ចិន-សហដ្ឋអាមេរិក

ប៉េកាំង​បង្កើត​យន្តការការពារ​ក្រុមហ៊ុន​ចិន ដែល​រងគ្រោះ​ដោយ​ការអនុវត្ត​ច្បាប់​មិន​យុត្តិធម៌ នៅបរទេស

ទៅតាម​បញ្ជា​របស់​លោកដូណាល់ ត្រាំ ទីផ្សារ​ភាគហ៊ុន​អាមេរិក​គ្រោង​នឹង​ដក​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​ចេញពី​ទីផ្សារ​ភាគហ៊ុន​នៅទីក្រុង​ញូវយ៉ក
ទៅតាម​បញ្ជា​របស់​លោកដូណាល់ ត្រាំ ទីផ្សារ​ភាគហ៊ុន​អាមេរិក​គ្រោង​នឹង​ដក​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​ចេញពី​ទីផ្សារ​ភាគហ៊ុន​នៅទីក្រុង​ញូវយ៉ក AP - Mark Schiefelbein

ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​ប្រកាស​អនុវត្ត​វិធានការ​ថ្មី នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី ប្រឆាំង​ទប់ទល់​នឹង​ប្រទេស​ណា ដែល​អនុវត្ត​ច្បាប់ ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ ទៅលើ​ក្រុមហ៊ុន​ចិន នៅ ទឹកដី បរទេស។ ចំណាត់ការ​ថ្មី​របស់​ទីក្រុង​ប៉េកាំង ធ្វើឡើង បន្ទាប់​ពីអាមេរិក បាន​ចាត់វិធានការ ជាបន្តបន្ទាប់ ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន ដែល​អាមេរិក​ចោទថា បានធ្វើការបម្រើផលប្រយោជន៍​ឲ្យ​កងទ័ព​ចិន។

ផ្សាយពាណិជ្ជកម្ម

ចិន​បាន​បង្កើត​ច្បាប់​ថ្មី ប្រឆាំង​នឹង​ការអនុវត្ត មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​បរទេស នៅបន្ទាប់​ពី ក្រុមហ៊ុន​ចិន​កាន់តែ​ច្រើន ប្រឈម​នឹង​ការដាក់សម្ពាធ នៅ បរទេស ជាពិសេស នៅទឹកដីអាមេរិក។ សម្រាប់​ក្រសួង​ពាណិជ្ជកម្ម វិធានការ​ថ្មី មាន​គោលដៅ​ការពារ​សិទ្ធិ ស្របច្បាប់ ហើយនិង​ប្រយោជន៍​របស់​ក្រុមហ៊ុន ជនជាតិចិន និង​ប្រទេស​ចិន។

ករណី​ហាមឃាត់​មិន​ឲ្យ​ក្រុមហ៊ុន​Huawei ចូល​ក្នុងទីផ្សារ​អាមេរិក គឺ​ជា​ឧទាហរណ៍​ស្រាប់។ នៅ​ខែវិច្ឆិកា​កន្លងទៅ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅ បាន​ហាមឃាត់​មិន​ឲ្យ​ប្រជាជនអាមេរិក វិនិយោគ​ក្នុង​ក្រុមហ៊ុន​ចិន ដែល អាច​ផ្គត់ផ្គង់ ឬ​គាំទ្រ​ផលប្រយោជន៍​របស់​កងទ័ព​ចិន។ នៅ​ខែនេះ លោក​ដូណាល់ ត្រាំ ធ្លាប់ បាន​ចេញ​បញ្ជា​ហាម​មិន​ឲ្យ​គេ​អាចផ្ទេរ​លុយ ទៅ​កាន់​កម្មវិធី​ទាំងឡាយ​ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចិន។

ទៅ​តាម​ច្បាប់ថ្មី ដែល​ត្រូវ​ចូល​ជាធរមាន ចាប់ពី​ថ្ងៃ​សៅរ៍នេះ គេ​នឹង​បង្កើត​យន្តការ​ពិសេស​មួយ ដើម្បី​ទប់ទល់ វាយបក​វិញ នឹង​ច្បាប់ បរទេស ឬ វិធានការ​ណា ដែល អនុវត្ត​ដោយ​មិនត្រឹមត្រូវ មិន​យុត្តិធម៌​ពី​សំណាក់​រដ្ឋាភិបាល​បរទេស ទៅលើ​ក្រុមហ៊ុន​ចិន។ ជាក់ស្តែង ជនជាតិ​ចិន ឬ​ក្រុមហ៊ុន​ចិន ត្រូវ​រាយការណ៍ ដាក់ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​ចិន នៅក្នុង​រយៈពេល ៣០​ថ្ងៃ​ដែល​ខ្លួន​ត្រូវប្រឈម​នឹងច្បាប់​បរទេស ដែល​មាន​ន័យរារាំង​មិន​ឲ្យ​ក្រុមហ៊ុន​ចិន​អាច​ធ្វើ​ជំនួញ ប្រកួតប្រជែង ដោយ​ស្មើភាព។ បើសិន ក្រុមតាមដាន​របស់​ចិន វាយតម្លៃថា ក្រុមហ៊ុន​ចិន ពិតជា​រងគ្រោះ​ដោយសារ​ច្បាប់​បរទេស​មែន នោះ ចិន​នឹង​ចាត់វិធានការ​ទាត់ចោល ការអនុវត្ត​ច្បាប់​បរទេស​លើក្រុមហ៊ុន​ចិន។ មួយវិញទៀត ទៅតាម​យន្តការ​ខាងលើ រដ្ឋាភិបាល​ចិន​នឹង​ជួយ​បុគ្គល ក្រុមហ៊ុន​ដែល​រងគ្រោះ ខាតបង់ ដោយសារ តែ​ការអនុវត្ត​ច្បាប់ នៅទឹកដី បរទេស។

ប៉ុន្តែ ក្នុង​ករណី​ដែល​ក្រុមហ៊ុន​ចិន ខកខាន មិន​បានរាយការណ៍ ភាពពិតជាក់ស្តែង ឬ​មិន​គោរព ធ្វើតាម​យន្តការ​ថ្មី នោះ ពួកគេ​នឹង​ត្រូវ​រង​ការព្រមាន ឬការបង់ប្រាក់ពិន័យ ទៅឲ្យ​អាជ្ញាធរ​ចិនវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI