អាហ្វហ្កានីស្ថាន-ភេរវកម្ម

អាហ្វហ្កានីស្ថាន តាលីបង់បង្កើន​ការ​​វាយប្រហារ​លើកងកម្លាំង​រដ្ឋាភិបាល

ការ​វាយប្រហារ​ភេរវកម្មនៅ​ក្រុងកាប៊ូល​កាលពី​ខែធ្នូ (រូបតំណាង)
ការ​វាយប្រហារ​ភេរវកម្មនៅ​ក្រុងកាប៊ូល​កាលពី​ខែធ្នូ (រូបតំណាង) Zakeria HASHIMI AFP/File

មាន​ស្នូរ​ផ្ទុះគ្រាប់​​ជា​រៀង​រាល់​ថ្ងៃ​នៅ​កណ្តាល​រដ្ឋធានី ... និង​ថ្ងៃ​ទី ៣០មករា​នេះ​ទៀត ​មានស្លាប់យ៉ាងហោច​ណាស់​ទាហាន​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​៨នាក់ នៅ​ក្នុង​ការ​វាយប្រហារ​អត្តឃាត​បំផ្ទុះ​រថយន្ត​មួយ​ ប្រឆាំង​នឹង​មូលដ្ឋាន​ទ័ព នៅ​ខេត្ត Nangarharនៅ​ភាគ​​ខាងកើត​ប្រទេស។ ប្រឈម​នឹង​សន្ទុះ​នៃ​អំពើ​ហិង្សា ប្រធានាធិបតីអាហ្វហ្កនីស្ថាន បាន​អំពាវនាវ សុំ​ឱ្យ​រដ្ឋបាលអាមេរិក​របស់​លោក ចូ បៃដិន ដាក់​គំនាប​​លើ​​​ពួក​តាលីបង់​ ដែល​ជា​អ្នក​សាបព្រោះ​អំពើ​ភេរវកម្ម​នេះ។

ផ្សាយពាណិជ្ជកម្ម

តាលីបង់ មិន​ត្រឹម​តែ​បានចេញ​មុខ​ភ្លាម​ប្រកាស​ថា​ជា​ស្នាដៃ​វាយប្រហារ​របស់​ពួកគេ​ទេ តែ​ថែម​ទាំង​បាន​បំប៉ោង​តួលេខ​ជន​រងគ្រោះ​ ដូច​ទម្លាប់ ថា​មាន​អ្នក​ស្លាប់​ដល់​ទៅ​ប្រមាណ៥០នាក់​។ មិនមែន​ ៨នាក់​ដូច​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ទេ។

ហេតុការណ៍​ភេរវកម្មនេះ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ បាន​ស្តី​បន្ទោស​កាលពី​ថ្ងៃព្រហស្បតិ៍​ទី ២៨មករា ២០២១ ថា​ពួកឧទ្ទាម​តាលីបង់ មិន​គោរព​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក​ចុះ​ហត្ថលេខា​កាលពី​ខែ​កុម្ភៈ​២០២០​ទេ។ ពួក​តាលីបង់​មិនព្រមបញ្ឈប់​សកម្មភាព​ហិង្សា​វាយប្រហារ​លើ​កងកម្លាំង​រក្សាសន្តិសុខ​អាហ្វហ្កានីស្ថានសោះ។ បើតាមកិច្ចព្រមព្រៀង​ ដែល​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន មិនបាន​ផ្តល់​សច្ចាប័ន ពួកតាលីបង់​សន្យា​បញ្ឈប់​ការ​វាយប្រហារ​ប្រឆាំង​នឹង​កងទ័ព​បរទេស និង​ សកម្មភាព​ភេរវកម្ម​ ជា​ថ្នូរ​នឹង​ការ​ដក​បរទេស​(ភាគច្រើន​ជា​ទាហានអាមេរិក) ចេញ​ពី​ទឹក​ដី​អាហ្វហ្កានីស្ថាន​ទាំង​ស្រុង​នៅ​ខែឧសភា ២០២១។

ប៉ុន្តែ​ តាំង​ពី​ចាប់​ផ្តើមចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​កាប៊ូល​ដោយ​គើមៗនៅ​ខែ​កញ្ញា​២០២០មក ពួកតាលីបង់ បង្កើន​ការ​វាយប្រហារ​ឥត​ឈប់ ពេញទូទាំង​ប្រទេស។ ស្នូរ​ផ្ទុះ​គ្រាប់​មាន​លាន់​ឮ​ស្ទើរ​ជា​រៀង​រាល់ថ្ងៃ​នៅរដ្ឋធានី​កាប៊ូល ពីរ​គ្រាប់​នៅ​ថ្ងៃសៅរ៍​នេះ បណ្តាល​ឱ្យ​ជនស៊ីវិល​បួននាក់​​រង​របួស​។

ជាងនេះទៀត បើ​តាម​រដ្ឋាភិបាល​អាមេរិក​និង​អាហ្វហ្កានីស្ថាន ​ពួក​តាលីបង់​កំពុង​បង្កសកម្មភាព​​ធ្វើ​ឃាត​ ដោយ​ចំពោះ លើ​ឥស្សរជន​នយោបាយ អ្នកសារព័ត៌មាន សកម្មជន​ការពារ​សិទ្ធិមនុស្ស​ ឬ​គ្រូពេទ្យ​ ។ល។ និង​។ល។ ទៀត។

ស្ថានភាព​នឹង​​ដុនដាបខ្លាំង នៅ​ពេល​​ដកកងទ័ព​បរទេស​អស់។ អាហ្វហ្កានីស្ថាន​រំពឹង​លើរដ្ឋាភិបាល​អាមេរិក​ថ្មី របស់​លោក ចូបៃដិន ក្នុង​ការ​ដាក់គំនាប​លើ​ពួក​តាលីបង់ និង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ទាក់ទង​នឹង​វត្តមានកងទ័ព​អាមេរិក​នៅ​អាហ្វហ្កានីស្ថាន។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Ashraf Ghani ហ្កានី កាលពី​ថ្ងៃសុក្រ​ទី ២៩​មករា​២០២១។ លោកប្រធានាធិបតី​បាន​រិះគន់​អតីត​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ​​ ថា​បាននាំ​ទៅ​ចុះកិច្ចព្រមព្រៀង​ ​កាត់​បន្ថយ​អំពើ​ហិង្សា និងនាំ​ឱ្យ​មានបទ​ឈប់​បាញ់ តែ​ជាក់ស្តែង អំពើ​ហិង្សា​បាន​កើន​ឡើង​ដល់​កំពូលទៅទិញ។ ដូច្នេះ សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋាភិបាល​ថ្មី និង​អូតង់ ត្រូវ​តែ​បន្តឹង​ជំហរ គាប​ពួក​តាលីបង់ ឱ្យ​ធ្វើ​តាម​​ដែល​គេ​បាន​ចុះ​ហត្ថលេខា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI