ចិន-អណ្តូងរ៉ែ

ចិន៖ ពលករអណ្តូងរ៉ែ​៧នាក់ ក្នុង​ចំណោម​​២១នាក់ ត្រូវបាន​​សង្គ្រោះ​ចេញ​មកក្រៅ

ក្រុមសង្គ្រោះ កំពុងបន្តប្រតិបត្តិការ​សង្គ្រោះពលករអណ្តូងរ៉ែមាស នៅ Qixia ខេត្តស្ហានទុង។ ថ្ងៃទី ២៤ មករា ២០២០
ក្រុមសង្គ្រោះ កំពុងបន្តប្រតិបត្តិការ​សង្គ្រោះពលករអណ្តូងរ៉ែមាស នៅ Qixia ខេត្តស្ហានទុង។ ថ្ងៃទី ២៤ មករា ២០២០ REUTERS - ALY SONG
ដោយ៖ ម៉ម ពិសី
១៤ នាទី

យោងតាមការផ្សាយ​របស់​បណ្តាញ​ព័ត៌មានចិន ពលករអណ្តូងរ៉ែម៉ាស ដែលជាប់គាំងក្នុងដីជំរៅជាង​៥០០ម៉ែត្រ ៧នាក់ ត្រូវបានសង្គ្រោះឡើងមកខាងក្រៅហើយ នៅថ្ងៃអាទិត្យ​ទី​២៤មករានេះ។ ប្រតិបត្តិការជួយ​សង្គ្រោះ ពលករផ្សេងទៀត កំពុងប្រព្រឹត្តិធ្វើទៅ​យ៉ាងសស្រាក់សស្រាំ ដោយ​ក្រុមសង្គ្រោះចិន។

ផ្សាយពាណិជ្ជកម្ម

នៅវេលាម៉ោង១១ព្រឹក ម៉ោងនៅប្រទេសចិន ទូរទស្សន៍ CCTV បានផ្សាយរូបភាព ដែលគេឃើញ​ពលករអណ្តូងរ៉ែ​ម្នាក់ ត្រូវបានគេយោងស្រង់ចេញ​ពីក្នុងដី មុនដំបូងគេបង្អស់។ ក្រោយ​ស្រង់មកដល់លើភ្លាម ពលករនោះត្រូវគេដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ បើតាមប្រភពដដែល ពលករដែលគេសង្គ្រោះចេញមកបានដំបូងគេនេះ មិនស្ថិតនៅក្នុងក្រុម​ពលករទាំង១០នាក់ ដែល​ក្រុមសង្គ្រោះបានភ្ជាប់ទំនាក់ទំនងបាន កាលពីប៉ុន្មានថ្ងៃមុនទេ។

ប៉ុន្មានម៉ោងក្រោយ​មក នៅម៉ោងប្រមាណ​ ១និង៣២នាទី ពលករ៣នាក់ទៀតត្រូវ​បានគេយោងឡើងមកលើ។ បន្ទាប់មក គេបានសង្គ្រោះ៣នាក់បន្ថែមទៀត នៅ​ម៉ោង​២រសៀល។ ពលករទាំង៦នាក់នេះ គឺស្ថិតក្នុងក្រុម​ពលករទាំង​១០នាក់ ដែលបាន​ទាក់ទងជាមួយ​ក្រុមសង្គ្រោះ។ ពលករដែលត្រូវគេជួយសង្គ្រោះ ត្រូវគេបំពាក់ក្រណាត់រំភ្នែកពណ៌ខ្មៅ ដើម្បីការពារ​ភ្នែកកុំឲ្យ​ចាំងនឹងពន្លឺ។ ក្រុមសង្គ្រោះបានអះអាងថា គេសង្ឃឹមថា នៅថ្ងៃអាទិត្យទី​២៤មករា គេនឹងអាចស្រង់យក​ពលករទាំង​១០នាក់ ដែលស្ថិតក្នុងក្រុមនេះ បន្ទាប់ពី​បាន​កាយ​ដី​ចេញ​ពីច្រកចូល ចុះទៅ​ក្នុង​រូងអណ្តូង​រ៉ែ។

សូមរំលឹកថា ហេតុការណ៍​ផ្ទុះនៅអណ្តូងរ៉ែមាស ក្នុងខេត្តស្ហានទុងនេះ បានកើតឡើង កាលពីថ្ងៃទី​១០មករា។ កំទេចដីនិងថ្មបាក់បាក់បែក បានបិទច្រក​ចេញចូលអណ្តូងរ៉ែ ធ្វើឲ្យ​ជាប់គាំង​ពលករចំនួន​២១នាក់។ ពលករ១១នាក់ ស្ថិតនៅជាក្រុម ក្នុងជម្រៅ​ដីប្រមាណ​៥៨០ម៉ែត្រ តែមានម្នាក់បានស្លាប់​ដោយសាររបួសធ្ងន់។ ពលករទី​១២ ស្ថិតនៅ​ជាប់គាំងតែម្នាក់ឯង ខាងក្រោមនេះប្រមាណ​១០០ម៉ែត្រ ដោយគ្មានដំណឹងអ្វីទាំងអស់។ ចំណែកពលករ៩នាក់ទៀត ស្ថិតនៅក្នុងជម្រៅដីជ្រៅជាងនេះ តែក្រុមសង្គ្រោះមិនអាចភ្ជាប់ទំនាក់ទំនងបានទេ ប្រមាណ​២សប្តាហ៍កន្លងមកហើយ។

ដោយហេតុតែស្ថានភាពស្រទាប់ដី ដែលសំបូរថ្មក្រានីត បានធ្វើឲ្យ​មានការលំបាកដល់ការជីងរូង ដើម្បីទៅសង្គ្រោះពលករ។ កាលពីថ្ងៃសុក្រ ក្រុមសង្គ្រោះបានអះអាងថា គេត្រូវការពេលយ៉ាងហោច ២សប្តាហ៍ទៀត ដើម្បី​ស្រង់យកពលករទាំងអស់ចេញមកក្រៅ។ តែយ៉ាងណា​ សេចក្តីសង្ឃឹមមានកាន់តែតិចទៅ ចំពោះក្រុមពលករ៩នាក់ ដែលក្រុមសង្គ្រោះមិនអាចទាក់ទងបាន។

គួរកត់សំគាល់ថា ករណី​គ្រោះថ្នាក់អណ្តូងរ៉ែនៅប្រទេសចិន តែងតែកើតមានជាញឹកញាប់។ បើទោះបីជា​អាជ្ញាធរចិន បានរឹតបង្តឹងច្បាប់យ៉ាងណាក៏ដោយ តែមិនសូវមានការអនុវត្តគោរពជាក់ស្តែងទេ។ កាលពីខែធ្នូ ពលករ២៣នាក់ បានស្លាប់ នៅក្នុងអណ្តូងរ៉ែធ្យូងថ្ម នៅខេត្តឆុងជីង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI