កូរ៉េខាងត្បូង-ជប៉ុន

ជប៉ុនត្រូវបានកូរ៉េខាងត្បូងកាត់ទោសក្នុងសំណុំរឿងទាសករផ្លូវភេទកាលពីសម័យសង្រ្គាមលោកលើកទី២

រូបសំណាកស្រ្តីទាសករផ្លូវភេទជនជាតិកូរ៉េខាងត្បូងរបស់​ទាហានជប៉ុន​​ក្នុង​សម័យ​សង្រ្គាមលោកលើកទី២
រូបសំណាកស្រ្តីទាសករផ្លូវភេទជនជាតិកូរ៉េខាងត្បូងរបស់​ទាហានជប៉ុន​​ក្នុង​សម័យ​សង្រ្គាមលោកលើកទី២ © AP/Ahn Young-joon

នៅ​ថ្ងៃ​សុក្រ ទី៨ មករា តុលាការ​ក្រុង​សេអ៊ូល​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​បាន​កាត់ទោស​ឲ្យ​ប្រទេស​ជប៉ុន​បង់ប្រាក់​ជំងឺ​ចិត្ត​ដល់​ស្រ្តីជនជាតិ​កូរ៉េខាងត្បូង​ចំនួន ១២នាក់​ដែល​ត្រូវ​បាន​ទាហាន​ជប៉ុន​បង្ខំ​ឲ្យ​បម្រើ​ផ្លូវភេទ​ក្នុង​សម័យ​សង្រ្គាមលោកលើកទី២។ នេះ​ជា​សេចក្តីសម្រេច​លើកទី១ មិន​ធ្លាប់​នៅ​ក្នុង​សំណុំរឿង​ទាសករផ្លូវភេទ​ដែល​បាន និង​កំពុង​បន្ត​បំពុល​ទំនាក់ទំនង​រវាង​ក្រុង​សេអ៊ូល និង​ក្រុង​តូក្យូ​មក​ដល់​បច្ចុប្បន្ន។ ជប៉ុន​បាន​ថ្កោលទោស​លើ​សេចក្តីសម្រេច​របស់​កូរ៉េខាងត្បូង និង​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​ក្រុងថ​តូក្យូ​ទៅ​សួរ​នាំ។

ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តីសម្រេច​របស់​តុលាការ​ក្រុង​សេអ៊ូល រដ្ឋាភិបាល​ជប៉ុន​ត្រូវ​បង់ប្រាក់​ជំងឺ​ចិត្ត​ឲ្យ​ស្រ្តីរងគ្រោះ​ផ្លូវភេទ​ទាំង ១២នាក់​ក្នុង​ម្នាក់ៗ​ចំនួន ១០០លាន​វន ពោល​ស្មើ​នឹង​ជិត ៧៥ ០០០អឺរ៉ូ។ តុលាការ​ក្រុង​សេអ៊ូល​យល់​ថា ការ​ដែល​ទាហាន​ជប៉ុន​ក្នុង​សម័យ​សង្រ្គាមលោកលើកទី២ បាន​បង្ខំ​ឲ្យ​ស្រ្តី​កូរ៉េខាងត្បូង​បម្រើ​ផ្លូវ​តណ្ហា​របស់​ខ្លួន​ជា​ទង្វើ​ខុសច្បាប់​ដែល​ប្រឆាំង​មនុស្សជាតិ និង​ដែល​អ្នក​ទទួល​ខុស​ត្រូវ​ចាំ​បាច់​ត្រូវ​សងជំងឺចិត្ត​ដល់​ជនរងគ្រោះ។ បើ​តាម​ក្រុម​អ្នក​ប្រវត្តិសាស្រ្ត មាន​ស្រ្តី​ដល់​ទៅ ២០០ ០០០នាក់​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​កូរ៉េ និង​ជនជាតិ​អាស៊ី​ផ្សេង​ទៀត​ដូច​យ៉ាង​ចិន​ត្រូវ​បាន​ទាហាន​ជប៉ុន​បង្ខំ​ឲ្យ​ធ្វើ​ជា​ស្រ្តី​បម្រើ​ផ្លូវភេទ​ក្នុង​សម័យ​សង្រ្គាមលោកលើក​ទី២ ពោល​ក្នុង​សម័យ​ដែល​ឧបទ្វីបកូរ៉េ​បាន​ស្ថិត​ក្រោម​អាណានិគមនិយម​ជប៉ុន​ពី​ឆ្នាំ ១៩១០ ដល់​ឆ្នាំ ១៩៤៥។

ជប៉ុន​តាម​រយៈ​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស​បាន​ថ្កោលទោស​លើ​ការ​សម្រេច​របស់​តុលាការ​កូរ៉េខាងត្បូង និង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​ក្រុង​តូក្យូ​ទៅ​សួរនាំ។ តាម​រដ្ឋាភិបាល​ក្រុង​តូក្យូ ជម្លោះ​សល់​ពី​សម័យសង្រ្គាមលោកលើកទី២ មួយ​នេះ​ត្រូវ​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​តាម​រយៈ​សន្ធិសញ្ញា​ឆ្នាំ ១៩៦៥។ តែ​មេធាវី​ម្នាក់​នៃ​ក្រុម​ស្រី្តរងគ្រោះ​បាន​អះអាង​ថា សន្ធិសញ្ញា​ឆ្នាំ ១៩៦៥ មិន​បាន​និយាយ​ពី​សំណុំរឿង​ទាសករ​ផ្លូវភេទ​ទេ។ ដោយឡែក​កាល​ពី​ឆ្នាំ ២០១៥ ជប៉ុន និង​កូរ៉េខាងត្បូង​ក្នុង​ជំនាន់​ប្រធានាធិបតី​លោកស្រី Park Geun-Hey បាន​ព្រមព្រៀង​លើ​កិច្ចព្រមព្រៀង​មួយ។ នៅ​ក្នុង​កិច្ចព្រមព្រៀង​កាល​ណោះ ជប៉ុន​យល់ព្រម​សុំទោស​ដោយ​ស្មោះស្ម័គ្រ និង​ផ្តល់​លុយ​សងជំងឺ​ចិត្ត​ចំនួន ៧លានអឺរ៉ូ​ទៅ​ឲ្យ​មូលនិធិ​ដើម្បី​ចាត់ចែង​ជួយ​ស្រ្តីរងគ្រោះ​ផ្លូវភេទ​ដែល​កំពុង​មាន​ជីវិត។

តែ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ នេះ ត្រូវ​បាន​ប្រធានាធិបតី​លោក​មូន ចៃអ៊ីន​ទុក​ជា​មោឃៈ​នៅ​ពេល​លោក​ចូល​កាន់​តំណែង​ដោយ​លោក​យល់​ថា ស្រ្តីរងគ្រោះ​មិន​ត្រូវ​បាន​គេ​ហៅ​ឲ្យ​ចូលរួម​នៅ​ក្នុង​កិច្ចចរចា​ទេ។ គួរ​បញ្ជាក់​ថា ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក និង​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ពី​កូរ៉េខាងជើង​ដូច​គ្នា ជប៉ុន​បាន​បដិសេធ​ពី​ការ​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​លើ​សំណុំរឿង​ទាសករ​ផ្លូវភេទ​នេះ។ រដ្ឋាភិបាល​ក្រុង​តូក្យូ​ចាត់​ទុក​ថា រដ្ឋ ឬ​ប្រទេស​មួយ​មិន​អាច​ទទួល​ការ​កាត់ទោស​ដោយ​តុលាការ​បរទេស​ណា​មួយ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI