ឥណ្ឌាផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ទោះបីមានការបារម្ភពីសុវត្ថិភាពរបស់វ៉ាក់សាំង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ឥណ្ឌានឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ក្នុងទ្រង់ទ្រាយធំ នៅទូទាំងប្រទេស នៅថ្ងៃសៅរ៍ទី ១៦មករា ឆ្នាំ ២០២១។ នៅពេលប្រជាជនឥណ្ឌា ប្រមាណ ៣០០លាននាក់ នឹងត្រូវទទួលវ៉ាក់សាំង បង្ការកូវីដ ១៩ ពីពេលនេះ រហូតដល់ខែ កក្កដា គ្រូពេទ្យ និងអ្នកជំនាញ ឥណ្ឌា បានសំដែងក្តីបារម្ភ ព្រោះថា ក្នុងចំណោមវ៉ាក់សាំង ២ប្រភេទ ដែលរដ្ឋាភិបាលឥណ្ឌាអនុញ្ញាតឲ្យប្រើសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបន្ទាន់ មានវ៉ាក់សាំង មួយប្រភេទ កំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្តសាកល្បង ទី៣នៅឡើយ។
ឥណ្ឌាដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ លំដាប់លេខ ២ក្នុងពិភពលោក ប្រមាណ ១០លាននាក់ បន្ទាប់ពីអាមេរិក និងមានអ្នកស្លាប់ច្រើនជាង ១សែន ៥ម៉ឺននាក់ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង នៅទូទាំងប្រទេស នៅថ្ងៃសៅរ៍នេះ។ តាមការិយាល័យរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រាម៉ូឌី នឹងបើកសម្ពោធ កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ តាមរយៈ សន្និសីទវីដេអូ ដែលមានផ្សាយផ្ទាល់ ពីទីតាំងចាក់វ៉ាក់សាំង ជាង ៣ពាន់ នៅទូទាំងប្រទេសឥណ្ឌា។
សម្រាប់ យុទ្ធនាការចាក់វ៉ាក់សាំង បង្ការកូវីដ នៅទូទាំងប្រទេស រដ្ឋាភិបាលឥណ្ឌាបានផ្តល់ភ្លើងខៀវ នៅដើមខែ មករា ដោយអនុញ្ញាតឲ្យប្រើវ៉ាក់សាំងផលិតក្នុងស្រុកចំនួន ពីរ គឺ Covishieldវ៉ាក់សាំងរបស់ក្រុមហ៊ុន អង់គ្លេស AstraZeneca ដែលផលិតឡើងវិទ្យាស្ថានSerum របស់ឥណ្ឌា ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេក្នុងលោក ហើយនិងវ៉ាក់សាំង Covaxin ដែលផលិត អភិវឌ្ឍ ដោយក្រុមហ៊ុនក្នុងស្រុកឥណ្ឌាBharat Biotech ។
យុទ្ធនាការចាក់វ៉ាក់សាំង របស់រដ្ឋាភិបាលបានធ្វើឲ្យក្រុមអ្នកជំនាញពេទ្យ និងអ្នកវិទ្យាសាស្រ្តឥណ្ឌា រន្ធត់ និងមិនទុកចិត្ត ព្រោះថា ក្នុងចំណោមវ៉ាក់សាំង ពីរដែលគេត្រូវប្រើសម្រាប់ចាក់មនុស្ស ពីថ្ងៃសៅរ៍នេះ មានមួយ ជាវ៉ាក់សាំង ដែលនៅមិនទាន់បញ្ចប់ ការធ្វើតេស្តសាកល្បង ដំណាក់កាលទី៣នៅឡើយ។ រដ្ឋាភិបាល ឥណ្ឌាបានផ្តល់ភ្លើងខៀវ សម្រាប់ការប្រើប្រាស់បន្ទាន់ វ៉ាក់សាំង Covaxin នោះបើទោះបីជាក្រុមហ៊ុនផលិតវ៉ាក់សាំង ក្នុងស្រុក នៅមិនទាន់បង្ហាញទិន្នន័យ ជាក់ស្តែងស្តីពីលទ្ធផលប្រសិទ្ធិភាពរបស់វ៉ាក់សាំងក៏ដោយ។ គណបក្សប្រឆាំង Congress Party បានចោទប្រកាន់រដ្ឋាភិបាលថា បានយកអាយុជីវិតរបស់ប្រជាជនឥណ្ឌាទៅ ប្រថុយនឹងគ្រោះថ្នាក់។ គេនៅបានរិះគន់រដ្ឋាភិបាលរបស់លោកណារិនដ្រា ម៉ូឌី ដែរថា បានប្រញាប់ផ្តល់ភ្លើងខៀវដល់វ៉ាក់សាំង ដែលនៅមិនទាន់បញ្ចប់ដំណាក់កាលធ្វើតេស្តសាកល្បង ក៏ដោយសារតែនយោបាយជាតិនិយម ប្រើវ៉ាក់សាំងក្នុងស្រុក និងដើម្បី សន្សំសំចៃលុយមិនទិញវ៉ាក់សាំង បរទេស។ រដ្ឋាភិបាលរបស់លោកណារិនដ្រា ម៉ូឌីធ្លាប់ឆ្លើយតបនឹងការរិះគន់ដោយថា វ៉ាក់សាំងផលិតក្នុងស្រុក មានសុវត្ថិភាព ១១០ % និងមានប្រសិទ្ធិភាពជាងវ៉ាក់សាំងដទៃ ដែលបង្កើតឡើង ដោយប្រើបច្ចេកវិទ្យាថ្មី។
សម្រាប់ អ្នកជំនាញ និងក្រុមគ្រូពេទ្យឥណ្ឌា នៅក្រោយ ការបិទបញ្ចប់ ការធ្វើតេស្តសាកល្បង គេជឿថា វ៉ាក់សាំង របស់ក្រុមហ៊ុនBharat Biotech នឹងអាចជាវ៉ាក់សាំងដែលល្អប្រពៃជាងគេ ព្រោះវាមានតម្លៃថោក ងាយទុកដាក់ ក្នុងការប្រើប្រាស់ ជាពិសេស សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍ។ ប៉ុន្តែ គេមិនជឿថា វាជារឿងត្រឹមត្រូវ នោះទេ ដែលរដ្ឋាភិបាលត្រូវប្រញាប់ប្រើវ៉ាក់សាំង ដែលគ្មានទិន្នន័យជាក់ស្តែង ស្តីពីប្រសិទ្ធិភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងនោះ។ ដំណើរការធ្វើតេស្តសាកល្បង របស់ក្រុមហ៊ុនផលិតវ៉ាក់សាំង Covaxin ទៀតសោត ក៏កំពុងធ្វើឲ្យគេសង្ស័យ មិនទុកចិត្ត ព្រោះថា តាមក្រុមប្រឆាំង ក្រុមហ៊ុនរកមិនបានមនុស្សគ្រប់ចំនួន សម្រាប់ចូលរួមក្នុងការធ្វើតេស្តសាកល្បងវ៉ាក់សាំង។ នៅទីក្រុងបូផល Bhopal អ្នកដែលទទួលវ៉ាក់សាំងអះអាងថា ពួកគេបានទទួលប្រាក់ម្នាក់ៗ ៨ដុល្លារ ប៉ុន្តែ គ្មានបានទទួលការតាមដាន សាកសួរ ព័ត៌មាន ពីខាងក្រុមហ៊ុន នៅក្រោយទទួលវ៉ាក់សាំង នោះទេ។
សូមបញ្ជាក់ថា គិតចាប់តាំងមានការផ្ទុះឡើងជំងឺកូវីដ នៅទីក្រុងវូហាន ប្រទេសចិន នៅខែធ្នូ ២០១៩ ជំងឺកូវីដ ១៩ បានសម្លាប់មនុស្ស ២លាននាក់ និងចម្លងទៅ មនុស្ស៩៣លាននាក់ នៅក្នុងពិភពលោក គិតមកត្រឹមថ្ងៃសុក្រទី ១៥មករា ២០២១៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ