ម៉ាឡេស៊ីប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដើម្បីទប់ស្កាត់នឹងការឆ្លងរាលដាលនៃកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងប្រទេសម៉ាឡេស៊ី ព្រះមហាក្សត្របានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នចាប់ពីថ្ងៃទី១២ មករារហូតដល់ថ្ងៃទី១ សីហា។ គោលដៅ គឺដើម្បីទប់ស្កាត់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងមានសន្ទុះកើនឡើងនារយៈពេលចុងក្រោយ។ តែវិធានការដាក់ប្រទេសក្នុងភាពអាសន្ននេះបានទទួលរងការរិះគន់ពីក្រុមប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលដោយពួកគេចាត់ទុកជាល្បិចកលនយោបាយរបស់នាយករដ្ឋមន្រ្តីលោកមូយីដឌីន យ៉ាស៊ីនដើម្បីបន្តតោងអំណាច។ គួរបញ្ជាក់ថា ម៉ាឡេស៊ីដែលមានពលរដ្ឋចំនួន ៣១លាននាក់កំពុងមានវិជ្ជមានកូវីដ១៩ ចំនួន ១៣៨ ០០០ករណី និងមានមនុស្សស្លាប់ចំនួន ៥៥៥នាក់គិតត្រឹមថ្ងៃអង្គារ ទី១២ មករានេះ។
គឺតាមសំណើរបស់នាយករដ្ឋមន្រ្តីលោកមូយីដឌីន យ៉ាស៊ីនដែលព្រះមហាក្សត្រអាប់ឌូឡា ស្ហាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នពីថ្ងៃទី១២ មករាដល់ថ្ងៃទី១ សីហា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ព្រះបរមរាជ្យវាំង ព្រះចៅអាប់ឌូឡា ស្ហាដែលបានជួបសន្ទនាជាមួយលោកយ៉ាស៊ីននាថ្ងៃចន្ទ ទី១១ មករាបានយល់ឃើញថា ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសបានឈានដល់ដំណាក់ការព្រួយបារម្ភខ្លាំងដែលចាំបាច់ត្រូវដាក់ប្រទេសក្នុងភាពអាសន្ន។ តែរយៈពេលនៃការដាក់ប្រទេសក្នុងភាពអាសន្ននេះនឹងអាចលើកចេញវិញនៅមុនថ្ងៃទី១ សីហា ប្រសិនបើស្ថានភាពនៃជំងឺកូវីដ១៩ មានភាពប្រសើរឡើង។
ដោយឡែកនៅក្នុងសុន្ទរកថាថ្លែងតាមកញ្ចក់ទូរទស្សន៍នាថ្ងៃចន្ទ ទី១១ មករា លោកមូយីដឌីន យ៉ាស៊ីនបានប្រកាសចេញនូវវិធានការបិទខ្ទប់រយៈពេល ២សប្តាហ៍សម្រាប់តំបន់ជាច្រើនដែលវីរុសកូវីដ១៩ កំពុងធ្វើចរាចរណ៍ខ្លាំង ក្នុងនោះក៏មានទីក្រុងគូឡាឡាំពួមួយដែរ។ ពលរដ្ឋក្នុងទីក្រុងគូឡាឡាំពួអាចចេញពីផ្ទះបានដើម្បីទិញម្ហូបអាហារ ហើយរោងចក្រមួយចំនួនដែលមិនចាំបាច់ត្រូវបិទទ្វារ។ ចំណែកការធ្វើដំណើរឆ្លងពីរដ្ឋមួយទៅរដ្ឋមួយត្រូវបានហាមឃាត់។ « ប្រព័ន្ធសុខាភិបាលរបស់យើងកំពុងឈានទៅកកស្ទះ ហើយស្ថានការណ៍សព្វថ្ងៃគួរឲ្យព្រួយបារម្ភខ្លាំងណាស់ » នេះជាការថ្លែងរបស់លោកយ៉ាស៊ីន។
គួរបញ្ជាក់ថា ការដាក់ប្រទេសក្នុងភាពអាសន្នបានអនុញ្ញាតឲ្យលោកយ៉ាស៊ីនព្យួរដំណើរការរបស់សភា និងគ្រប់សកម្មភាពនយោបាយ។ តែវិធានការមួយនេះកំពុងទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន។ លោក Josef Benedict មកពីអង្គការសង្គមស៊ីវិល Civicus យល់ថា លោកយ៉ាស៊ីន និងរដ្ឋាភិបាលរបស់លោកដែលកំពុងចុះខ្សោយខ្លាំងបានប្រើភាពអាសន្នជាល្បិចកលនយោបាយដើម្បីបន្តតោងអំណាច បិទខ្ទប់ការរៀបចំបោះឆ្នោត និងបញ្ជៀសការត្រួតពិនិត្យពីរដ្ឋសភា។ ចំណែកលោកស្រីម៉ារីណា មហាធៀរដែលជាសកម្មជន និងជាកូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីលោកមហាធៀរ មហាម៉ាត់បញ្ជាក់ថា ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នជាថ្ងៃអាប់អួរសម្រាប់លទ្ធិប្រជាធិបតេយ្យ និងជាសក្ខីកម្មដែលបញ្ជាក់ពីភាពអសមត្ថភាពរបស់លោកយ៉ាស៊ីនក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ និងដោះស្រាយបញ្ហាកង្វល់របស់ប្រជាជន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ