ច្បាប់សន្តិសុខ ៖ ហុងកុង ចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យក្នុងនោះមានពលរដ្ឋអាមេរិកម្នាក់
ចុះផ្សាយនៅថ្ងៃ៖
ជាយុទ្ធនាការចាប់ខ្លួនទ្រង់ទ្រាយធំមិនធ្លាប់កើតទេពីមុនមកនៅហុងកុង។ មានសកម្មជនបក្សប្រឆាំងដែលជាអ្នកប្រជាធិបតេយ្យ ប្រមាណ៥០នាក់ ក្នុងនោះមានម្នាក់ជាពលរដ្ឋអាមេរិកផង ត្រូវបានប៉ូលិសចាប់ខ្លួន នៅថ្ងៃពុធទី ៦មករា២០២១នេះ។ ជាការចាប់ខ្លួន ដោយផ្អែកលើច្បាប់សន្តិសុខជាតិហុងកុងថ្មី ដែលតាក់តែងឡើងដោយប៉េកាំង។ សម្រាប់រដ្ឋាភិបាលចិន ការចាប់ខ្លួនមិនប៉ះពាល់ដល់សេរីភាពរបស់ប្រជាពលរដ្ឋទេ តែជាការចាប់ចរន្តមកពីក្រៅ និងក្រុមជនដែលបង្កអស្ថិរភាព នៅហុងកុងនិងចិន។
អតីតសមាជិកសភាពីររូប សកម្មជនប្រជាធិបតេយ្យក្មេងៗជំនាន់ក្រោយជាច្រើននាក់ អតីតអ្នកកាសែតវ័យ៣០ឆ្នាំម្នាក់ ទីប្រឹក្សាឃុំសង្កាត់វ័យ២៧ឆ្នាំ ... ជាសរុបមានសកម្មជនប្រជាធិបតេយ្យ យ៉ាងហោច៤៨នាក់ ដែលត្រូវបានប៉ូលិសហុងកុងចាប់ខ្លួននៅព្រឹកថ្ងៃពុធទី ៦មករានេះ ពីបទប៉ុនប៉ងធ្វើវិទ្ធង្សនា។ នេះបើតាមការប្រភពបក្សប្រជាធិបតេយ្យ ដោយយល់ថា ជាការចាប់ខ្លួន ដែលមានពាក់ព័ន្ធនឹងការបោះឆ្នោតផ្ទៃក្នុងបក្ស។ កាលពីថ្ងៃទី១១កក្កដា ២០២០កន្លងទៅ ក្រុមអ្នកប្រជាធិបតេយ្យបានរៀបចំការបោះឆ្នោតជ្រើសរើសបេក្ខជនសមាជិកសភា ៣៥រូប សម្រាប់ទៅប្រកួតប្រជែងក្នុងការបោះឆ្នោតសភាទូទៅហុងកុង។ ប៉ុន្តែសម្រាប់អាជ្ញាធរហុងកុង ការរៀបចំបោះឆ្នោតដោយសន្តិវិធីដែលមានមនុស្សជាង៦សែននាក់ចូល ជាទង្វើបង្កហេតុដ៏ធ្ងន់ធ្ងរ បែបវិទ្ធង្សនា បើយោងតាមច្បាប់សន្តិសុខជាតិថ្មី។
ក្រៅអំពីការចាប់ខ្លួន ប៉ូលិសហុងកុងបានចុះឆែកឆេរក្នុងផ្ទះ Joshua Wong តំណាងបក្សប្រឆាំងដ៏ល្បី ដែលកំពុងជាប់ពន្ធនាគារស្រាប់ និងការិយាល័យប្រព័ន្ធឃោសនាព័ត៌មានបី។ គួរឱ្យកត់សម្គាល់ជាជាពិសេសទៀត ប៉ូលិសហុងកុងបានចុះទៅឆែកឆេរការិយាល័យមេធាវីការពារសិទ្ធមនុស្ស ដោយបានចាប់ខ្លួនមេធាវីជនជាតិអាមេរិកលោក John Clancey ម្នាក់ទៀតផង។
ភា្លមមួយរំពេច អនាគតរដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី របស់រដ្ឋបាលលោកចូបៃដិន បានបញ្ចេញប្រតិកម្មបរិហារការចាប់ខ្លួននេះ ដោយសន្យាថា អាមេរិកនឹងនៅក្បែរប្រជាពលរដ្ឋហុងកុង និងការពារលទ្ធិប្រជាធិបតេយ្យពីការបង្ក្រាបរបស់ចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ