ប្រមុខបក្សប្រឆាំងថៃជាប់បណ្តឹងពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋាភិបាលថៃបាននិងកំពុងរឹតបណ្តឹងអំណាច និងគាប កាន់តែខ្លាំងឡើង ក្រុមប្រឆាំងដែលតែងតែផ្លុំពន្យុះឱ្យមានសកម្មប្រឆាំងតវ៉ានៅក្នុងប្រទេស។ អតីតប្រមុខបក្សប្រឆាំងលោកមហាសេដ្ឋី ថាណាថន មិនអាចធ្វើនយោបាយបានហើយ ត្រូវជាប់ចោទពីបទប្រមាថរាជានិយមទៀត ! នៅថ្ងៃពុធទី ២០មករា ២០២០នេះ រដ្ឋាភិបាលថៃបានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងលោកថាណាថន ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ។
ស្ថាបនិកគណបក្ស Future Forward Party ដែលតុលាការថៃបានរំលាយទៅវិញបាត់ទៅហើយ លោក ថាណាថន ត្រូវជាប់បណ្តឹងថ្មីមួយទៀត ពីបទប្រមាថរាជានិយម ដោយកាលពីថ្ងៃចន្ទទី ១៨មករា លោកបានបង្ហោះសារ ក្នុងប្រព័ន្ធសង្គម ក្នុងអត្ថន័យមិនទុកចិត្តលើយុទ្ធនាការចាក់ថ្នាំបង្ការប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ។ សម្រាប់លោក ថាណាថន យុទ្ធសាស្ត្រចាក់ថ្នាំវ៉ាក់សាំងរំពឹងជ្រុលទៅលើក្រុមហ៊ុន Siam BioScience ដែលគ្រប់គ្រងដោយ Crown property bureau ការិយាល័យហិរញ្ញវត្ថុរបស់រាជវាំង។
“ជាពាក្យអះអាងមិនត្រឹមត្រូវទេ ការពិតត្រូវបានគេបំប្លែង” នេះបើតាមការប្រសាសន៍របស់តំណាងក្រសួងសេដ្ឋកិច្ចថៃ។ ហេតុដូច្នេះហើយបានជាប្រមុខរដ្ឋាភិបាលថៃលោក ប្រាយុទ្ធចាន់អូចា បានប្រកាសភ្លាមនៅថ្ងៃអង្គារ ថានឹងនាំគ្រប់ជនដែលផ្សព្វផ្សាយព័ត៌មានមិនពិតស្តីពីផែនការចាក់ថ្នាំបង្ការ ទៅប្រឈមនៅចំពោះមុខច្បាប់ ស្របតាមមាត្រា១១២នៃច្បាប់ព្រហ្មទណ្ឌថៃ។
មាត្រា១១២ ដែលចែងការពាររាជានិយម អាចនឹងដាក់ទោសជនគ្រប់រូបឱ្យជាប់ពន្ធនាគារដល់ទៅ១៥ឆ្នាំ ប្រសិនបើហ៊ានជេរ ប្រមាថ រិះគន់ ឬនិយាយពាក្យមិនពិត ប៉ះពាល់ដល់ព្រះមហាក្សត្រ វិជ្ជរ៉ាឡុងកន និងក្រុមគ្រួសាររាជវង្ស។ អាក់ខានមិនបានប្រើអស់រយៈពេលជាងពីរឆ្នាំមក ច្បាប់ប្រឆាំងនឹងការប្រមាថរាជានិយមជាផុសឡើងជាថ្មី។ បន្ទាប់ពីមានចរន្តប៉ះបោរបានផ្ទុះឡើងខ្លាំង ក្នុងចំណោមសិស្សនិស្សិត នៅក្រុងបាងកក ទាមទារធ្វើកំណែទម្រង់របបរាជនិយមថៃ កាលពីពាក់កណ្តាលឆ្នាំមុនមក អាជ្ញាធរថៃបានត្រលប់មកប្រើច្បាប់នេះវិញយ៉ាងពេញទំហឹងសម្រាប់ បង្ក្រាបរាល់គ្រប់សំឡេងប្រឆាំង។
គិតចាប់ពីមានរលកបាតុកម្មនៅខែកក្កដា ២០២០មក មានមនុស្ស៤៣នាក់បានរងការចោទប្រកាន់ពីបទប្រមាថរាជានិយម។
អ្នកនាំពាក្យរដ្ឋាភិបាលថៃបដិសេធមិនធ្វើអត្ថាធិប្បាយទេ ជុំវិញការដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោកថាណាថន នៅថ្ងៃនេះទេ។
នេះជាបណ្តឹងប្រឆាំងនឹងលោកថាណាថន មួយបន្ថែមពីលើបណ្តឹងជាច្រើនដែលតុលាការបានសម្រេចហាមឃាត់មិនឱ្យលោកថាណាថន ព្រមទាំងអ្នកទទួលខុសត្រូវបក្សមួយចំនួនទៀត លែងមានសិទ្ធិធ្វើនយោបាយ និងរំលាយគណបក្ស ដែលបានក្លាយជាចរន្តនយោបាយលំដាប់ទីបីក្នុងសម័យបោះឆ្នោតសភាឆ្នាំ ២០១៩។ ការរំលាយបក្ស និងសមាជិកភាពសភារបស់គណបក្សបានជំរុញឱ្យពលរដ្ឋថៃខឹងសម្បារកាន់តែខ្លាំង និងជាចំណែកមួយនាំមានផ្ទុះចលនាបាតុកម្ម តាំងពីខែកក្កដារហូតដល់ខែធ្នូ២០២០នេះឯង។ ចលនាបាតុកម្មបានផ្អាកនាពេលនេះដោយហេតុមានរលករាតត្បាតកូវីដ១៩ជាលើកពីរតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ