេរិក​របស់​លោក​ចូ បៃដិន​នៅ​លើ​សំណុំរឿង​អាទិភាព​ជា​ច្រើន ដូច​ជា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​រាតត្បាត វិបត្តិ​សេដ្ឋកិច្ច និង​បម្រែបម្រួល​អាកាសធាតុ។

គួរ​បញ្ជាក់​ថា​ក្នុង​អាណត្តិ​រយៈពេល ៤ឆ្នាំ​របស់​ប្រធានាធិបតី​អាមេរិក​ផុតអាណត្តិ​លោក​ដូណាល់ ត្រាំ សហរដ្ឋអាមេរិក និង​ចិន​បាន​ស្គាល់​ទំនាក់ទំនាក់​តានតឹង និង​ការ​ប្រទាញប្រទង់​គ្នា​នៅ​សឹង​គ្រប់​វិស័យ ពិសេស​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។ រដ្ឋបាល​លោក​ត្រាំ​បាន​ជ្រើស​យក​វប្បធម៌​ប្រឈម​មុខ​ដាក់​ចិន​ជាជាង​វប្បធម៌​សន្ទនា។ ប្រមុខ​ការទូត​អាមេរិក​លោក​ម៉ៃ ប៉ុមប៉េអូ​ជា​ឥស្សរជន​ជួរ​មុខ​ម្នាក់​ប្រឆាំង​ចិន​ដោយ​បាន​រឹតបន្តឹង​ការ​ផ្តល់​ទិដ្ឋការ​ឲ្យ​ពលរដ្ឋ​ចិន​ចូល​សហរដ្ឋអាមេរិក និង​បាន​បិទបញ្ចប់​កម្មវិធី​ដោះដូរ​វប្បធម៌​ដែល​ចិន​ចា​អ្នក​ចំណាយ​លុយ។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​សុក្រ ទី១៨ ធ្នូ លោក​ប៉ុមប៉េអូ​ថែម​ទាំង​បាន​ចាត់​ទុក​សកម្មភាព​បង្ក​គ្រោះថ្នាក់​របស់​បក្សកុម្មុយនីស្តចិន​នៅ​ចិន និង​នៅ​បរទេស​ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​អាមេរិក និង​បំផ្លាញ​អធិបតេយ្យភាព​របស់​សម្ព័ន្ធមិត្ត​អាមេរិក។ ចំណែក​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​បន្ថែម​ស្ថាប័ន​ចិន​ចំនួន ៥៩​ស្ថាប័ន​ទៀត​ទៅ​ក្នុង​បញ្ជីខ្មៅ​របស់​ខ្លួន ក្នុង​នោះ​មាន​សាកលវិទ្យាល័យ​ជាំងយីន និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​ក្រុង​ប៉េកាំង។ ដោយ​មិន​បាន​ចង្អុល​ចំ​មុខ​ថ្នាក់ដឹកនាំ​អាមេរិក​ណា​ម្នាក់ ប្រមុខ​ការទូត​ចិន​លោក​វ៉ាង យី​បាន​ចោទ​ថា្នក់ដឹកនាំ​អាមេរិក​ពី​បទ​ប្រឆាំង​ចិន​ដោយ​គ្មាន​មូលដ្ឋាន និង​បាន​មើល​រំលង​ពី​ផលប្រយោជន៍​រួម​ជា​ច្រើន​ដែល​ចិន និង​អាមេរិក​មាន​រវាង​គ្នា។ តើ​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​លោក​ចូ បៃដិន​នឹង​មាន​ជំហរ​ទន់ភ្លន់​ជាង​លោក​ដូណាល់ ត្រាំ?។ លោក​បៃដិន​បាន​សន្យា​រក្សា​ជំហរ​ម៉ឹងម៉ាត់​ជាមួយ​ចិន​ទន្ទឹម​គ្នា​នឹង​សហការ​ជាមួយ​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI