កូរ៉េខាងជើង-សហរដ្ឋអាមេរិក

លោកគីម ជុងអ៊ុន​នៅតែ​ចាត់ទុកអាមេរិក ជា​សត្រូវ​ធំបំផុត​របស់​កូរ៉េខាងជើង

មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន ថ្លែងនៅក្នុង​មហាសន្និបាត​គណបក្ស​ពលករ របស់កូរ៉េខាងជើង នៅទីក្រុង​ព្យុងយ៉ាង នៅថ្ងៃទី ៨​មករា ២០២១
មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន ថ្លែងនៅក្នុង​មហាសន្និបាត​គណបក្ស​ពលករ របស់កូរ៉េខាងជើង នៅទីក្រុង​ព្យុងយ៉ាង នៅថ្ងៃទី ៨​មករា ២០២១ via REUTERS - KCNA

មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន បាន និយាយ​ថា អាមេរិក​គឺ​ជា​សត្រូវ​ធំបំផុត​របស់​កូរ៉េខាងជើង។ សម្រាប់​មេដឹកនាំ​កូរ៉េខាងជើង ទោះជា​មានការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ នៅអាមេរិក ប៉ុន្តែ ធម្មជាតិ​នយោបាយ​ប្រឆាំង​កូរ៉េខាងជើង​របស់​អាមេរិក​ មិន​ផ្លាស់ប្តូរ​នោះទេ។ ថ្លែង​នៅក្នុង​មហាសន្និបាត​គណបក្ស​ពលករ កូរ៉េខាងជើង ដែល​បាន​បិទបញ្ចប់ កាលពី​ថ្ងៃ​សុក្រម្សិលមិញ លោកគីម ជុងអ៊ុន​បាន​ថ្លែង​ផង​ដែរ​ថា ប្រទេស​របស់លោក​បាន​ចាប់ផ្តើម​ផែនការ ផលិត​នាវាមុជទឹក នុយក្លេអ៊ែរ ហើយនិង​បច្ចេកវិទ្យា​យោធា​ផ្សេងទៀត។ 

ផ្សាយពាណិជ្ជកម្ម

នៅ​២សប្តាហ៍ ទៀត លោក ចូ បៃដិន នឹង​ស្បថចូល​កាន់តំណែង​ជា​ប្រធានាធិបតី ទី​៤៦​របស់សហរដ្ឋអាមេរិក។ ប៉ុន្តែ មេដឹកនាំ​កូរ៉េខាងជើង បាន​ថ្លែង​សារ អរិភាព​រួចទៅហើយ សម្រាប់​អនាគត រដ្ឋបាល​អាមេរិក​ថ្មី ដោយ​បញ្ជាក់​ថា អាមេរិក​ជា​សត្រូវ​ធំបំផុត​របស់​កូរ៉េខាងជើង។

សម្រាប់​លោក​គីម ជុងអ៊ុន មិនថា អ្នកណា​ជា​កាន់អំណាច​នៅ​អាមេរិក ធម្មជាតិ​នយោបាយ​ប្រឆាំង​នឹង​កូរ៉េខាងជើង នឹង​មិនផ្លាស់ប្តូរ។ ដូច្នេះ កូរ៉េខាងជើង​គួរ​តែ​ផ្តោត និង​អភិវឌ្ឍខ្លួន ដើម្បី​ធ្វើ​វិទ្ធង្សា​ប្រឆាំង​អាមេរិក ដែល​ជា​ឧបសគ្គធំ សម្រាប់ បដិវត្តន៍​កូរ៉េខាងជើង។ នេះ​ជា​ប្រសាសន៍​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក​គីមជុងអ៊ុន ដែលទីភ្នាក់ងារ ព័ត៌មាន​រដ្ឋ KCNA បាន​ដកស្រង់ យក​មកចុះផ្សាយ នៅថ្ងៃ​នេះ។

ជាការពិត អាមេរិក និង​កូរ៉េខាងជើង មិនដែល​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នានោះទេ។ នៅក្រោម​រដ្ឋបាល​លោកដូណាល់ ត្រាំ ប្រទេស​សត្រូវ​ទាំងពីរ បាន​បង្កើត​ជំនួបកំពូល ជា​ប្រវត្តិសាស្រ្ត ដល់​ទៅ​២លើក នៅ សិង្ហបុរី និង​នៅ​វៀតណាម ដើម្បី ទាមទារ​ឲ្យ​កូរ៉េខាងជើង លះបង់​ចោល កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ ជាថ្នូរ​នឹង​ការលុបចោល ទណ្ឌកម្ម​សេដ្ឋកិច្ច។ ប៉ុន្តែ ការចរចា​រវាង​ភាគីទាំងពីរ នៅតែ​ជាប់គាំង រហូតមក។ សម្រាប់អ្នកជំនាញ នៃ​វិទ្យាស្ថាន​សម្រាប់​ប្រយោជន៍ជាតិ ជាមួយ​នឹង​ការចូលកាន់អំណាច​របស់​លោកចូ បៃដិន នៅ អាមេរិក មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន​មើល​មិនឃើញ ការចម្រើន​ទៅមុខ នៅក្នុង​ការចរចា​អាមេរិក និង​កូរ៉េខាងជើងនោះទេ។

ម្យ៉ាង លោក​គីម ជុងអ៊ុន ធ្លាប់​បាន​ហៅ លោក​ចូ បៃដិន ថា ជាឆ្កែឆ្កួត ដែលគេ​ត្រូវ​វាយសម្លាប់ ចំណែក​លោក​ចូ បៃដិន ធ្លាប់​បាន​និយាយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លងមក ដោយ​ចាត់ទុក មេដឹកនាំ​កូរ៉េខាងជើង ថា ជា​មនុស្ស​ពាល។ ម្យ៉ាងទៀត លោក​ចូ បៃដិន ប្រាកដ​ជា​នឹង​ត្រលប់​ទៅ ប្រើ​នយោបាយ​ចាស់ ដូច​លោក​ធ្លាប់​អនុវត្ត កាលនៅធ្វើ​ជា​អនុប្រធានាធិបតី កាលពី ៨ឆ្នាំមុន ពោល​គឺជំរុញ ព្យាយាម ការចរចា នៅថ្នាក់ជំនាញ ឲ្យ​បាន​ចេញ​ជា​លទ្ធផល ទើប​បង្កើត​ឲ្យមាន​ការចរចា នៅក្នុង​ជំនួបកំពូល​របស់​មេដឹកនាំ​ប្រទេស​ទាំងពីរ។

បើតាម​អ្នកជំនាញ លោក​គីម ជុងអ៊ុន បាន​មើលឃើញ រួចទៅហើយ ចំណុច​គាំងស្ទះ ដែល​នឹងធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ អាច​ចរចា ចុះសម្រុង​នឹង​គ្នា។ នៅក្នុង​មហាសន្និបាត លើកទី​៨​នៃ​បក្ស​កុម្មុយនិស្ត​ពលករ កូរ៉េខាងជើង កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ លោក គីម ជុងអ៊ុន​បាននិយាយ​ផងដែរថា កូរ៉េខាងជើង កំពុង​រចនា​ប្លង់ សម្រាប់​សាងសង់​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។ លើសពីនោះ កូរ៉េខាងជើង​កំពុង​ស្រាវជ្រាវ​លើ​បច្ចេកវិទ្យាដទៃទៀត ដើម្បី​អាច​ផលិត​ផ្កាយរណបយោធា មីស៊ីល​ដែល​ហោះលឿនជាង​សំឡេង ហើយនិង​ក្បាលគ្រាប់ផ្សេងទៀត។ គេជឿថា បើសិន​កូរ៉េខាងជើង អាច​សម្រេច​ផលិត​នាវាមុជទឹក និង​សព្វាវុធ​ដែលរៀបរាប់ខាងលើ​បានមែន នោះ ក្រុង​ព្យុងយ៉ាង​នឹង​អាច​នាំមីស៊ីល​របស់ខ្លួន ចូល​កាន់តែ ជិត ទៅ​គំរាម​ទឹកដី អាមេរិក ដោយគ្មានទុកពេល​ច្រើន​ឲ្យ​អាមេរិក​អាច​ត្រៀមខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI