សហរដ្ឋអាមេរិក និងប្រទេសចិនបង្ហាញសាច់ដុំដាក់គ្នានៅសមុទ្រចិនខាងត្បូង
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃអាទិត្យ ទី២៤ មករា មាននាវាផ្ទុកយន្តហោះចម្បាំងអាមេរិកជាច្រើនគ្រឿងបានបរចូលក្នុងសមុទ្រចិនខាងត្បូង។ កាយវិការនេះត្រូវបានរដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតីចូ បៃដិនលើកយកហេតុផលទៅពន្យល់ថា ដើម្បីការពារសេរីភាពក្នុងការធ្វើចរាចរណ៍នៅក្នុងដែនទឹកអន្តរជាតិ។ តែសារពិតដែលក្រុងវ៉ាស៊ីនតោនចង់បញ្ជូនទៅឲ្យក្រុងប៉េកាំងនោះគឺថា សហរដ្ឋអាមេរិកត្រៀមខ្លួនគ្រប់ពេលដើម្បីការពារកោះតៃវ៉ាន់ប្រឆាំងនឹងគ្រប់ទង្វើឈ្លានពានទាំងអស់។
មាននាវាផ្ទុកយន្តហោះចម្បាំងអាមេរិកាំងចំនួន ៤គ្រឿងបានទៅដល់សមុទ្រចិនខាងត្បូងក្នុងថ្ងៃអាទិត្យ ទី២៤ មករា ពោលក្នុងថ្ងៃដែលចិនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងសរុបប្រមាណជា ៣០គ្រឿងហោះឆ្លងចូលព្រំដែនអាកាសដែលខ័ណ្ឌចែកមិនផ្លូវការរវាងកោះតៃវ៉ាន់ និងចិនដីគោក។ មែនទែនទៅ កាយវិការរបៀបនេះរបស់ក្រុងប៉េកាំងមិនមែនជារឿងថ្មី និងបានកើតមានញយដងនារយៈពេលប៉ុន្មានខែចុងក្រោយ។ តែអ្វីដែលថ្មី និងខុសប្លែកពីសព្វមួយដងនៅត្រង់ថាលើកនេះ ចិនបានបញ្ជូនសុទ្ធតែប្រភេទយន្តហោះប្រយុទ្ធ ពោលមិនមែនប្រភេទយន្តហោះការពារដូចមុនឡើយ។
ទង្វើនេះបានបង្ខំឲ្យតៃវ៉ាន់ដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលដើម្បីបង្ការទប់។ រហូតមកដល់ពេលនេះ ក្រុងប៉េកាំងនៅមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីចំពោះវត្តមាននាវាផ្ទុកយន្តហោះអាមេរិកាំងក្នុងសមុទ្រចិនខាងត្បូងពេលនេះទេ។ តែបើតាមមើលទៅ ចិនប្រហែលជាមិនសប្បាយចិត្តចំពោះកាយវិការដំបូងរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោកចូ បៃដិនចំពោះកោះតៃវ៉ាន់ប៉ុន្មានទេ ពិសេសការដែលអាមេរិកបានអញ្ជើញអ្នកតំណាងតៃវ៉ាន់ឲ្យចូលរួមនៅក្នុងពិធីស្បថចូលកាន់តំណែងរបស់ លោកចូ បៃដិនកាលពីថ្ងៃពុធ ទី២០ មករាកន្លងទៅ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានថ្លែងនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា ចិនត្រូវតែបញ្ឈប់ការដាក់សម្ពាធផ្លូវយោធា ការទូត និងសេដ្ឋកិច្ចលើកោះតៃវ៉ាន់ ហើយត្រូវសន្យាបង្កើតឲ្យមានកិច្ចសន្ទនាប្រកបដោយការស្ថាបនាជាមួយរដ្ឋអំណាចតៃវ៉ាន់។ ពិតណាស់ សហរដ្ឋអាមេរិកបាននិយាយពីវត្តមាននាវាផ្ទុកយន្តហោះចម្បាំងរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដើម្បីការពារសេរីភាពក្នុងការធ្វើចរាចរណ៍នៅក្នុងដែនទឹកអន្តរជាតិ។ តែនេះក៏ជាសារមួយដែលក្រុងវ៉ាស៊ីនតោនចង់ព្រមានប្រាប់ក្រុងប៉េកាំងថា ដែនទឹកនៅសមុទ្រចិន និយាយជារួម និងនៅសមុទ្រចិនខាងត្បូង និយាយដោយឡែកមិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់ប្រទេសណាមួយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ