អឺរ៉ុប-ចិន

បារាំង​ ៖ ​កិច្ចព្រមព្រៀងវិនិយោគ​​ចិន-អឺរ៉ុប​ ជាទម្រ​លើក​ស្ទួយ​​សិទ្ធិមនុស្ស

បារាំង​ការពារ​កិច្ចព្រមព្រៀង​សហភាព​អឺរ៉ុប​ចិន​ថា​មាន​ភ្ជាប់​បញ្ហា​សិទ្ធិមនុស្ស
បារាំង​ការពារ​កិច្ចព្រមព្រៀង​សហភាព​អឺរ៉ុប​ចិន​ថា​មាន​ភ្ជាប់​បញ្ហា​សិទ្ធិមនុស្ស AP - ANDY WONG
ដោយ៖ អៀង សុខម៉ិញ
១៨ នាទី

នៅ​ថ្ងៃចន្ទទី ១៨ មករា ២០២១​នេះ វិមាន​ប្រធានាធិបតី​បារាំង បាន​ចេញ​មុខមក​​ការពារ​កិច្ចព្រមព្រៀង​វិនិយោគ​សហភាព​​អឺរ៉ុប​-ចិន ដ៏​ចម្រូង​ចម្រាស ដែល​ភាគី​ទាំង​ពី​រ​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី ៣០​ធ្នូ ២០២០។ វិមាន​ប្រធានាធិបតី​បារាំង​បាន​ធានា​អះអាង​ថា ​​កិច្ចព្រមព្រៀង​វិនិយោគនេះ មាន​ភ្ជាប់​នូវ​កិច្ចសន្យា​របស់​ចិន​ស្តី​ពី​បញ្ហា​សិទ្ធិមនុស្ស ដែល​​អាច​ផ្ទៀង​ផ្ទាត់​បាន​យ៉ាង​ល្អិត​ល្អន់​ផង។

ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​សហភាព​អឺរ៉ុប​-ចិន ថ្ងៃទី ៣០​ធ្នូ ២០២០ មិន​អាច​ដោះ​ស្រាយ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ចិន​បាន​ទេ ប៉ុន្តែ កិច្ចព្រមព្រៀង​នេះ ជា​ទម្រ​ដ៏​សំខាន់​ ដែល​បាន​ជំរុញ​ឱ្យ​ចិនសន្យា​​គិត​គូរ​ដល់​បញ្ហា​សិទ្ធិមនុស្ស​ឱ្យ​បាន​ប្រសើរ​មុន​ និង​ដោយ​គោរពតាម​ច្បាប់​ការងារ​អន្តរជាតិ​ផង។ នេះ​បើ​តាម​ការ​អះអាង​របស់​វិមាន​ប្រធានាធិបតី​បារាំង។

នៅក្នុង​​កិច្ចព្រមព្រៀង​វិនិយោគ​ទ្វេភាគី ដែល​បានចាយ​​ពេល​វេលា​ចរចា​អស់​៧​ឆ្នាំទើប​សម្រេច​នេះ ចិន​បាន​ប្តេជ្ញាផ្តល់​​បច្ចាប័ន​ដល់​​សន្ធិសញ្ញារបស់​អង្គការ​ពលកម្ម​​​អន្តរជាតិ ហៅកាត់​ជា​ភាសាអង់គ្លេស​ថា  ILO ​ដែល​មូលដ្ឋាន​គ្រឹះនៃ​ច្បាប់​ការ​ងារ​អន្តរជាតិ និង​ដែល​​​ហាមឃាត់ការ​​ចាប់​បង្ខំ​ពលករ​ឱ្យ​ធ្វើ​ការ​។ បាន​ន័យ​ថា ការ​ចុះ​កិច្ចព្រមព្រៀងអឺរ៉ុប-ចិន​ ​​ជា​ជំហាន​ទី​មួយ។ បន្ទាប់​មក​អឺរ៉ុប​​នឹង​​តាមដាន​ និង​ផ្ទៀត​ផ្ទាត់​យ៉ា​ងល្អិត​ល្អន់​ថា​តើ​ចិន​បានអនុវត្ត​​តាម​ពាក្យ​សន្យា​គោរព​សិទ្ធិមនុស្ស​​​បានយ៉ាងណា។ អឺរ៉ុប​នឹង​ធ្វើ​ការ​វាយតម្លៃ​ចិន​ នៅ​ឆ្នាំ​២០២២ ក្នុង​ពេល​បារាំង​ធ្វើ​ជា​ប្រធាន​ផ្លាស់​វេន​សហភាពអឺរ៉ុប។ នេះ​បើ​តាម​ការ​លម្អិត ​របស់​វិមាន​អេលីហ្សេ។

ប៉ុន្តែ​អ្នក​ទទួល​ខុស​នយោបាយ​សហភាព​អឺរ៉ុប ជាពិសេស​សភា​អឺរ៉ុប ដែល​មាន​ភារៈ​ត្រូវ​ផ្តល់​សច្ចាប័ន​លើកិច្ចព្រមព្រៀង​សហភាពអឺរ៉ុប​-ចិន បាន​ចោទ​ប្រកាន់​សហភាពអឺរ៉ុប​ថា ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច អឺរ៉ុបសុខចិត្ត​បូជាជោគវាសនា​ជនជាតិ​អ៊ុយហ្គួ។ សម្រាប់​សមាជិក​សភា​អឺរ៉ុបដែល​បាន​ចេញ​ផ្សាយ​វេទិកា​​មួយ​ក្នុង​ទំព័រ​កាសែត​ អឺរ៉ុប​មិនអាច​និយាយ​អំពីបញ្ហា​សិទ្ធិមនុស្ស​ ជាមួយ​របបកុម្មុយនិស្ត​ចិន​បាន​ទេ​។ ក្រុម​អ្នក​ជំនាញសិទ្ធិមនុស្ស​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ បាន​ចោទ​ក្រុង​ប៉េកាំង​ថា​ចាប់​ឃុំ​ឃាំង​ជនជាតិ​ភាគតិច​កាន់​សាសនា​អ៊ីស្លាម​អ៊ុយហ្កួ​ជាង​មួយ​លាន​នាក់​ ក្នុង​មណ្ឌល​អប់រំ និងចាប់​បង្ខំ​ឱ្យ​ពួកគេ​ធ្វើ​ការ​ជា​ទម្ងន់​។

ដើម្បី​​លុប​បំបាត់ការ​ចាប់​ពលរដ្ឋ​ឱ្យ​ធ្វើការ​ដោយ​​​បង្ខំ ត្រូវ​គ្រប់​រដ្ឋ​ទាំង​អស់ (មិនមែន​ត្រឹម​តែ​ជា​សមាជិក​សហភាពអឺរ៉ុប​ទាំង​២៧​​) និ​ងក្រុមហ៊ុន​សហគ្រាស​ទាំងអស់​សហការ​គ្នា​ ក្នុង​ក្របខ័ណ្ឌពហុជាតិ​ ពង្រឹង​បទដ្ឋាន​និង​ច្បាប់​ការងារ​អន្តរជាតិ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សភា​អឺរ៉ុប​ចង់​ឃើញ​គណៈកម្មការ​អឺរ៉ុប​​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​អាមេរិក​របស់​លោក​ចូបៃដិន សិន​មុន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន។

លើ​​ផ្នែក​សេដ្ឋកិច្ចវិញ​ បារាំង​បាន​អះអា​ង​ថា​កិច្ចព្រមព្រៀង​នេះ​​នឹង​អនុញ្ញាត​ឱ្យ​អឺរ៉ុប​មាន​លំនឹង​ទំនាក់ទំនង​ឡើង​វិញ​ជាមួយ​ចិន ក្នុង​វិស័យ​វិនិយោគ​ ការ​ជ្រៀតចូល​ទីផ្សារ ឬ​ការ​ជួយ​ឧបត្ថម្ភរបស់​រដ្ឋ។ ​

បើ​តាម​វិមាន​ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង ដែល​សន្យា​ធ្វើ​ដំណើរ​ទៅប្រទេស​ចិន​ជា​រៀង​រាល់​ឆ្នាំ តែ​បាន​អាក់ខាន​នៅ​ឆ្នាំ​២០២០​ដោយហេតុកូវីដ១៩ នឹង​អញ្ជើញ​ទៅ​​ក្រុង​គួមីង​ប្រទេស​ចិន​នៅ​ខែ​ឧសភា​ខាង​មុខ នា​ឱកាស​ជំនួប​ស្តី​អំពី​ជីវចម្រុះ​លើក​ទី​១៥​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI