អាមេរិក-ក្រុមហ៊ុន​ចិន

នៅ ៦​ថ្ងៃមុន​ផុតអាណត្តិ រដ្ឋបាល​លោកដូណាល់ ត្រាំ បន្ថែម​ក្រុមហ៊ុន​ចិន ចំនួន ៩ ទៅក្នុង​បញ្ជីខ្មៅ

ស្ថាបនិក និង​អគ្គនាយករបស់​ក្រុមហ៊ុន​ផលិតទូរស័ព្ទ Xiaomi គឺ Lei Jun នៅក្នុង​ពិធីបង្ហាញ​ទូរស័ព្ទ​ទំនើបមួយទៀត របស់​ក្រុមហ៊ុន នៅ​ឆ្នាំ ២០១៩។ ក្រុមហ៊ុន​Xiaomiទើបត្រូវ​បាន​រដ្ឋបាល​លោកដូណាល់ ត្រាំ ដាក់​ក្នុង​បញ្ជីខ្មៅ នៅថ្ងៃទី ១៤​មករា ឆ្នាំ ២០២១ ពីបទមានទំនាក់ទំនង​ជាមួយ​កងទ័ពជាតិ​ចិន
ស្ថាបនិក និង​អគ្គនាយករបស់​ក្រុមហ៊ុន​ផលិតទូរស័ព្ទ Xiaomi គឺ Lei Jun នៅក្នុង​ពិធីបង្ហាញ​ទូរស័ព្ទ​ទំនើបមួយទៀត របស់​ក្រុមហ៊ុន នៅ​ឆ្នាំ ២០១៩។ ក្រុមហ៊ុន​Xiaomiទើបត្រូវ​បាន​រដ្ឋបាល​លោកដូណាល់ ត្រាំ ដាក់​ក្នុង​បញ្ជីខ្មៅ នៅថ្ងៃទី ១៤​មករា ឆ្នាំ ២០២១ ពីបទមានទំនាក់ទំនង​ជាមួយ​កងទ័ពជាតិ​ចិន AP - Andy Wong
ដោយ៖ ឈាង បុប្ផា
២៣ នាទី

មុនចាកចេញ​ពីតំណែង​នៅ​ថ្ងៃ​ទី​២០​មករា​ខាងមុខ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ចាត់វិធានការ ប្រឆាំង​ចិន ដោយ​បាន​សម្រេច​ដាក់​ក្រុមហ៊ុន​ចិន ចំនួន ៩​ទៅក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។ តាម​ការប្រកាស​របស់​ក្រសួង ការពារ​ជាតិ​អាមេរិក ក្រុមហ៊ុន​ចិន Xiaomi ដែល​ផលិត​ទូរស័ព្ទ​ដៃ ធំទី ៣ ក្នុង​ពិភពលោក ក្រុមហ៊ុន​Tick Tok រួម​ទាំង​ក្រុមហ៊ុន​រុករក​ប្រេង យក្ស​របស់​ចិន CNOOC ត្រូវ​ដាក់​បញ្ចូល​ក្នុង​បញ្ជីខ្មៅ ដោយសារ​ថា ក្រុមហ៊ុន​ទាំងនោះ មានជាប់ពាក់ព័ន្ធ ឬធ្វើការ​បម្រើផលប្រយោជន៍​ឲ្យ​កងទ័ពជាតិ​ចិន។ 

ផ្សាយពាណិជ្ជកម្ម

នៅតែ៦​ថ្ងៃ​មុន ចប់អាណត្តិ រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​បង្កើន​ទណ្ឌកម្ម​ប្រឆាំង​ក្រុមហ៊ុន​ចិន។ នៅ ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ក្រសួងការពារ​ជាតិ​អាមេរិក បាន​សម្រេច​ដាក់ ក្រុមហ៊ុន​ធំៗ​របស់​ចិន ចំនួន​៩ ដែល​មានផងដែរ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ ធំទី ៣​ក្នុង​ពិភពលោក Xiaomi ទៅក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​ទាំងនោះ មាន​ទំនាក់​ទំនង​ជាមួយ កងទ័ព​ចិន និង​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​អាមេរិក។

នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួងការពារ​ជាតិ​អាមេរិក បានអះអាងថា ក្រសួង​សម្រេច វិធានការ ប្រឆាំងតបត​នឹង​ទំនាក់ទំនង​រវាង​កងទ័ព​ចិន ហើយនិង​ក្រុមហ៊ុន​ ដែល​មាន​ឈ្មោះ​ក្រុមហ៊ុន ឯកជន ​ស៊ីវិល ប៉ុន្តែ ដែល​ធ្វើការ​គាំទ្រ ផ្តល់ បច្ចេកវិទ្យា និង​ទិន្នន័យ​សម្ងាត់​ទៅ​ឲ្យ​កងទ័ព​ចិន។

ទៅតាម​ច្បាប់ បង្កើតឡើង​នៅ​ឆ្នាំ ១៩៩៩ ក្រសួងការពារ​ជាតិ ត្រូវ​តាមដាន​រាប់រក​ក្រុមហ៊ុន ណា​ដែល ជា​កម្មសិទ្ធិ ឬ​គ្រប់គ្រង​ដោយ​កងទ័ព​ចិន។ ប៉ុន្តែ ទើបតែ​នៅ​ឆ្នាំ ២០២០ នៅក្រោម​រដ្ឋបាល​អាមេរិក​របស់​លោកដូណាល់ ត្រាំ ទើប ក្រសួងការពារ​ជាតិ បាន​បញ្ចូល​ក្រុមហ៊ុន​ចំនួន ៣៥ ទៅក្នុង​បញ្ជីខ្មៅ។

ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ ដូចជា Xiaomi ដែល​ទើប​យក​ឈ្នះ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​របស់​អាមេរិក Apple ដើម្បី ក្លាយ​ជា​ក្រុមហ៊ុន​ផលិត និងលក់​ទូរស័ព្ទ ធំទី ៣​ក្នុង​ពិភពលោក កាលពី ឆ្នាំ ២០២០ ហើយនិង​ក្រុមហ៊ុន​ផលិត​យន្តហោះ​របស់​ចិន ដូចជា Comac ដែល​អាច​ជាគូប្រជែង​របស់​ក្រុមហ៊ុន ប៊ូអីង អាមេរិក ត្រូវ​ដាក់​ក្នុង​បញ្ជីខ្មៅ​របស់អាមេរិក។ វិធានការ​នេះ​នឹង​ហាម​ ប្រជាជន​អាមេរិកមិន​ឲ្យ​វិនិយោគ ទិញភាគហ៊ុន​របស់​ក្រុមហ៊ុន​ចិន ដែលមាន​ជាប់ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​អាជ្ញាធរ។ ចំណែក​អ្នកដែល​បាន​វិនិយោគរួចហើយ ត្រូវ តែ​ដកខ្លួន វិញ ឲ្យ​បាន​មុនខែ វិច្ឆិកា ចុងឆ្នាំនេះ (ឆ្នាំ ២០២១)។

នៅក្រោយ ការប្រកាស​របស់​អាជ្ញាធរ​អាមេរិក ភាគហ៊ុន​របស់ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ ដ៏ធំ​របស់​ចិន Xiaomi បាន​ធ្លាក់​ចុះ អស់ ១១%​នៅ ទីផ្សារភាគហ៊ុន​ហុងកុង នៅ​ថ្ងៃ​សុក្រនេះ។  ក្រុមហ៊ុន​Xiaomi ជា​ក្រុមហ៊ុន​ចិន​មួយទៀត បន្ទាប់ពី ក្រុមហ៊ុន​Huawei និ​ងក្រុមហ៊ុន SMIC ដែល​ត្រូវ​អាមេរិក​ដាក់​ក្នុង​បញ្ជីខ្មៅ ហាម​មិន​ឲ្យ​ធ្វើ​ជំនួញ នៅទឹកដី​អាមេរិក នៅក្នុង​សង្រ្គាម​ពាណិជ្ជកម្ម ដែល​លោក​ដូណាល់ ត្រាំ ចាប់ធ្វើ​ជាមួយ​ប្រទេស​ចិន។​

ទន្ទឹមគ្នា​នឹង​បញ្ជី​ខ្មៅ​របស់​ក្រសួងការពារ​ជាតិ ក្រសួង​ពាណិជ្ជកម្ម ​របស់អាមេរិក​ទើប​តែ​ប្រកាស​ផងដែរ ដាក់បញ្ចូល​ក្រុមហ៊ុនពីរ គឺ ក្រុមហ៊ុន​រុករក​ប្រេង ដ៏ធំ​របស់​ចិន CNOOC ហើយនិង​ក្រុមហ៊ុន Skyrison ដែល​ជំនាញ​ខាងអភិវឌ្ឍ សម្ភារៈ​យោធា របស់​ចិន ទៅ​ក្នុង​បញ្ជីខ្មៅ​របស់ខ្លួន នៅក្នុង​បទចោទប្រកាន់ មានជាប់ពាក់ព័ន្ធ​នឹង​ជម្លោះ នៅសមុទ្រ​ចិន​ខាងត្បូង។ ទៅតាម​ការប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម ក្រុមហ៊ុន​អាមេរិក ដូចជា​ធនាគារ​ដែលមាន​សាខា​នៅទឹកដីអាមេរិក ត្រូវ​ហាម​មិន​ឲ្យ​ធ្វើ​ជំនួញ​ជាមួយ ក្រុមហ៊ុន ប្រេង​របស់​ចិន។

ក្រសួង​ពាណិជ្ជកម្ម​ត្រូវ​ប្រកាសនៅថ្ងៃ​សុក្រ បទបញ្ជា​ថ្មី ស្តីពី​ការធ្វើ​ជំនួញ​ផ្នែក​បច្ចេកវិទ្យា ហើយនិង ឧបករណ៍ ទូរគមនាគមន៍ ជាមួយ​បរទេស ដែល​ជា​សត្រូវ ដូចជា ចិន រុស្ស៊ី អ៊ីរ៉ង់ កូរ៉េខាងជើង គុយបា និង​វ៉េណេស៊ុយអេឡា។ គោលដៅ គឺ​ដើម្បី ការពារ​ទិន្នន័យ និង​សន្តិសុខជាតិ នៅក្នុង​កម្មវិធី​Software និង​Hardware​ដែល​ងាយ​នឹងរងគ្រោះ។

ក្រសួងការបរទេស​អាមេរិក វិញ បាន​ប្រកាស​ រឹតបន្តឹង ការផ្តល់​ទិដ្ឋាការ​ដល់​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ដែល​ជាប់ក្នុង​បញ្ជីខ្មៅ ហើយនិង​មន្រ្តី យោធា​របស់​ចិន។ ការបញ្ចូល​​ឈ្មោះ ក្រុមហ៊ុន​ចិន ទៅក្នុង​បញ្ជីខ្មៅ នៅក្នុង​រយៈពេល តែ ៦​ថ្ងៃ មុនអស់អាណត្តិ​យ៉ាងដូច្នេះ ស​បញ្ជាក់​ពី ការតស៊ូ ដាក់​សម្ពាធ រហូត​ដល់​នាទីចុងក្រោយ របស់​​លោកប្រធានាធិបតី​ដូណាល់ ត្រាំ នៅក្នុង​សង្រ្គាម ពាណិជ្ជកម្ម ចិន អាមេរិក ដែល​មាន​រយៈពេល ៤ឆ្នាំ​មកនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI