សិង្ហបុរី-ម៉ាឡេស៊ី

សិង្ហបុរី និងម៉ាឡេស៊ី​ សម្រេច​បោះបង់ចោលគម្រោង​ខ្សែរថភ្លើង​ល្បឿនលឿន​

គំនូសគម្រោង Kuala Lumpur-Singapore High Speed Rail (HSR) project
គំនូសគម្រោង Kuala Lumpur-Singapore High Speed Rail (HSR) project © wikipedia

រដ្ឋាភិបាលសិង្ហបុរី និង​ម៉ាឡេស៊ី បានប្រកាសឲ្យ​ដឹង នៅថ្ងៃសុក្រទី​១មករានេះ ថាទីបំផុតទៅ គេបានសម្រេច​បោះបង់ចោលគម្រោងសាងសង់ ខ្សែររថភ្លើងល្បឿនលឿន ដែលតភ្ជាប់ពី​ទីក្រុងកូឡាឡំពួរ ទៅកាន់សិង្ហបុរី។ ឧបសគ្គជាច្រើន ព្រមទាំងតម្លៃសាងសង់ខ្ពស់ខ្លាំង ស្របពេលដែលវិបត្តិសេដ្ឋកិច្ចបង្កឡើង​ដោយកូវីដ​១៩ផងនោះ បានជំរុញ​ឲ្យ​ប្រទេសទាំង២ បោះបង់ចោលគម្រោងដ៏ធំនេះ។

ផ្សាយពាណិជ្ជកម្ម

គម្រោងខ្សែររថភ្លើងល្បឿនលឿន ប្រវែង៣៥០គីឡូម៉ែត្រ ដែលតភ្ជាប់ពី ទីក្រុងកូឡាឡំពួរ ទៅកាន់ប្រទេសសិង្ហបុរី ត្រូវបានរដ្ឋាភិបាល​ប្រទេសទាំង២នេះ ចុះហត្ថលេខាកាលពី​ឆ្នាំ​២០១៦។ ជាមួយ​នឹងខ្សែររថភ្លើងល្បឿនលឿននេះ រយៈពេលធ្វើដំណើរ គឺនៅសល់ត្រឹមតែ​៩០នាទីប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្ន គេត្រូវចំណាយ​ពេល​១១ម៉ោងតាមខ្សែរថភ្លើងចាស់ ឬ៤ម៉ោងតាមរថយន្ត។

តែយ៉ាងណា បន្ទាប់ពីឆ្លងកាត់ឧបសគ្គជាច្រើនរយៈពេល៤ឆ្នាំមកនេះ ទីបំផុតទៅភាគីរដ្ឋាភិបាលទាំង២ បានសម្រេចបោះបង់ចោលគំរោង​នេះ។ អនាគតនៃគម្រោងនេះ ត្រូវបាន​ស្ថិត​នៅ​លើភាព មិនច្បាស់ប្រាកដ នៅពេល​ដែល​លោក ម៉ាហាធា ម៉ូហាម៉េដ ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីឆ្នាំ​២០១៨។ លោកបានលើកឡើងថា លោកនឹងពិនិត្យ​សើរើឡើងវិញទាំងអស់ នូវគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ដែល​រដ្ឋាភិបាល​លោក ណាជីប រ៉ាហ្សាក់ បានអនុម័ត ដោយ​សារគម្រោងភាគច្រើន មានតម្លៃខ្ពស់ អាចបង្កប់ដោយ​អំពើពុករលួយ​ កិបកេងប្រាក់រដ្ឋ ហើយធ្វើឲ្យ​រដ្ឋម៉ាឡេស៊ី ត្រូវជាប់បំណុលច្រើន ហួសសមត្ថភាព។ បើតាមលោក លោក ម៉ាហាធា ម៉ូហាម៉េដ គម្រោងខ្សែររថភ្លើងល្បឿនលឿននេះ ម៉ាឡេស៊ីត្រូវចំណាយ​ចំនួន ២៧ពាន់លានដុល្លារអាេមរិក។

គួរបញ្ជាក់ថា ក្រោយ​លោកម៉ាហាធា ម៉ូហាម៉េដ ចូលកាន់តំណែង ភាគីម៉ាឡេស៊ី បានសុំពន្យាគំរោងនេះ រយៈពេល​២ឆ្នាំ។ ជាមួយ​​នឹងវិបត្តិ​សេដ្ឋកិច្ច​ បង្កឡើងដោយ​ជំងឺឆ្លងកូវីដ​១៩ ភាគីរដ្ឋាភិបាលម៉ាឡេស៊ី បានស្នើសុំធ្វើការកែប្រែកិច្ចសន្យា។ យោងតាម​លិខិត​ប្រកាស​រួមគ្នា ចេញផ្សាយ​នៅថ្ងៃទី​១មករា២០២១នេះ ភាគីទាំង២បាន​លើកឡើងថា គេបានព្យាយាមចរចាគ្នា តែទីបំផុតនៅថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០២០​​ ដែលជាកាលបរិច្ឆេទឱសានុវាទ ភាគីទាំង២ នៅតែមិនអាច​ស្វែង​រកចំណុចស្របគ្នា ជាមួយ​នឹងលក្ខខណ្ឌថ្មីបានទេ។ ដោយ​ហេតុនេះ ភាគីរដ្ឋាភិបាល​ទាំង២ សម្រេចបោះបង់ចោល គម្រោងនេះតែម្តង។

ដោយឡែក រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​សិង្ហបុរី បានបញ្ជាក់ថា ក្រោយការសម្រេចបោះបង់គម្រោងនេះ រដ្ឋាភិបាល​ម៉ាឡេស៊ី ត្រូវតែសងប្រាក់ មកឲ្យ​រដ្ឋាភិបាល​សិង្ហបុរី ចំពោះថ្លៃចំណាយ ដែល​ភាគីសិង្ហបុរី បានចាប់​ផ្តើម​​ចាយ​វាយ​ក្នុងគម្រោង​។ លោកម៉ាហាធា ម៉ូហាម៉េដ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្លាប់បាន​លើកឡើងថា បើគម្រោងនេះ ត្រូវបោះបង់ចោល គឺ ម៉ាឡេស៊ី ត្រូវសងប្រាក់​ទៅសិង្ហបុរី ខ្ទង់ប្រមាណ ១២៥លានដុល្លារអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI