ឥណ្ឌូណេស៊ី-គ្រោះធ្លាក់យន្តហោះ

ឥណ្ឌូណេស៊ី​ខំ​ខ្នះ​ខ្នែង​ស្វែង​រក​ប្រអប់​ខ្មៅ​របស់​យន្ត​ហោះ​ដែល​ធ្លាក់

មន្ត្រីមកពីគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិឥណ្ឌូណេស៊ី ធ្វើការកំណត់អត្តសញ្ញាណនៃបំណែកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air នៅខាងជើងនៃទីក្រុងហ្សាការតានាថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១។
មន្ត្រីមកពីគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិឥណ្ឌូណេស៊ី ធ្វើការកំណត់អត្តសញ្ញាណនៃបំណែកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air នៅខាងជើងនៃទីក្រុងហ្សាការតានាថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១។ AFP - ADEK BERRY

ក្រោយ​អាច​កំណត់​ពី​ទី​តាំង​នៃ​ប្រអប់​ខ្មៅទាំងពីរ​របស់​យន្តហោះ​ដែលធ្លាក់​ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​ខាង​មុជ​ទឹក​ឲ្យទៅ​ស្វែង​រក​ប្រអប់​ខ្មៅ​ដោយ​មិន​បង្អង់​យូរ​ឡើយ​។ ចំណែក​ អ្នក​ស៊ើប​អង្កេត​ឥណ្ឌូណេស៊ី​ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ ទី​១១ មករា​ថា​ អ្នក​បើក​យន្ត​ហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ស្រីវីចាយ៉ា​ (Sriwijaya Air) មិន​បាន​ប្រកាស​ពី​ភាព​អាសន្ន​ ឬ​បញ្ហា​បច្ចេកទេស​ណាមួយនោះទេ​មុនពេល​ធ្លាក់​ចូល​សមុទ្ទ​​។

ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់ពេលនេះ​ ឥណ្ឌូណេស៊ី​នៅ​មិន​ទាន់​អាច​ស្វែង​រក​ឃើញពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​យន្ដហោះ​វ័យ​ ២៦ ឆ្នាំ​ខាងលើ​ ធ្លាក់​ចូល​ក្នុង​ទឹក​សមុទ្ទ​ក្រោយ​ហោះហើរ​ចេញ​ពី​ទី​ក្រុងហ្សាការតា​បាន​រយៈពេលតែ ៤ នាទី​នោះ។ ក៏ប៉ុន្តែ​ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​កំណត់​រកឃើញ​ទីតាំង​ប្រអប់​ខ្មៅទាំងពីរ​របស់​យន្តហោះ​ ហើយ​ក្រុម​អ្នកជំនាញ​មុជទឹក​កំពុង​ស្វែង​រក​ប្រអប់ខ្មៅយ៉ាង​សស្រាក់សស្រាំ​។

កំណត់​ត្រា​សន្ទនា​ជាមួយ​ក្រុម​បច្ចេកទេស​ត្រួត​ពិនិត្យ​ចរាចរណ៍​ផ្លូវ​អាកាស​ បាន​គូស​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​គ្នា​ជា​ធម្មតា។​ ប៉ុន្តែ​គេ​បានបាត់​ទំនាក់ទំនង​ពី​យន្តហោះ​ប៊ូអ៊ីង៧៣៧-៥០០ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ឥណ្ឌូណេស៊ី​​ នៅ​ពេល​​​ដែល​យន្តហោះ​បាន​ធ្លាក់​ចុះ​មកវិញក្នុងកម្ពស់​​​ប្រមាណ​ ៣ពាន់​ម៉ែត្រ​ក្នុង​រយៈពេល​តិចជាង​មួយនាទី​មុន​នឹង​ធ្លាក់​ចូល​ក្នុង​សមុទ្ទជ្វា។

លោក​នួរកាយូ អ៊ុតូម៉ូ​ (Nurcahyo Utomo) អ្នក​ស៊ើបអង្កេត​ម្នាក់​របស់​គណៈកម្មាធិការ​គ្រប់គ្រង​ផ្នែក​សុវត្ថិភាព​ដឹក​ជញ្ជូន​ជាតិ​ឥណ្ឌូណេស៊ី​បាន​មាន​ប្រសាសន៍​ថា​ ការ​សន្ទនា​រវាង​អ្នក​បើកបរ​យន្តហោះ​ជាមួយ​នឹង​ក្រុម​បច្ចេកទេស​ចរាចរណ៍​ផ្លូវអាកាស​គឺ​ធម្មតា​និង​គ្មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​ឡើយ​។ មួយវិញទៀត​ គេ​ក៏​មិន​ទទួល​បាន​ការ​ប្រកាស​អាសន្ន​ ឬ​បញ្ហា​បច្ចេក​ទេស​ណាមួយ​ពី​អ្នក​បើកបរ​យន្តហោះ​ឡើយ​។

ទន្ទឹមគ្នានេះ បើយោងទិន្ន័យបឋម​ អ្នក​ជំនាញ​បាន​លើកឡើងថា​ “យន្ដហោះ​” ហាក់​ដូច​គ្មាន​បញ្ហា​ណាមួយ​គួរឲ្យ​កត់សម្គាល់​សោះឡើយ​មុន​ពេល​បាត់ខ្លួន​ និង​ត្រូវ​ធ្លាក់​ចូល​ទឹក​សមុទ្ទ​កាលពី​រសៀល​ថ្ងៃសៅរ៍​ ទី៩ មករា​។

នៅ​ដំណាក់កាលនេះ​ អាជ្ញាធរ​ក្រុងហ្សាការតា​មិន​ទាន់​ដឹង​នោះ​ទេ​ ថាតើ​អ្វី​ជា​មូលហេតុ​ដែល​បណ្តាល​ឲ្យ​យន្តហោះ​ដឹក​អ្នក​ដំណើរ​សរុប​ ៦២ នាក់​របស់​ក្រុម​ហ៊ុន​ស្រីវីចាយ៉ា​ត្រូវ​ជួប​ឧបទ្ទវ​ហេតុ​ធ្លាក់​យ៉ាង​អាថ៌កំបាំង​បែបនេះ​។ ដូច្នោះ​ហើយការ​ស្វែងរក​ឃើញ​ប្រអប់​ខ្មៅ​គឺជា​ក្តីសង្ឃឹម​តែ​មួយគត់ដែល​អាច​ឲ្យ​គេ​រក​ឃើញ​ព័ត៌មាន​សំខាន់ៗ​ និង​ឈានដល់​ការ​កំណត់ពី​មូលហេតុនៅពីក្រោយ​ការធ្លាក់​យន្តហោះ​​។

គួរ​បញ្ជាក់​ជូនថា​ ប្រអប់ខ្មៅ​ដែល​មាន​បំពាក់​នៅលើ​យន្តហោះ​មានចំនួន​ពីរ​ ហើយ​ប្រអប់​ខ្មៅ​នោះ​ មាន​សមត្ថភាព​អាច​កត់ត្រា​ព័ត៌មាន​អំពីល្បឿន​ កម្ពស់​ និង​ទិសដៅ​នៃ​យន្តហោះ​ ក៏ដូចជា​ការសន្ទនា​របស់​អ្នកបើក​យន្តហោះ​ ហើយនិង​អាច​ផ្តល់ទិន្នន័យ​សំខាន់ៗ​ជុំវិញ​មូលហេតុ​នៃការ​ធ្លាក់យន្តហោះ​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI