អាហ្វហ្កានីស្ថាន-ភេរវកម្ម

អាហ្វហ្កានីស្ថាន​រងអំពើ​ហិង្សា​និង​​ការ​វាយប្រហារ​ភេរវកម្ម​ស្ទើរ​រាល់​ថ្ងៃ

ការវាយប្រហារភេរវកម្ម​បំផ្ទុះ​រថយន្ត​នៅ​ទីក្រុង​កាប៊ូល ថ្ងៃទី ២០​ធ្នូ ២០២០
ការវាយប្រហារភេរវកម្ម​បំផ្ទុះ​រថយន្ត​នៅ​ទីក្រុង​កាប៊ូល ថ្ងៃទី ២០​ធ្នូ ២០២០ AP - Rahmat Gul

អាហ្វហ្កានីស្ថាន រង​ការ​វាយប្រហារ​មរណៈ​ជា​ថ្មី​ ! មាន​ស្លាប់​យ៉ាង​ហោច​៩​នាក់ របួស​១៥នាក់​នៅ​ក្នុង​គ្រោះ​ផ្ទុះ​គ្រាប់​បង្កៃក្នុង​រថយន្ត​មួយ​គ្រឿង នៅក្នុង​ក្រុងកាប៊ូល នា​ថ្ងៃអាទិត្យ​ទី ២០​ធ្នូ។ កាលពីថ្ងៃ​សុក្រ​ មាន​ការ​បំផ្ទុះ​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ក្មេង​១៥នាក់​ស្លាប់​និង​របួស​ជាង​២០នាក់។ ​អាជ្ញាធរអាហ្វហ្កានីស្ថាន បាន​ចោទ​ប្រកាន់​ថា​ជាការ​វាយប្រហារ​​របស់​ក្រុម​ភេរវនិយម​ ប៉ុន្តែ​ពុំ​ទាន់​មាន​ក្រុម​ណា​ចេញ​មុខ​បញ្ជាក់​ទង្វើ​របស់​គេ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃអាទិត្យ​នេះ។

ផ្សាយពាណិជ្ជកម្ម

ទូរទស្សន៍​ជាតិ​អាហ្វហ្កានីស្ថាន​ បាន​បង្ហាញ​រូបភាព ​រថយន្តយ៉ាង​ហោច​ពីរគ្រឿង​ ខ្លោច​ឆេះហុយផ្សែង​ខ្មួរខ្មាញ់ នៅ​ភាគ​ខាង​លិច​នៃ​រដ្ឋ​ធានី​កាប៊ូល។ ជា​ការ​បំផ្ទុះដែល​មាន​កម្លាំងខ្លាំង​ក្រៃ​ អាច​បំផ្លាញ​ផ្ទះ​សម្បែង​នៅ​ក្បែរនោះ​អស់​ជា​ច្រើន​ខ្នង។ ចំណែក​ជន​រងគ្រោះ​បាត់បង់​ជីវិត​​ក្នុង​ការ​វាយប្រហារ​នេះ ច្រើន​ជា​​ស្ត្រី​និង​កុមារ​។ នេះ​បើ​តាម​ការ​លម្អិត​របស់​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ដោយ​យល់​ថា​នេះ​​ជា​ស្នាដៃ​របស់​ពួក​ភេវនិយម។

ការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​នេះ​បានកើតឡើង​តែមួយ​ថ្ងៃ​ក្រោយ​ពី ការ​វាយប្រហារ​ដោយ​រ៉ុកកែត៥គ្រាប់សំដៅ​លើ​មូលដ្ឋាន​ទ័ព​អាមេរិកតែ​គ្មាន​ជន​រងគ្រោះ និង​បង្ក​ការខូត​ខាត​ជា​សម្ភារៈ​ឡើយ។ ហើយ​កាលពី​ថ្ងៃសុក្រ​ទី ១៨​ធ្នូ អាហ្វហ្កានីស្ថាន​បាន​រង​ភេរវកម្ម​បំផ្ទុះ​ម៉ូតូដែរ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​យ៉ាង​ហោច​១៥​នាក់ ភាគច្រើន​ជា​ក្មេង និង​របួស​ជាង​២០​នាក់។

សូម​បញ្ជាក់​ថា តាំង​ពី​ប៉ុន្មាន​ខែ​​ចុងក្រោយ​មក​នេះ អំពើ​ហិង្សា​បាន​កើនឡើង​ជា​ថ្មី​នៅ​អាហ្វហ្កានីស្ថាន។ អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ទង្វើ​របស់​ពួក​គេ​ ក្នុង​សកម្មភាពជា​ច្រើន​ដូច​ជា​ការ​វាយប្រហារ​សាកលវិទ្យាល័យ​កណ្តាល​រដ្ឋ​ធានី​កាបូល ការ​បាញ់​រ៉ុកកែត​ប្រឆាំង​មូលដ្ឋាន​ទ័ព​អាមេរិក។ ទន្ទឹម​ការ​វាយប្រហារ​បែប​ភេរវកម្ម​ពី​សំណាក់ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ចលនា​តាលីបង់​ក៏​បាន​វាយប្រហារ​លើ​កង​កម្លាំង​រដ្ឋាភិបាល ស្ទើរ​ជាង​រៀង​រាល់​ថ្ងៃ នៅ​តាម​តំបន់​ជន​បទ​ បើ​ទោះ​បី​ការ​ចរចា​ស្វែង​រក​សន្តិភាព​រវាង​​រដ្ឋាភិបាល​និង​តាលីបង់​កំពុងដំណើរការ​នៅ​ក្រុង​ដូហា​ក៏​ដោយ។ ការ​ចរចា​ចាប់​ផ្តើម​តាំង​ពី​ខែកញ្ញា​ ត្រូវ​ផ្អាក​រហូត​ដល់​ថ្ងៃទី ៥មករា​ ដើម្បី​កំណត់កាលបរិច្ឆេទ​ចរចា​ថ្មី ព្រោះ​ប្រធានាធិបតីអាហ្វហ្កានីស្ថាន​បាន​ស្នើ​សុំ​ឱ្យ​វគ្គ​ចរចា​បន្តប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទឹក​ដី​អាហ្វហ្កានីស្ថាន។

​​បើ​តាមតំណាង​​​អង្គការ​សហប្រជាជាតិ​នៅ​អាហ្វហ្កានីស្ថាន គិត​ពី​ខែមករា​ដល់​ខែ​កញ្ញា​ មានពលរដ្ឋ​ស៊ីវិលអាហ្វហ្កានីស្ថាន​ជាង​២១០០នាក់​បាន​ស្លាប់​ និង​ជាង​៣៨០០នាក់​រង​របួស​ក្នុង​អំពើ​ហិង្សា​និង​ការ​វាយប្រហារ​ភេរវកម្ម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI