ជប៉ុន-កូវីដ១៩

ជប៉ុន៖នាយករដ្ឋមន្ត្រីសន្យាស្តារប្រទេសឲ្យមានស្ថានភាពប្រក្រតីឡើងវិញ

Japanese Prime Minister Yoshihide Suga attends an ordinary Diet session at the upper house of parliament in Tokyo, Monday, Jan. 18, 2021 in Tokyo, 2020. Suga vowed Monday to get the pandemic under control and hold the already postponed Olympics this summer with ample coronavirus protection. (AP Photo/Koji Sasahara)
Japanese Prime Minister Yoshihide Suga attends an ordinary Diet session at the upper house of parliament in Tokyo, Monday, Jan. 18, 2021 in Tokyo, 2020. Suga vowed Monday to get the pandemic under control and hold the already postponed Olympics this summer with ample coronavirus protection. (AP Photo/Koji Sasahara) AP - Koji Sasahara
១៥ នាទី

នៅ​ក្នុង​ប្រទេស​ជប៉ុន នាយករដ្ឋមន្រ្តី​លោក​យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា​បាន​សន្យា​ក្នុង​ថ្ងៃ​ចន្ទ ទី១៨ មករា​ពី​ការ​បង្កើន​យុទ្ធនាការ​ប្រឆាំង​នឹង​កំណើន​ករណី​កូវីដ១៩ និង​ស្តារ​ស្ថានភាព​ប្រទេស​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ។ លោក​ស៊ូហ្កា​បាន​ប្តេជ្ញាចិត្ត​យ៉ាង​ដូច​នេះ​នៅ​ក្នុង​សម័យប្រជុំវិសាមញ្ញ​នៃ​រដ្ឋសភា។ គួរ​បញ្ជាក់​ថា ការ​គ្រប់គ្រង​វិបត្តិ​កូវីដ១៩ របស់​លោក​ស៊ូហ្កា​បាន​រងការ​រិះគន់ ទិតៀន​យ៉ាង​ខ្លាំង ហើយ​បើ​តាម​លទ្ធផល​ស្ទង់មតិ​ចេញ​ផ្សាយ​នៅ​ចុង​សប្តាហ៍​កន្លង​ទៅ លោក​ស៊ូហ្កា​បាន​បាត់បង់​កម្រិតប្រជាប្រិយភាព​ចំនួន ៦ពិន្ទុ​គិត​តាំង​ដំណាច់ខែ​ធ្នូ ឆ្នាំ ២០២០។

ផ្សាយពាណិជ្ជកម្ម

« ខ្ញុំនឹង​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​ស្តារ​ស្ថានភាព​ឲ្យ​ប្រសើរ​ឡើង​វិញ​ដើម្បីការពារ​អាយុ​ជីវិតនិងសុខភាពប្រជាជន » នេះ​ជា​ការ​សន្យា​របស់​លោក​យ៉ូស្ហ៊ីហ៊ីដេ ស៊ូហ្កា​នៅ​ចំពោះ​មុខ​សមាជិក​សភា។ ស្ថានភាព​ដែល​លោក​ស៊ូហ្កា​ចង់​និយាយ​នេះ គឺ​ស្ថានភាព​នៃ​ជំងឺ​កូវីដ១៩ ដែល​មាន ១១តំបន់ ក្នុង​នោះ​ក៏​មាន​ទីក្រុង​តូក្យូ និង​តំបន់​ជុំវិញ​ត្រូវ​បាន​ដាក់​ក្នុង​ភាព​អាសន្ន​នា​ខែ​មករា​រហូត​ដល់​ថ្ងៃទី៧ កុម្ភៈ។ តែ​ទោះ​បី​ជា​ឋិត​ក្នុង​ភាព​អាសន្ន​ក៏​ដោយ​ក៏​គ្មាន​ការ​ដាក់​ទណ្ឌកម្ម ឬ​ផាកពិន័យ​ជា​ប្រាក់​ចំពោះ​អ្នក​ដែល​មិន​បាន​គោរព​ទេ។

តែ​លោក​ស៊ូហ្កា​បាន​រម្លឹក​ជា​ថ្មី​ពី​ការ​ចង់​កែប្រែ​ច្បាប់​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម ឬ​ផាកពិន័យ​ចំពោះ​អ្នក​មិន​គោរព​តាម​វិធានការ​របស់​រដ្ឋាភិបាល។ តាម​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក រដ្ឋាភិបាល​គ្រោង​ផាកពិន័យ​ជា​ប្រាក់ និង​អាច​ដាក់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំពោះ​អ្នក​ធ្វើ​តេស្តិ៍​មាន​វិជ្ជមាន​កូវីដ១៩ ដែល​បដិសេធ​មិន​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ មិន​ព្រម​ធ្វើ​ចត្តាឡីសក ឬ​ក៏​មិន​ចូលរួម​ឲ្យ​មាន​ការ​តាម​ដាន​ជា​ដើម។ គេ​មិន​ដឹង​ថា តើ​ការ​ប្តេជ្ញាចិត្ត​របស់​លោក​ស៊ូហ្កា​ពេល​នេះ​នឹង​អាច​ជួយ​ស្រោចស្រង់​កម្រិត​ប្រជាប្រិយភាព​របស់​លោក​ដែល​កំពុង​ធ្លាក់​ចុះ​ខ្លាំង​ដែរ ឬ​ទេ?។ អ្វី​ដែល​គេ​អាច​និយាយ​បាន លោក​ស៊ូហ្កា​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ដល់​ទៅ ៧៤% នៅ​ពេល​ចូល​កាន់​តំណែង​ដំបូង​ក្នុង​ខែ​កញ្ញា​ឆ្នាំ ២០២០ កំពុង​បាត់បង់​កម្រិត​ប្រជាប្រិយភាព​ចំនួន ៦ពិន្ទុ​គិត​តាំង​ពី​ដំណាច់​ខែ​ធ្នូ​ឆ្នាំ ២០២០។

គួរ​បញ្ជាក់​ថា បើ​ធៀប​នឹង​ប្រទេស​មួយ​ចំនួន ស្ថានភាព​ជំងឺ​កូវីដ១៩ នៅ​ជប៉ុន​ហាក់​មិន​សូវ​ធ្ងន់ធ្ងរ​ខ្លាំង​ប៉ុន្មាន​ទេ។ គិត​តាំង​ពី ១ឆ្នាំ​កន្លង​មក មាន​មនុស្ស​ស្លាប់​ប្រមាណ ៤ ៥០០នាក់​ក្នុង​ចំណោម​អ្នក​ឈឺ​ចំនួន ៣២៨ ៣០០នាក់។ ទាក់ទង​នឹង​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ជប៉ុន​បាន​កម្ម៉ង់ទិញ​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​ខ្លួន​ទាំង​ជិត ១២៦លាននាក់។ តែ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​នៅ​មិន​ទាន់​អាច​ចាប់​ផ្តើម​នៅ​មុន​ដំណាច់​ខែ​កុម្ភៈ​បាន​ឡើយ ព្រោះ​មក​ទល់​ពេល​នេះ ទីភ្នាក់ងារ​ឱសថ​ជប៉ុន​នៅ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍​ណា​មួយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI