ភូមា ៖ រលករដ្ឋប្រហាររសាត់ឆ្ងាយ យោធាសន្យាគោរព និងថែរក្សារដ្ឋធម្មនុញ្ញ
ចុះផ្សាយនៅថ្ងៃ៖
យោធាភូមាដែលជាស្ថាប័នដ៏មានអំណាចនៅភូមា បានធានាអះអាងនៅថ្ងៃសៅរ៍ទី ៣០មករា២០២១នេះថា នឹងគោរព ច្បាប់រដ្ឋធម្មនុញ្ញជាតិ។ ពោលគឺផ្ទុយស្រលះពីពាក្យព្រមានរបស់មេទ័ព លោកមីន អ៊ុងឡាំង Min Aung Hlaing កាលពី ថ្ងៃពុធដែលព្រលយអំពីលទ្ធភាពនៃការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលកំពុងកាន់អំណាច។
“Tatmadaw (ឈ្មោះផ្លូវការរបស់កងកម្លាំងយោធាភូមា) គោរពធម្មនុញ្ញបច្ចុប្បន្ន ហើយនឹងបន្តគោរពការពារច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ” នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថាប័នយោធាជាតិ ដោយពន្យល់បំភ្លឺថាអង្គការនិងសារព័ត៌មានផ្សេងៗ បានយល់ច្រលំ និងបានបកស្រាយខុសខ្លឹមសារនៃសុន្ទរកថារបស់លោកមេទ័ព មីន អ៊ុងឡាំង កាលពីពុធទី ២៧មករាមុន។
លោកមេទ័ព មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធា ដ៏មានអំណាចបំផុតនៅភូមា បានប្រកាសថា កងទ័ពទំនងជាចាំបាច់ត្រូវលុបចោលរដ្ឋធម្មនុញ្ញ ឆ្នាំ២០០៨ នៅក្នុងកាលៈទេសៈណាមួយ។ ពាក្យមួយឃ្លានេះដែលត្រូវបានបកប្រែជាភាសាអង់គ្លេស និងផ្សព្វផ្សាយក្នុងទំព័រកាសែតយោធា បានបំផុសបង្អើលកាន់ខ្លាំងឡើងខ្លាចមានរដ្ឋប្រហារនៅភូមា។ ក្តីព្រួយបារម្ភបានផ្អើលដល់សហគមន៍អន្តរជាតិ។ គណបក្សនយោបាយតូចៗនៅភូមា បានទទូចលោកឱ្យបក្សកាន់អំណាចទៅចរចាជាមួយយោធា ...
មុនសេចក្តីប្រកាសរបស់មេទ័ព ភូមាធ្លាក់ក្នុងភាពតានតឹងស្រាប់ទៅហើយ ដោយកាលពីថ្ងៃអង្គារទី ២៦មករា អ្នកនាំពាក្យយោធាធ្លាប់បានព្រលយអំពីលទ្ធភាពធ្វើរដ្ឋប្រហារម្តងហើយ។ ហើយតាំងពីជាច្រើនថ្ងៃកន្លងមកនេះ ក្រុមយោធាបានធ្វើការរិះគន់ភាពមិនប្រក្រតីនៃការបោះឆ្នោតសភាកាលពីខែវិច្ឆិកា ដែលគណបក្សសម្ព័ន្ធប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី ជាអ្នកឈ្នះ។ បើតាមយោធាភូមា មានការលួចបន្លំឆ្នោតដល់ទៅប្រមាណ១០លានករណី។ យោធាបានស្នើឱ្យគណៈកម្មការគ្រប់គ្រងការបោះឆ្នោតជាតិ ផ្សាយបញ្ជីឈ្មោះបោះឆ្នោតដើម្បីផ្ទៀងផ្ទាត់ តែគណៈកម្មការបដិសេធ។
យោធាភូមាធ្លាប់ធ្វើរដ្ឋប្រហារលុបចោលរដ្ឋធម្មនុញ្ញដណ្តើមអំណាច និងបង្កើតរបបសឹកគ្រប់គ្រងប្រទេសពីរដងហើយ នៅឆ្នាំ ១៩៦២ និងឆ្នាំ ១៩៨៨៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ