យន្តហោះ ប៊ូអ៊ីង ៧៣៧ របស់​ក្រុមហ៊ុន​ហោះហើរ​ឥណ្ឌូណេស៊ីត្រូវ​គេ​​សង្ស័យ​ថា ធ្លាក់ ទៅក្នុង​សមុទ្រ

ទាហាន​ឥណ្ឌូណេស៊ី នៅ ព្រលានយន្តហោះអន្តរជាតិ បន្ទាប់​ពី យន្តហោះប៊ូអ៊ីង​របស់​ក្រុមហ៊ុន​Sriwijaya ជើងហោះហើរ  SJ182 បា​ន​បាត់​ខ្លួន​ពី រ៉ាដា ក្រោយហោះចេញពីហ្សាកាតា បាន​៤នាទី កាលពី​ថ្ងៃ​សៅរ៍ទី ៩ មករា ២០២១
ទាហាន​ឥណ្ឌូណេស៊ី នៅ ព្រលានយន្តហោះអន្តរជាតិ បន្ទាប់​ពី យន្តហោះប៊ូអ៊ីង​របស់​ក្រុមហ៊ុន​Sriwijaya ជើងហោះហើរ SJ182 បា​ន​បាត់​ខ្លួន​ពី រ៉ាដា ក្រោយហោះចេញពីហ្សាកាតា បាន​៤នាទី កាលពី​ថ្ងៃ​សៅរ៍ទី ៩ មករា ២០២១ REUTERS - WILLY KURNIAWAN

យន្តហោះ​របស់​ក្រុមហ៊ុន​ក្នុងស្រុក​ឥណ្ឌូណេស៊ី​មួយ​គ្រឿង ឈ្មោះ Sriwijaya Air ដែល​មាន​ដឹក​មនុស្ស ៦២នាក់ បាន​បាត់ខ្លួន​ពីរ៉ាដា នៅក្រោយ​ហោះចេញ​ពី​ទីក្រុង​ហ្សាកាតា កាលពី រសៀល​ថ្ងៃ​សៅរ៍ម្សិលមិញ ។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ដែល​បារម្ភ​ខ្លាច​ថា យន្តហោះ ប៊ូអ៊ីង ៧៣៧ ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកសមុទ្រ បាន​បញ្ជូន​កប៉ាល់ ចម្បាំង និងអ្នកមុជទឹក​ទៅក្នុង​តំបន់​ទឹក ជាទី​យន្តហោះ បាន​បាត់សញ្ញា​ពី​រ៉ាដា​របស់​អគារ ត្រួតពិនិត្យ​អាកាសចរណ៍​ឥណ្ឌូណេស៊ី។

ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ប៊ូអ៊ីង ៧៣៧ របស់​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​Sriwijaya Air ដែលមាន​ដឹកអ្នកដំណើរ ៥០នាក់ និង​បុគ្គលិក​លើយន្តហោះ ១២​នាក់ បាន​បាត់ខ្លួន​ពីរ៉ាដា នៅក្រោយ​ហោះចេញពី​ទីក្រុង​ហ្សាកាតា បាន​៤នាទី។

យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Sriwijaya Air បាន​ហោះចេញ​ពី​ទីក្រុង​ហ្សាកាតា នៅពេល​រសៀល​សំដៅ ទីក្រុង Pontianak របស់​កោះបរណេអូ ដោយ​ហោះកាត់​សមុទ្រ​កោះ១ពាន់ ក្បែរ​ក្រុង​ហ្សាកាតា។ ប៉ុន្តែ តាម​ទិន្នន័យ​របស់​វិបសៃតិ៍ ឈ្មោះ FlightRadar 24 បន្ទាប់​ពី ហោះ​បាន​៤នាទី ដល់​​កំពស់ ជាង ៣ពាន់​ម៉ែត្រ យន្តហោះ ស្រាប់​បាន​ធ្លាក់ចុះ​កំពស់ មក​ត្រឹម ៧៦ម៉ែត្រ​ពីដី ក្នុង​រយៈពេល​១​នាទី ហើយ​និង​បាន​បាត់ខ្លួន​ពីរ៉ាដា។

តាម​អ្នកនាំពាក្យ​របស់ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី អ្នកធ្វើដំណើរ​ទាំងអស់​ជា​ជនជាតិ​ឥណ្ឌូណេស៊ី។ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ក្រុមជួយសង្រ្គោះបន្ទាន់ រួមទាំង​កប៉ាល់ចម្បាំង ជាច្រើន​ត្រូវ​បាន​បញ្ជូន​ទៅកាន់​តំបន់​ដែល​យន្តហោះបាន​បាត់ខ្លួន​ពីរ៉ាដា។ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ដដែល ទូរទស្សន៍​ក្នុង​ស្រុក​ឥណ្ឌូណេស៊ី​បាន​ដកស្រង់​សំដី​របស់​អ្នកនេសាទ​ដែល​អះអាងថា ពួកគេ​បាន​រកឃើញ បំណែក​យន្តហោះ នៅក្បែរ​ឆ្នេរ ហ្សាកាតា ប៉ុន្តែ អាជ្ញាធរ​ឥណ្ឌូណេស៊ី ក៏ដូចជា ក្រុមហ៊ុន Sriwijaya Air នៅមិនទាន់​អះអាង ព័ត៌មាន​ជាផ្លូវការណាមួយ​ទាក់ទង​នឹង​បំណែក​យន្តហោះ ដែល​អ្នកនេសាទ​រកឃើញ​នោះទេ។

នៅ ក្នុង​សន្និសីទ កាសែត កាលពី ថ្ងៃ​សៅរ៍ ប្រធាន​ក្រុមហ៊ុន អាកាសចរណ៍ Sriwijaya Air​បាន​អះអាងថា ក្រុមហ៊ុន​កំពុង​ស៊ើបអង្កេត និង​ថា យន្តហោះ ប៊ូអ៊ីង ៧៣៧ មាន​លក្ខខណ្ឌ​ល្អ ប្រសើរ នៅមុនពេល​ហោះចេញពី​អាកាសយានដ្ឋាន។

តាម​វិបសៃតិ៍​របស់​ FlightRadar 24 យន្តហោះ​ដែល​បានខ្លួន មានអាយុ ២៦ឆ្នាំ។ ក្រុមហ៊ុន Sriwijaya Air ជា​ក្រុមហ៊ុន​ហោះហើរ​ធុនថោក Low cost ធំទី​៣ នៅ ឥណ្ឌូណេស៊ី។ ក្នុង​មួយសប្តាហ៍ៗ ក្រុមហ៊ុន​ Sriwijaya Air​ដឹកអ្នកដំណើរ​ជាង ៩សែននាក់ ទៅកាន់​ទិសដៅ​ចំនួន ៥៨ នៅ​ឥណ្ឌូណេស៊ី និង​ទៅកាន់ ៣ទិសដៅ នៅ​ប្រទេស​ក្នុង​តំបន់។

គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​ថ្ងៃ​សៅរ៍ ជា​មហន្តរាយ​ថ្មី​មួយ​សម្រាប់​ឧស្សាហកម្ម​ហោះហើរ​របស់​ឥណ្ឌូណេស៊ី ដែលឧស្សាហ៍​​ជួបប្រទះ គ្រោះថ្នាក់ ធ្លាក់យន្តហោះ នៅ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ នៅ​ឆ្នាំ ២០១៨ យន្តហោះ​ប៊ូអ៊ីង​របស់​ក្រុមហ៊ុន Lion Air ដែល​ដឹកអ្នកដំណើរ និង​បុគ្គលិកយន្តហោះ ចំនួន ១៨៩នាក់ បាន​ធ្លាក់ ផ្ទុះ​ក្នុង​សមុទ្រ បន្ទាប់ពីហោះបាន​១២នាទី។ នៅ​ឆ្នាំ ២០១៤ យន្តហោះ​របស់​ក្រុមហ៊ុន Air Asia ហោះពីឥណ្ឌូណេស៊ី ទៅ សិង្ហបុរី បាន​ផ្ទុះធ្លាក់សម្លាប់​មនុស្ស​១៦២នាក់។ ក្រុមស៊ើបអង្កេត​សន្និដ្ឋាន ថា គឺ​កំហុស​របស់​មនុស្ស និង​បញ្ហា​បច្ចេកទេស​ដែល​ធ្វើ​ឲ្យ​យន្តហោះ​ធ្លាក់​នៅ ឥណ្ឌូណេស៊ី។

ដោយសារ​បញ្ហា សុវត្ថិភាព និង​អាយុកាល​របស់​យន្តហោះ ក្រុមហ៊ុន​ហោះហើរ​របស់​ឥណ្ឌូណេស៊ី​មួយចំនួន ត្រូវ​បាន​អឺរ៉ុប និង​អាមេរិក​ ដាក់​ក្នុង​បញ្ជី​ហាមឃាត់​របស់ខ្លួន។

ក្រុមហ៊ុន​ហោះហើរ Sriwijaya Air ទើប​តែត្រូវ​សហភាព អឺរ៉ុប ដកចេញ​ពី បញ្ជីខ្មៅ នៅ ឆ្នាំ ២០១៨ បន្ទាប់​ពី​ស្ថិតក្នុង​បញ្ជី​របស់​ក្រុមហ៊ុន​ហោះហើរ ដែល​អឺរ៉ុប​ហាមឃាត់ អស់ រយៈពេល ១១​ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI