តុលាការកំពូលកូរ៉េខាងត្បូងសម្រេចតម្កល់ទោសពន្ធនាគារ ២០ឆ្នាំលើលោកស្រីអតីតប្រធានាធិបតីប៉ាក់ គុនហេ
ចុះផ្សាយនៅថ្ងៃ៖
នៅកូរ៉េខាងត្បូង តុលាការកំពូលបានសម្រេចនៅថ្ងៃព្រហស្បតិ៍ ទី១៤ មករានេះ តម្កល់ទោសជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ ចំពោះលោកស្រីអតីតប្រធានាធិបតីប៉ាក់ គុនហេ ដែលរងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ។ សេចក្តីសម្រេចនេះបាននាំមកនូវការបញ្ចប់នីតិវិធីផ្នែកច្បាប់ និងបើកផ្លូវឲ្យមានការលើកលែងទោសសម្រាប់លោកស្រីអតីតប្រធានាធិបតីវ័យ ៦៨ រូបនេះ។
លោកស្រីប៉ាក់ គុនហេ បានក្លាយជាមេដឹកនាំជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យដំបូងគេបង្អស់របស់ប្រទេសកូរ៉េខាងត្បូងដែលត្រូវបានគេទម្លាក់ចេញពីតំណែងនៅក្នុងឆ្នាំ ២០១៧។ កាលណោះ តុលាការធម្មនុញ្ញបានអនុម័តលើការបោះឆ្នោតរបស់សភាដែលបានចោទប្រកាន់លោកស្រីពាក់ព័ន្ធរឿងអាស្រូវពុករលួយ និងរំលោភអំណាច។
លោកស្រីប៉ាក់ ដែលជាកូនស្រីអតីតមេដឹកនាំផ្តាច់ការយោធា ប៉ាក់ ជុងហ៊ី បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេរបស់កូរ៉េខាងត្បូងក្នុងឆ្នាំ ២០១៣។ លោកស្រីត្រូវបានគេទម្លាក់ពីតំណែងក្រោយពីរកឃើញថាមានពិរុទ្ធពីបទ ឃុបឃិតជាមួយមនុស្សជំនិតម្នាក់ដើម្បីទទួលបានប្រាក់រាប់ពាន់លានវ៉ុនពីបណ្តាក្រុមហ៊ុនគ្រាក់ៗ ដើម្បីជួយគ្រួសារនិងដើម្បយកលុយទាំងនោះទៅជួយទ្រទ្រង់ដល់មូលនិធិមិនរកប្រាក់ចំណេញរបស់លោកស្រីផ្ទាល់។
រឿងក្ដីក្តាំរបស់លោកស្រីប៉ាក់ ត្រូវបានបើកសវនាការជំនុំជម្រះទោសនៅក្នុងតុលាការផ្សេងៗគ្នាជាច្រើន រាប់បញ្ចូលទាំងការកាត់ក្តីឡើងវិញកាលពីខែកក្កដា ឆ្នាំ២០១៩។ ប៉ុន្តែតុលាការកំពូលកូរ៉េខាងត្បូង បានសម្រេចនៅថ្ងៃព្រហស្បតិ៍ ទី១៤ មករានេះ ឲ្យតម្កល់ទោសជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ និងការពិន័យជាប្រាក់ចំនួន ១៨ ពាន់លានវ៉ុន ឬស្មើនឹងប្រមាណជា ១៦ លាន ៤ សែនដុល្លារអាមេរិក។
មានអាយុ ៦៨ឆ្នាំ លោកស្រីប៉ាក់ គុនហេ ដែលបានជាប់ពន្ធនាគារចាប់តាំងពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៧ តែងតែបានអះអាងថាខ្លួនជាមនុស្សស្អាតស្អំ មិនបានប្រព្រឹត្តខុសនោះទេ។ ចំណែកនៅក្នុងសវនាការកាត់ក្តីនាថ្ងៃនេះ គេមិនឃើញមានវត្តមានរបស់លោកស្រីនៅក្នុងតុលាការឡើយ។
យ៉ាងណាក៏ដោយ សេចក្តីសម្រេចរបស់តុលាការកំពូលកូរ៉េខាងត្បូងក្នុងការតម្កល់ទោសពន្ធនាគារ ២០ឆ្នាំ លើលោកស្រីអតីតប្រធានាធិបតីគឺជាការបិទបញ្ចប់នៃដំណើរការផ្លូវច្បាប់ប្រឆាំងនឹងលោកស្រី និងជាការបើកផ្លូវឲ្យមានការលើកលែងទោសចំពោះលោកស្រីដូចដែលក្រុមអ្នកគាំទ្ររបស់លោកស្រីធ្លាប់បានអំពាវនាវនៅគ្រាកន្លងមក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ