ចិន-កូវីដ១៩

មួយ​ឆ្នាំ​ក្រោយ​សម្លាប់​មនុស្ស​ដំបូង​នៅ​ចិន​ កូវីដ១៩​នៅ​តែ​ជា​ជំងឺ​​ដែល​បន្ត​លង​បន្លាច​ពិភពលោកខ្លាំង

រូបថតឯកសារនេះត្រូវបានថតនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២០ នៅពេលដែលបុគ្គលិកពេទ្យចិនបំពេញបេសកកម្មជួយទប់ស្កាត់ការរីករាលដាលកូវីដនៅក្នុងទីក្រុងវូហាន។
រូបថតឯកសារនេះត្រូវបានថតនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២០ នៅពេលដែលបុគ្គលិកពេទ្យចិនបំពេញបេសកកម្មជួយទប់ស្កាត់ការរីករាលដាលកូវីដនៅក្នុងទីក្រុងវូហាន។ AFP/Archivos
ដោយ៖ អ៊ុង គឹមអ៊ាន់
១៨ នាទី

ថ្ងៃទី១១​ មករា​ ឆ្នាំ​២០២១​ ​គឺជា​ថ្ងៃ​គម្រប់​ខួប​មួយ​ឆ្នាំ​ដែល​អាជ្ញាធរ​ក្រុង​ប៉េកាំងបាន​ប្រកាស​ពី​ករណី​ស្លាប់​ដំបូង​គេ​បង្អស់​បង្កឡើង​ដោយ​ជំងឺ​កូវីដ​។ ជនរងគ្រោះ​ដែល​ស្លាប់គឺជា​បុរស​វ័យ​ ៦១ ឆ្នាំ​ និង​ជា​អ្នក​ដែល​ធ្លាប់​បាន​ទៅ​ផ្សារ​លក់​សាច់ព្រៃ​មួយ​កន្លែង​ក្នុង​ទីក្រុង​វូហាន​ដ៏ល្បាញល្បី​ញឹកញាប់​។ រយៈពេល​មួយឆ្នាំ​កន្លង​ហួស​ទៅហើយ​ ប៉ុន្តែមេរោគ​កូរ៉ូណាថ្មី​នៅតែ​បន្ត​វាយ​លុកលុយ​សកល​លោក​ខ្លាំង ជាពិសេស​នៅក្នុង​សហរដ្ឋអាមេរិក​ ឥណ្ឌា​ ប្រេស៊ីល​ និង​អឺរ៉ុប​។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី១១​ មករា​ ឆ្នាំ​២០២០​ កូវីដ១៩ ​បាន​សម្លាប់​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​នៅចិន​។ ក៏ប៉ុន្តែ​ មក​ទល់​នឹង​ថ្ងៃទី១១ មករាឆ្នាំ២០២១នេះ​ ជំងឺ​ឆ្លង​រាត​ត្បាត​ដ៏​កាច​សាហាវ​នេះ​​បាន​សម្លាប់​មនុស្ស​នៅ​ទូទាំង​ពិភព​លោក​ចំនួន​ជិត​ ២​លាន​នាក់​ និង​បាន​ចម្លង​ទៅ​ដល់​មនុស្ស​ជាង​ ៩០​លាន​នាក់។

រយៈពេល​១​ឆ្នាំ​ បាន​កន្លង​ផុត​ទៅ​ក៏​ពិត​មែន​ តែ​មេរោគ​កូរ៉ូណា​ថ្មី​នៅ​តែ​ជា​សត្រូវ​ដ៏​ខ្លាំងក្លា​ដែល​គេ​មិន​អាច​គ្រប់គ្រង​វា​បាន​នៅ​ទូទាំង​សកល​លោក​។ កូវីដ១៩​ បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​សិប​លាន​នាក់​ធ្លាក់​ខ្លួន​ឈឺ​ បង្ក​ជា​វិបត្តិ​សុខាភិបាល​ និង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដោយសារ​តែ​វិធានការ​បិទ​ខ្ទប់​ប្រទេស​របស់​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​នានា​។

ជំងឺ​កូវីដ​១៩​ នៅ​បន្ត​ចម្លង​ទៅ​មនុស្ស​រាប់​សែន​នាក់​ និង​សម្លាប់​មនុស្ស​ច្រើន​ពាន់​នាក់​ជា​រៀង​រាល់ថ្ងៃ​។ បើទោះជា​បែបនេះ​ក្តី​ ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ថា​ គេ​ទំនងជា​មិន​អាច​ស្វែង​រក​ឃើញ​ចម្លើយ​ទាក់ទង​នឹង​ប្រភពដើម​នៃ​វីវុសកូវីដ​ឡើយ​។ មិនអាច​ពីព្រោះថា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​អ្នក​ជំនាញ​អង្គការ​សុខភាព​ពិភព​លោក​ ក្នុងការ​ស៊ើប​អង្កេត​ស្វែង​រក​ប្រភព​ដើម​នៃ​កូវីដ​ នៅចិន​ ហាក់​ស្ថិត​នៅ​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​ ដោយ​អ្នក​ជំនាញ​ខ្លះ​នៅ​មិន​ទាន់​ទទួល​បាន​ទិដ្ឋាការ​ចាំ​បាច់​សម្រាប់​ចូល​ទឹក​ដី​ចិនផង​ បើទោះ​ជា​ដល់ថ្ងៃ​ត្រូវបំពេញ​បេសកកម្ម​ទៅ​ហើយ​ក្តី​។

ប្រទេស​ចិន​ដែល​អាច​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​កូវីដ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅក្នុង​ទឹកដី​ខ្លួន​ និង​ដែល​យល់ព្រមឲ្យ​មាន​ការអង្កេត​ឯករាជ្យ​ទៅហើយ​នោះ ​នៅតែ​រារាំង​ក្រុម​អ្នក​ជំនាញ​មិនឲ្យ​អាច​តាមដាន​រក​ដោយ​រលូន​នូវ​ប្រភព​ដើម​កូវីដ​ និង​អាច​ស្វែង​រក​ចម្លើយ​ថាតើ​មេរោគ​កូរ៉ូណាថ្មី​ អាច​ចម្លង​ចេញពី​សត្វ​ទៅ​មនុស្ស​បាន​តាម​របៀបណា​។

រហូតមកទល់នឹងពេលនេះ មានការខ្វែងគំនិតគ្នាខ្លះ ទាក់ទិននឹង​មូលហេតុនៃការផ្ទុះឡើង​ដំបូងនៃជំងឺកូវីដ១៩។ កន្លងមក ក្រុម​អ្នក​ជំនាញ​ធ្លាប់​បាន​សន្និដ្ឋាន​ថា មេរោគ​កូវីដ​ដែល​ផ្ទុះ​ឡើង​ដំបូង​នៅ​ប្រទេស​ចិន ក្នុងខែ​ធ្នូ ឆ្នាំ ២០១៩​ មាន​ប្រភព​ចេញមកពី​ផ្សារត្រី​ ដែល​មាន​លួច​លក់​ផង​ដែរសាច់​សត្វព្រៃ​ខុសច្បាប់​ ហើយ​សត្វ​ពង្រូល​គឺជា​សត្វ​អន្តរការី​ដែល​អាច​ចម្លង​មេរោគ​កូរ៉ូណាពី​សត្វ​ប្រចៀវ​ទៅ​មនុស្ស​។

យ៉ាងណាក៏ដោយ​ មាន​ការ​លើកឡើង​ផ្សេង​ជា​បន្តបន្ទាប់​ដោយ​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ ថា​ មេរោគ​នេះ​ បាន​ធ្លាយ​ចេញ​ពី​មន្ទីរពិសោធន៍​មេរោគ​មួយ​កន្លែង​ នៅ​ទីក្រុង​វូហាន​។ កាល​ពី​ខែ​ឧសភា​ ឆ្នាំ២០២០​ លោក​រដ្ឋ​មន្ត្រីការ​បរទេស​អាមេរិក​ ម៉ៃក៏​ ប៉ុមប៉េអូ​ ធ្លាប់​បាន​អះអាងថា​គេ​មាន​ភស្តុតាង​ជាក់​ច្បាស់​ជាច្រើន​ដែល​បញ្ជាក់​ថាមេរោគ​កូរ៉ូណា​ថ្មី​បាន​ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​សិក្សា​មេរោគ​របស់​ចិន​នៅក្នុងទី​ក្រុងវូហានពិតមែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI