ឥណ្ឌា-ចិន

ទាហាន​ឥណ្ឌា​និ​ងចិនប៉ះទង្គិច​​គ្នា​ជា​ថ្មី នៅ​តាម​ព្រំដែន លើ​ជួរ​ភ្នំ​ហេមពាន្ត

ទាហាន​ចិន​និង​ទាហាន​ឥណ្ឌា នៅ​តំបន់​ព្រំដែន​។ រូបថត​ខែ​កក្កដា ២០០៨
ទាហាន​ចិន​និង​ទាហាន​ឥណ្ឌា នៅ​តំបន់​ព្រំដែន​។ រូបថត​ខែ​កក្កដា ២០០៨ AFP - DIPTENDU DUTTA
ដោយ៖ អៀង សុខម៉ិញ
១៨ នាទី

មាន​ការ​ប៉ះទង្គិច​ដោយ​ហិង្សា​ ជា​ថ្មី រវាង​ទាហាន​ឥណ្ឌា​និង​ចិន ដែល​ឈរ​ជើង​នៅ​តាម​ព្រំដែន​ត្រង់​តំបន់​ហិរពាន្ត​ជាប់​ជម្លោះ បង្ក​ឱ្យ​​ទាហាន​ប្រមាណ​ជាង​២០​នាក់​រង​របួស។ តាំង​ពី​ខែ​មិថុនា​២០២០ ថ្ងៃ​ដែលទាហាន​ទាំង​សងខាង​​បាន​ផ្ទុះ​អាវុធ​ដាក់​គ្នារហូត​​បាន​ធ្វើ​ឱ្យ​ទាហាន​ឥណ្ឌា​២០​នាក់​បាត់​បង់​ជីវិតមក  ចិន​និង​ឥណ្ឌា​ស្ថិត​ក្នុង​លក្ខណៈធ្វើ​​សង្គ្រាម​​ជាប់​ជានិច្ច​។ ប៉ុន្តែ​ឥណ្ឌា បាន​ចាត់​ទុក​ការ​ប៉ះទង្គិច​គ្នា​ថ្មី​លើក​នេះ ថា​ការ​ប្រឈម​តូច​​ទេ។

ផ្សាយពាណិជ្ជកម្ម

រ​ប៉ះទង្គិច​បាន​កើត​ឡើង​នៅ​ថ្ងៃ​សុក្រ​ទី ២២​មករា ២០២១ ប៉ុន្តែ​ទើប​ត្រូវ​បាន​ទាហាន​ឥណ្ឌា​ជូន​ដំណឹង​នៅ​ថ្ងៃ​ចន្ទ​ទី ២៥​មករា​នេះតែ​ប៉ុណ្ណោះ។ ជា​ប៉ះទង្គិច​នៅ​ជិត​តំបន់ Naku La ក្នុង​រដ្ឋ​ Sikkim ដែល​មាន​​ព្រំដែន​ជាប់​តំបន់​ទីបេរបស់​​ចិន​។ តាមធម្មតា ដែនដី​​នេះ​មិន​ជា​តំបន់​ជាប់​ជម្លោះ​ទេ ប៉ុន្តែ​ក្នុង​បរិបទ​ដ៏​តានតឹង​ស្រាប់ ​ទាហាន​ទាំង​សង​ខាង បាន​បង្កើន​ភាព​ប្រុង​ប្រយ័ត្ន និង​​តែង​ដើរ​ល្បាត​ជា​ញឹក​ញយ​។

បើ​តាម​ប្រភព​យោធា​ឥណ្ឌា​ ហេតុការណ៍​ប៉ះទង្គិច​បាន​កើត​ឡើង​នៅ​ពេល​កង​ទ័ព​ចិន​ បាន​ប៉ុនប៉ង​ឆ្លង​ព្រំដែន​ចូល​ដី​ឥណ្ឌា ទើប​ត្រូវ​បាន​ទាហាន​ឥណ្ឌា​ច្រាន​ចេញ​ទៅ​វិញ ទើ​បមាន​ការ​ប៉ះទង្គិច​គ្នា​បន្តិច​បន្តួច។ ប៉ុន្តែ​គេ​ពុំ​ទាន់​អាច​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នេះ បាន​ទេ ព្រោះ​កន្លែង​កើត​ហេតុ​ជា​តំបន់​ព្រៃ​ក្រាស់​ មាន​គំនូសខណ្ឌ​ចែក​​ព្រំ​ដែន​ពុំ​សូវ​ច្បាស់​លាស់។ មាន​ទាហាន​ចិន​២០​នាក់​ និង​ទាហាន​ឥណ្ឌា​៤​នាក់​បាន​រង​របួស។ នេះ​បើ​តាម​ប្រភព​យោធា​ឥណ្ឌា​ដដែល ដែល​បាន​អះអាង​ថា នាយ​ទាហាន​ប្រចាំ​ការ​នៅ​ទីនោះ បាន​ដោះស្រាយ​ជម្លោះ​រួច​រាល់​ហើយ។ ចំណែក​ខាង​ចិន​វិញ ក្រសួង​ការបរទេស​ចិន​​បា​នប្រកាស​ថា​គ្មានទទួល​​ព័ត៌មានអ្វី​ទាក់ទង​នឹង​ការ​ប៉ះទង្គិច​គ្នា​លើក​នេះ​ទេ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន បាន​អះអាង​ថា​យោធា​ចិន​បំពេញ​តួនាទី​ជា​អ្នក​រក្សា​សន្តិភាព​និង​ភាព​ស្ងប់​ស្ងាត់​ឱ្យ​តំបន់ ដូច្នេះ​ខាង​ឥណ្ឌា​ត្រូវ​ធ្វើ​ដូច​ចិន​ដែរ។​

តាំង​ពី​ឆ្នាំ​១៩៧៥មក ដើម្បី​កាត់​បន្ថយ​ហានិភ័យ​សង្គ្រាម យោធា​តាម​ព្រំដែន​របស់​ប្រទេស​ទាំង​ពីរ​ពុំ​មាន​កាន់​អាវុធ​​មាន​គ្រាប់​ផ្ទុះ​ឡើយ។ ដូច្នេះ​ជា​ផ្លូវការ​គ្មាន​ការ​ផ្ទុះ​អាវុធ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង គឺ​តាំង​ពី​ផ្ទុះ​អាវុធ​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​មួយ កាលពី​ខែ​មិថុនា​២០២០​មក ភាគី​ទាំង​ពីរ​ស្ថិត​ក្នុង​លក្ខណៈ​ត្រៀម​អាសន្ន​សង្គ្រាម​ជាប់​រហូត។ ភាគី​ទាំង​ពីរ​បា​ន​ព្រមព្រៀង​បើក​​ការចរចា​ដោះស្រាយ​ជម្លោះ​ព្រំដែន​ដែល​នៅ​សេសសល់។ តែ​ការចរចា​ត្រូវ​ជាប់​គាំង​ស្តូក តាំង​ពី៦​ខែ​មកហើយ។ កាលពី​ថ្ងៃ​អាទិត្យ​មេបញ្ជាការ​យោធា​ឥណ្ឌា​បាន​ជួប​ចរចា​គ្នា​ជា​ថ្មី តែ​ពុំ​ឃើញ​មាន​ចេញ​សេចក្តី​ថ្លែងការណ៍​អ្វី​ទាំង​អស់​។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ឥណ្ឌា​និង​ចិន កំពុង​ប្រឈម​មុខ​ដាក់​គ្នា​កាន់​ខ្លាំង​ឡើង។

បើ​តាមការ​វិភាគ​របស់​ក្រុមយោធា​ឥណ្ឌា យោធា​ចិន ទំនង​កំពុង​សាង​សង់​រចនា​សម្ព័ន្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ​ទីបេ ចម្ងាយ​ប្រមាណ​មិន​ដល់​២០០​គីឡូម៉ែត្រ​​ពី​ព្រំ​ប្រទល់​ឥណ្ឌា​ទេ។ ​សំណង់​​ចិន​នេះ ទំនង​ជា​នឹង​អាច​ត្រូវ​បាន​ប្រើមូលដ្ឋាន​ទ័ព​ចិន​សម្រាប់​ធ្វើ​វាយប្រហារ​ណាមួយ នៅ​ខែ​រវាង​ខែ​មេសា ​ពេល​ចប់​រដូវ​រងារ​។

ឥណ្ឌា​និ​ងចិន​ធ្លាប់​ធ្វើ​សង្គ្រាម​នឹង​គ្នា​ដោយ​ចំហ​ចុងក្រោយ​គេ​បង្អស់​នៅ​ឆ្នាំ​១៩៦២។ ជា​សង្គ្រាម​មួយ​ឆាប​ដែល​ទាហាន​ឥណ្ឌាបាន​ទទួល​បរាជ័យ​យ៉ាង​ជូរចត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI