ចិន-សេដ្ឋកិច្ច

កូវីដ១៩៖ ចិនជា​មហាអំណាច​សេដ្ឋកិច្ច​តែមួយ​​គត់ ដែលមាន​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ក្នុងឆ្នាំ​២០២០

ប្រជាជនចិននៅក្រុងវូហាន ធ្វើបុណ្យ​ឆ្លងឆ្នាំ​២០២១ និង​រំលឹក​ខួប​មួយឆ្នាំ នៃការបិទខ្ទប់​ទីក្រុងវូហាន ក្រោយ​ការផ្ទុះការឆ្លងរាលដាល​កូវីដ​១៩។ វូហាន ថ្ងៃទី ៣១ ធ្នូ ២០២០
ប្រជាជនចិននៅក្រុងវូហាន ធ្វើបុណ្យ​ឆ្លងឆ្នាំ​២០២១ និង​រំលឹក​ខួប​មួយឆ្នាំ នៃការបិទខ្ទប់​ទីក្រុងវូហាន ក្រោយ​ការផ្ទុះការឆ្លងរាលដាល​កូវីដ​១៩។ វូហាន ថ្ងៃទី ៣១ ធ្នូ ២០២០ REUTERS - TINGSHU WANG
ដោយ៖ ម៉ម ពិសី
១៨ នាទី

មេរោគជំងឺកូវីដ​១៩ បាន​ធ្វើឲ្យ​ពិភព​លោកទាំងមូល ឆ្លងកាត់វិបត្តិសេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរបំផុត ពេញមួយ​​មួយ​ឆ្នាំ​២០២០កន្លងទៅនេះ។ តែយ៉ាងណាក៏ដោយ មានប្រទេសមហាអំណាចសេដ្ឋកិច្ចមួយ ដែល​មាន​កំណើនសេដ្ឋកិច្ច​វិជ្ជមាន នៅ​ក្នុង​ឆ្នាំ​២០២០ នោះគឺប្រទេសចិន។ យោងតាម​តួលេខរបស់ ការិយាល័យ​ជាតិស្ថិតិរបស់ចិន ក្នុងឆ្នាំ​២០២០ ចិនមានកំណើនសេដ្ឋកិច្ច​ចំនួន​២.៣% ដែលជាកំណើនខ្ពស់ លើសពីការរំពឹងទុករបស់អ្នកជំនាញ។

ផ្សាយពាណិជ្ជកម្ម

មេរោគជំងឺកូវីដ១៩ បានផ្តើមផ្ទុះឆ្លងរាលដាល ចេញពីទីក្រុងវូហាន​ប្រទេសចិន កាលពីដើមឆ្នាំ​២០២០ ធ្វើឲ្យ​ពិភពលោក​ទាំងមូល ត្រូវពើបប្រទះនឹងវិបត្តិសេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរបំផុត។ ក៏ប៉ុន្តែ ក្នុងចំណោម​ប្រទេសមហាអំណាច​សេដ្ឋកិច្ចទាំងអស់ គឺមានតែចិនមួយ​គត់ ដែល​បានសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ចវិជ្ជមាន ក្នុងឆ្នាំ​២០២០ ខណៈដែល​ប្រទេស​ផ្សេងៗទៀត បានព្យាករណ៍នូវ​ការធ្លាក់ចុះ​ដល់អវិជ្ជមាន​ នៃសេដ្ឋកិច្ចរបស់គេ។ ដំណឹងនេះ បាន​ធ្វើឲ្យ​មានការច្រណែនមិនតិចទេ ពីសំណាក់ ប្រទេសមហាអំណាចសេដ្ឋកិច្ច​ផ្សេងៗទៀត។

យោងតាមតួលេខផ្លូវការ ផ្សាយដោយ​ការិយាល័យជាតិស្ថិតិចិន នៅត្រីមាសទី៤ ចុងឆ្នាំ​២០២០ ចំណូលដុល​ក្នុង​ស្រុក​របស់ចិនបានកើនឡើងខ្ពស់ ចំនួនដល់​ទៅ៦.៥% ពោលគឺជាកម្រិតដែលធ្លាប់​មាន​ កាលពីមិនទាន់មាន​កូវីដ​១៩។ គិតជាមធ្យ​ម​ក្នុង​​ឆ្នាំ​២០២០ កំណើនសេដ្ឋកិច្ចចិន គឺមាន​ចំនួន​២.៣%។

គួររំលឹកថា នៅត្រីមាសទី​១ដើមឆ្នាំ​២០២០ នៅពេល​ដែល​កូវីដ​១៩ បានចាប់ផ្តើម​ឆ្លងរាលដាល​ដំបូង សេដ្ឋកិច្ចចិន​បានធ្លាក់ស្រុតចុះខ្លាំង​ ចំនួន​ប្រមាណ ៦.៨% ដោយសារតែវិធានការបិទខ្ទប់​ទាំងឡាយ។ តែគឺវិធានការបិទខ្ទប់​ដ៏​តឹងតែងបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលកូវីដ​១៩នេះហើយ ដែលធ្វើ​ឲ្យ​ចិន អាចឆាប់ងើបផុតពីវិបត្តិ​បាន​លឿនជាងគេ។

សកម្មភាពសេដ្ឋកិច្ច​ចិន បានចាប់ផ្តើមងើបឡើងវិញ នៅរវាងចុងត្រីមាសទី​៣។ នៅត្រីមាសទី​៤ ផលិតកម្មឧស្សាហកម្មចិន បានកើនឡើងវិញ ដល់ទៅ៧.៣%។ តម្រូវការនៃផលិតផល​មួយ​ចំនួន ដូចជាផលិតផលអេឡិចត្រូនិក ​បច្ចេកវិទ្យា​ទំនើប មានកុំព្យូទ័រជាដើម បានកើនឡើងខ្លាំងនៅទូទាំងពិភព​លោក ដោយ​សារតែវិធានការ​ធ្វើការ​ពីផ្ទះ។ ក្រៅពី​នេះ វិស័យផលិតកម្មឧស្សាហកម្មចិន បានទាញផលអំពីការកើនឡើង នូវតម្រូវ​ការ​ទំនិញ ដូចជាសម្ភារៈពេទ្យ សម្ភារៈអនាម័យ ម៉ាស សន្លឹកប្លាស្ទិក និងសម្ភារៈបន្ទាប់បន្សំឯទៀត។

យ៉ាងណាក៏ដោយ បើទោះបីជា​ចិន​មានកំណើនសេដ្ឋកិច្ច​វិជ្ជមាន​ ក្នុងឆ្នាំ​២០២០ តែអត្រាកំណើននេះ គឺមានទាបណាស់ បើប្រៀបធៀបទៅឆ្នាំ​២០១៩ ដែលមាន​ប្រមាណ ៦.១%។ ពោលគឺ២.៣%​ គឺជាអត្រាកំណើតទាបបំផុត របស់ចិន បើគិតរាប់ពីទសវត្សឆ្នាំ​១៩៧០មក។ ​តម្រូវការ​ប្រើប្រាស់ក្នុងស្រុក របស់ចិន​វិញ គឺស្ថិតនៅ​កម្រិតទាបនៅឡើយ ជាពិសេសក្នុង​វិស័យសេវាកម្ម។

អត្រាអ្នកអត់ការងារធ្វើ​វិញ មានចំនួន ៥.២% នៅចុងខែធ្នូឆ្នាំ​២០២០​ ដោយ​តួលេខនេះ អាជ្ញាធរចិនគិតតែ​នៅក្នុង​ចំណោម​​​ប្រជាជន ដែល​រស់នៅក្នុងទីក្រុង​ធំៗតែប៉ុណ្ណោះ។ មានន័យថា វាអាចមាន​ ពលករកម្មករចិន ចំណាកស្រុកមកពីខេត្តផ្សេងរាប់លាននាក់ទៀត ដែលគ្មានការងារធ្វើ។ លោក Ning Jizhe មន្ត្រីទទួលបន្ទុក​ម្នាក់ នៃ​ការិយាល័យជាតិស្ថិតិចិន បានទទួលស្គាល់ថា សេដ្ឋកិច្ច​ចិន កំពុង​ឆ្លងកាត់ដំណាក់​កាល​គ្រោះថ្នាក់ និងមានឧបសគ្គជាច្រើន ទាំងក្នុងស្រុក ទាំងក្រៅស្រុក ដោយ​សារតែ​វិបត្តិសេដ្ឋកិច្ចសកល​ បង្កឡើយ​ដោយ​កូវីដ​១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI