រដ្ឋបាលអាមេរិកថ្មី នឹងពិនិត្យមើលឡើងវិញ កិច្ចព្រមព្រៀងសន្តិភាព ដែលធ្លាប់ចុះជាមួយពួកតាលីបង់
ចុះផ្សាយនៅថ្ងៃ៖
បន្ទាប់ពីប្រកាសត្រលប់ចូលកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស និងចូលជាសមាជិករបស់អង្គការសុខភាពពិភពលោកឡើងវិញ រដ្ឋាភិបាលថ្មីរបស់អាមេរិក ដឹកនាំដោយលោកចូ បៃដិន បានប្រកាស ចង់ពិនិត្យមើលឡើង វិញ កិច្ចព្រមព្រៀងសន្តិភាពដែលរដ្ឋបាលលោកដូណាល់ ត្រាំ បានចុះជាមួយពួកតាលីបង់ កាលពីខែ ឆ្នាំមុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរបស់ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន កាលពី ថ្ងៃសុក្រ ទី ២៣ មករា ២០២១។ ទីក្រុងកាប៊ូល ដែលស្ថិតនៅក្រៅសៃង្វៀននៃកិច្ចព្រមព្រៀងអាមេរិក -តាលីបង់ ស្វាគមចំណាត់ការរបស់រដ្ឋបាលអាមេរិកថ្មី។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាហ្វហ្កានីស្ថាន លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតីចូ បៃដិន បានបញ្ជាក់ច្បាស់ពី ជំហររបស់រដ្ឋបាលថ្មី ក្នុងការពិនិត្យ មើលឡើងវិញ កិច្ចព្រមព្រៀងសន្តិភាព អាមេរិក តាលីបង់ ដែលធ្វើឡើងនៅក្រោមអាណត្តិដឹកនាំរបស់លោកដូណាល់ ត្រាំ។
តាមសេចក្តីប្រកាសព័ត៌មាន កាលពី ថ្ងៃសុក្រ អ្នកនាំពាក្យរបស់ទីប្រឹក្សាសន្តិសុខរបស់ លោកចូ បៃដិនបានអះអាងថា ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបានសុំបញ្ជាក់ទៅខាងភាគីអាហ្វហ្កានីស្ថាន ឲ្យជួយវាយតម្លៃថា តើពួកឧទ្ទាមតាលីបង់មានបានគោរពកិច្ចព្រមព្រៀង ដូចជា កាត់បន្ថយ ការវាយប្រហារដោយហិង្សា នៅអាហ្វហ្កានីស្ថាន កាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមភេរវនិយម ឬចរចា ដោយម៉ត់ចត់ដើម្បីបង្កើតសន្តិភាពជាមួយ រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែរឬទេ។
ទៅតាមកិច្ចព្រមព្រៀងសន្តិភាព អាមេរិក តាលីបង់ ចុះខែកុម្ភៈ ឆ្នាំ មុន អាមេរិកបានយល់ព្រមដកទ័ពទាំងអស់ចេញពី ទឹកដីអាហ្វហ្កានីស្ថាន នៅពាក់កណ្តាលឆ្នាំ២០២១នេះ ជាថ្នូរនឹងការសន្យារបស់ពួកតាលីបង់ ថា នឹងឈប់ទាក់ទង ផ្តល់កន្លែង ឲ្យពួកភេរវនិយម ដើម្បី វាយប្រហារ ធ្វើភេរវកម្ម នៅ អាហ្វហ្កានីស្ថាន។
ទូរស័ព្ទបញ្ជាក់ជំហររបស់រដ្ឋបាលអាមេរិកថ្មី បានធ្វើឲ្យរដ្ឋាភិបាលអាហ្វហ្កានីស្ថានកក់ក្តៅក្នុងចិត្ត ព្រោះថា បន្ទាប់ពីត្រូវគេផាត់ចេញ គ្មានមុខនៅក្នុងកិច្ចព្រមព្រៀង អាមេរិក តាលីបង់ រដ្ឋាភិបាលអាហ្វហ្កានីស្ថាន កំពុងរង់ចាំមើល ដោយអន្ទះសារ ជំហររបស់រដ្ឋបាលអាមេរិកថ្មី ដឹកនាំដោយលោកចូ បៃដិន។
នៅក្រោយសន្ទនាជាមួយ សមភាគីអាមេរិក ទីប្រឹក្សាសន្តិសុខជាតិអាហ្វហ្កានីស្ថាន បានអះអាងថា អាមេរិកនិងអាហ្វហ្កានីស្ថាន នឹងបន្តសហការគ្នា ដើម្បីធ្វើឲ្យមានបទឈប់បាញ់ សន្តិភាពមួយដែលយុត្តិធម៌ និងយូរអង្វែង។
លោក Sediq Sediqqi អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អាហ្វហ្កានីស្ថាន បានឆ្លៀតឱកាសនេះ រិះគន់ កិច្ចព្រមព្រៀងសន្តិភាព អាមេរិក តាលីបង់ ថា មិនបានជួយឲ្យបញ្ឈប់ អំពើហិង្សា និងការគោរពបទឈប់បាញ់នោះទេ។ ចាប់តាំងពីការចរចារវាងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន និងពួកតាលីបង់ ត្រូវជាប់គាំង នៅ ខែ កញ្ញា ការវាយប្រហារដ៏ហិង្សា បានកើតមានជាបន្តបន្ទាប់នៅទូទាំងប្រទេសអាហ្វហ្កានីស្ថាន។ អ្នកកាសែត ចៅក្រម អ្នកនយោបាយ និងសកម្មជនការពារសិទ្ធិមនុស្ស បានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារភេរវកម្ម នៅមួយរយៈចុងក្រោយនេះ។ ថ្វីត្បិតថា ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមទាមទារជាអ្នកទទួលខុសត្រូវលើការវាយប្រហារ ភេរវកម្ម ប៉ុន្តែ ទាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន និងមន្រ្តីអាមេរិកចោទប្រកាន់ថា ជាស្នាដៃរបស់ពួកតាលីបង់ ដែលចង់ប្រើអំពើហិង្សា ធ្វើជាគំនាប ដាក់សម្ពាធ ក្នុងការចរចាជាមួយភាគីអាហ្វហ្កានីស្ថាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ