ចិន-សហរដ្ឋ​អាមេរិក

ប៉េកាំងស្វាគមន៍​​លោកបៃដិន ដោយ​​ប្រកាស​ដាក់​ទណ្ឌកម្ម​​​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រដ្ឋបាល​លោក​ត្រាំ

ចិន​ដាក់ទណ្ឌកម្មលោកប៉ុមប៉េអូ និង​អ្នកទទួល​ខុសត្រូវ​ក្នុង​រដ្ឋាភិបាលលោកដូណាល់ត្រាំ (រូបថត​អតីត​ប្រមុខ​ការទូត​អាមេរិក​ចាប់​ដៃ​ប្រមុខ​ការទូត​ចិន)
ចិន​ដាក់ទណ្ឌកម្មលោកប៉ុមប៉េអូ និង​អ្នកទទួល​ខុសត្រូវ​ក្នុង​រដ្ឋាភិបាលលោកដូណាល់ត្រាំ (រូបថត​អតីត​ប្រមុខ​ការទូត​អាមេរិក​ចាប់​ដៃ​ប្រមុខ​ការទូត​ចិន) AP - Daisuke Suzuki
ដោយ៖ អៀង សុខម៉ិញ
១៦ នាទី

ប៉េកាំង​រង់ចាំ​ទាល់​តែ​លោក​ដូណាល់ ត្រាំ ចាក​ចេញផុត​​ពី​តំណែង ទើប​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​ដាក់​ទណ្ឌកម្មអាមេរិក ពី​បទ​រំលោភ​អធិបតេយ្យ​​ចិន។ ក្នុង​ពេល​ដែល​លោក​ចូបៃដិន កំពុង​ប្រារព្ធ​ពិធី​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ទី៤៦  ​ចិនបញ្ចេញ​​ឈ្មោះ​​​​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រដ្ឋាភិបាលរបស់​លោក​ដូណាល់ត្រាំ ចំនួន​ជិត​៣០​រូប ក្នុង​បញ្ជី​ខ្មៅ។ ​​​​ចិន​ដែល​ជា​គូប្រជែង​ស្វ័យប្រវត្តិ​របស់​អាមេរិក ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​ចាស់ ដើម្បី​ព្រមាន​រដ្ឋបាល​អាមេរិក​ថ្មី​។

ផ្សាយពាណិជ្ជកម្ម

នៅ​វេលា​ម៉ោង​១​រំលង​អាធ្រាត្រ​យប់​នៅ​ប្រទេសចិន បញ្ជី​ឈ្មោះ​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ចំនួន​២៨​រូប បាន​លេច​ឡើងនៅ​ក្នុង​​វេបសាយ​របស់​ក្រសួងការបរទេស​ចិន។

ទីប្រឹក្សា​សេតវិមានលោក Peter Navarro និងលោក Robert O'Brien រដ្ឋ​លេខាធិការ​រង​ទទួលបន្ទុក​កិច្ចការ​អាស៊ីខាងកើតលោក David Stilwell រដ្ឋមន្ត្រីក្រសួង​សុខាភិបាលលោក Alex Azar តំណាង​អាមេរិក​នៅអង្គការ​សហប្រជាជាតិលោកស្រី Kelly Craft អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិរបស់​លោក​ដូណាល់ត្រាំលោក John Bolton  និងលោកStephen Bannon និងពិសេស​​លោក​ ប៉ុមបេអូ រដ្ឋមន្ត្រីការបរទេស​ក្នុង​រដ្ឋាភិបាលរបស់​​លោក​ត្រាំ បាន​​ក្លាយ​ជា​ជន​ដែល​ចិន​មិន​ស្វាគមន៍។ ឥស្សរជន​អាមេរិក​ទាំង​២៨​នាក់​នេះ ព្រមទាំង​ក្រុមគ្រួសារ ​មិនអាច​ធ្វើ​ដំណើរ​ចូល​ជាន់​ទឹកដី​ចិន និង​ដែន​ដី​ក្រោម​រដ្ឋបាល​ចិន​ ដូច​ជា​ ហុងកុងឬ​ម៉ាកាវ​បានទៀត​ទេ។

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ​ប៉េកាំង​បាន​​​បន្ទោស​ថា ដើម្បីប្រយោជន៍​​នយោបាយ​បែបអាត្មានិយម​ ​រើសអើង និង​​​ស្អប់​ខ្ពើម ​​​អ្នក​ទទួលខុសត្រូវ​អាមេរិកខ្លះមាន​ជំហរ​ប្រឆាំង​ចិន ​ដល់ថ្នាក់​​លើកផែនការ ប្រព្រឹត្ត​អំពើ​ជ្រៀតជ្រែកកិច្ចការ​ផ្ទៃក្នុង​ បំផ្លាញ​ផលប្រយោជន៍​ជាតិ-ប្រជាពលរដ្ឋ​ចិន និង​បាន​ធ្វើ​ឱ្យ​ទំនាក់​ទំនង​អាមេរិក​​​​ចិនធ្លាក់​ដុនដាបខ្លាំង។

ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នៅ​ចំ​ពេល​​ប្រធានាធិបតី​អាមេរិក​ស្បថ​ចូលកាន់​តំណែង ទណ្ឌកម្ម​​​ប្រឆាំង​នឹង​អ្នកទទួល​ខុស​ត្រូវ​ក្នុង​រដ្ឋាភិបាល​ផុត​អាណត្តិនេះ​ មាន​តម្លៃ​ជា​សារព្រមាន​​​លោក​ចូបៃដិនថា​ចិន​មិន​ព្រលែង​នរណា​ដែលបាន​រំខាន​ផលប្រយោជន៍​ចិន​ឡើយ។

ប៉ុន្តែ​ក្រុមការងារ​រដ្ឋបាល​ថ្មីរបស់​លោក​បៃដិន ក៏មិន​បណ្តោយ​ដែរ​ និង​បាន​បញ្ចេញ​ប្រតិកម្ម​តប​វិញ​ភ្លាម ថា ទណ្ឌកម្ម​ចិន​ជា​ទង្វើ​គ្មាន​លក្ខណៈ​ស្ថាបនា និង​គួរ​ឱ្យ​អៀន​ខ្មាស។ លោក អង់តូនី ប្ល៊ីងកិន អ្នកការទូ​ត​ដ៏​ជំនាញ ដែល​លោក​ចូបៃដិន​បាន​ជ្រើស​តាំង​ជា​រដ្ឋមន្ត្រីក្រសួង​ការបរទេស បាន​អះអាង​នៅ​ចំពោះ​មុខគណៈកម្មការព្រឹទ្ធសភា​ថា សម្រាប់​លោក ចិន​​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​បំផុត​របស់​អាមេរិក​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត។ ជា​និម្មិត្តរូប​ដំបូង ប្រធានាធិបតី​ទី ៤៦​របស់​អាមេរិក​បាន​អញ្ជើញជា​ផ្លូវការ​តំណាង​តៃវ៉ាន់ ​​មកចូល​​រួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង។ តៃប៉ិ​បាន​អះអាង​នៅ​ថ្ងៃព្រហស្បតិ៍ទី​២១មករា​​ថា នេះ​ជា​លើក​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ គិត​ចាប់​តាំង​ពី​អាមេរិក​បាន​ទទួល​ស្គាល់គោលការណ៍​ចិន​តែមួយ​នៅ​ឆ្នាំ​១៩៧៩មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI