ឥណ្ឌូណេស៊ី-គ្រោះថ្នាក់ធ្លាក់យន្តហោះ

ឥណ្ឌូណេស៊ី​រក​ឃើញ​បំណែក​សាក​សព​មនុស្ស​ក្រោយ​ការ​ធ្លាក់​យន្ត​ហោះ​របស់​ក្រុម​ហ៊ុនSriwijaya Air

ក្រុមអ្នកជំនាញមុជទឹកឥណ្ឌូណេស៊ីបានរកឃើញនិងស្រង់បានបំណែកសាកសពមនុស្ស សម្លៀកបំពាក់ ព្រមទាំងកម្ទេចកម្ទីផ្សេងទៀតពី ដែនទឹកស្ថិតក្នុងរដ្ឋធានីហ្សាការតានៅថ្ងៃអាទិត្យ ១០ មករានេះ។
ក្រុមអ្នកជំនាញមុជទឹកឥណ្ឌូណេស៊ីបានរកឃើញនិងស្រង់បានបំណែកសាកសពមនុស្ស សម្លៀកបំពាក់ ព្រមទាំងកម្ទេចកម្ទីផ្សេងទៀតពី ដែនទឹកស្ថិតក្នុងរដ្ឋធានីហ្សាការតានៅថ្ងៃអាទិត្យ ១០ មករានេះ។ REUTERS - WILLY KURNIAWAN
ដោយ៖ អ៊ុង គឹមអ៊ាន់
១៤ នាទី

ក្រុម​អ្នក​ជំនាញ​មុជ​ទឹក​ឥណ្ឌូណេស៊ី​ បាន​រក​ឃើញ​និង​ស្រង់​បាន​បំណែក​សាកសព​មនុស្ស​ សម្លៀក​បំពាក់​ ព្រមទាំង​កម្ទេចកម្ទី​ផ្សេងទៀត​ពី​ដែនទឹក​ស្ថិត​ក្នុង​រដ្ឋ​ធានី​ហ្សាការតា​របស់​​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​អាទិត្យ ១០ មករា​នេះ​។ ការ​រក​ឃើញ​ថ្មី​នេះ​គឺជា​សមិទ្ធផល​កើតចេញពី​ការ​ចាប់​បាន​សញ្ញា​នៃ​កម្ទេចកម្ទី​ផ្សេងៗ​របស់​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ បន្ទាប់ពី​យន្តហោះ​មួយ​​គ្រឿងដែលមាន​ផ្ទុក​អ្នក​ដំណើរ​សរុប​ ៦២ នាក់​របស់​ក្រុមហ៊ុន​ Sriwijaya Air​ ​បាត់​ខ្លួន​ក្រោយ​ហោះហើរ​បាន​បន្តិច​កាល​ពី​ម្សិលមិញ​។

ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ប៊ូអ៊ីង​ ៧៣៧-៥០០ មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ឥណ្ឌូណេស៊ី​ស្រីវីចាយ៉ា (Sriwijaya Air) បានជួប​ឧបទ្ទវហេតុ​ធ្លាក់​ចូល​ក្នុង​សមុទ្ទ​កាល​ពី​រសៀស​ថ្ងៃ​សៅរ៍​ម្សិលមិញ​ ក្រោយ​ហោះហើរ​ចេញ​ពី​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សូអេខាណូ-ហាតា​ (Soekarno-Hatta) នៃទីក្រុង​ហ្សាកាតាបាន ​៤​នាទី។​

មួយថ្ងៃ​ក្រោយ​គ្រោះថ្នាក់​ធ្លាក់យន្តហោះ​ អាជ្ញាធរ​ឥណ្ឌូណេស៊ី​អាច​ស្វែង​រក​ចាប់​បាន​យក​សញ្ញា​នៃ​យន្ដហោះ​និងបាន​បញ្ជូន​ភ្លាមៗ​នូវ​កប៉ាល់​ចម្បាំង​ព្រមទាំង​អ្នក​ជំនាញខាង​មុជ​ទឹក​ទៅកាន់​តំបន់នោះ​។

ក្រុម​អ្នក​មុជទឹក​បាន​រក​ឃើញ​បំណែក​កម្ទេទ​កម្ទី​ជាច្រើន​ដែល​ក្នុង​នោះ​មាន​ជា​អាទិ៍​បំណែកសាកសពមនុស្ស​ សម្លៀកបំពាក់​ព្រមទាំង​បំណែក​យន្តហោះ​នៅក្រោម​ទឹក​សមុទ្ទ​ដែល​មាន​ជម្រៅ​ប្រមាណ​ ២៣ ម៉ែត្រ​។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យដឹងពី​ខាង​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី​នៅថ្ងៃ​អាទិត្យនេះ​។

យ៉ាងណាក៏ដោយ​ គេនៅមិន​ដឹង​ច្បាស់នោះទេ​ថា​បំណែក​ដែល​រក​ឃើញ​ទាំងនោះ​គឺជា​របស់​បំណែក​យន្តហោះ​ប៊ូអ៊ីង​ ៧៣៧​របស់​ក្រុមហ៊ុន​Sriwijaya Air​ ឬ​យ៉ាងណា​។ មួយវិញទៀត អាជ្ញា​ធរ​ឥណ្ឌូណេស៊ី​ ក៏នៅមិន​ទាន់​បាន​បញ្ជាក់​ប្រាប់នៅ​ឡើយទេ​ថា​តើ​សញ្ញា​ដែលគេចាប់នោះ​ គឺជា​សំឡេង​និង​ទិន្នន័យ​របស់​យន្តហោះ​ក្រុមហ៊ុន​ Sriwijaya Air​ ដែល​ជួប​គ្រោះថ្នាក់​ធ្លាក់​កាល​ពី​ម្សិលមិញ​។

លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ ចូកូ វីដូដូ​ បាន​សម្តែង​នូវ​ការ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គ្រួសារ​ជន​រងគ្រោះ​ និង​បាន​អំពាវនាវ​ផងដែរ​ដល់​ប្រជាជាតិ​ឥណ្ឌូណេស៊ី​ឲ្យ​បួងសួង​រួមគ្នា​ដើម្បី​ឆាប់​រក​ឃើញ​ជន​រង​គ្រោះទាំងនោះ​។

គួរគួស​បញ្ជាក់​ជូនថា​ រហូត​មក​ទល់​នឹង​ពេលនេះ​ ភ្នាក់ងារ​ស្វែងរក​និង​ជួយ​សង្គ្រោះ​ឥណ្ឌូណេស៊ី​ ប្រមូល​បាន​បំណែក​សាកសព​ដាក់​ក្នុង​ថង់​ប្លាស្ទិក​ចំនួន​ ៥ និង​ប្រមូល​បាន​កម្ទេច​កម្ទី​ជាច្រើន​ផ្សេងទៀត​ពី​កន្លែង​ដែល​គេ​ជឿថា​យន្តហោះ​ធ្លាក់​។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ គ្មាន​សង្ឃឹម​នោះទេ​ថា​អ្នកដំណើរ​ណាម្នាក់​នៅលើ​យន្តហោះ​ដឹក​អ្នក​ដំណើរ​សរុប​ទាំងអស់​ ៦២ នាក់​របស់​ក្រុមហ៊ុន​Sriwijaya Air អាច​នៅ​រស់​រាន​មាន​ជីវិត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI