ចិន-អូស្រ្តាលី

អ្នកកាសែតអូស្រ្តាលីលោកស្រីឆេង ឡីត្រូវបានរដ្ឋអំណាចចិនចាប់ខ្លួន និងចោទប្រកាន់ជាផ្លូវការ

ពិធីការនីទូរទស្សន៍អូស្រា្តលីលោកស្រីឆេង ឡី
ពិធីការនីទូរទស្សន៍អូស្រា្តលីលោកស្រីឆេង ឡី Vaughn Ridley / Contributeur

នៅ​ប្រទេស​អូស្រា្តលី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​លោកស្រី​ម៉ារីស ផេន​បាន​ប្រកាស​ក្នុង​ថ្ងៃ​ចន្ទ ទី៨ កុម្ភៈ​ថា ពិធីការនី​ទូរទស្សន៍​អូស្រា្តលី​លោកស្រី​ឆេង ឡី​ត្រូវ​បាន​រដ្ឋអំណាច​ចិន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពី​បទ​ទម្លាយ​ព័ត៌មាន​សម្ងាត់​របស់​រដ្ឋ​ទៅ​ឲ្យ​បរទេស។ លោកស្រី​ម៉ារីស ផេន​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ចិន​ទើប​បាន​ប្រាប់​លោកស្រី​ក្នុង​ថ្ងៃទី៥ កុម្ភៈ​កន្លង​ទៅ​ពី​ការ​ចាប់​ខ្លួន​លោកស្រី​ឆេង ឡី​ជា​ផ្លូវការ។ គួរ​បញ្ជាក់​ថា លោកស្រី​ឆេង ឡី​ជា​ពិធីការនី​របស់​ទូរទស្សន៍​ចិន​និយាយ​ភាសា​អង់គ្លេស​ឈ្មោះ CGTN និង​ត្រូវ​បាន​រដ្ឋអំណាច​ចិន​ចាប់​ឃុំ​ដោយ​គ្មាន​ប្រាប់​មូលហេតុ​តាំង​ពី​ខែ​សីហា ឆ្នាំ ២០២០។

ផ្សាយពាណិជ្ជកម្ម

ក្នុង​នាម​ជា​ពិធី​ការនី​របស់​ទូរទស្សន៍​ចិន​និយាយ​ភាសា​អង់គ្លសេ​ឈ្មោះ CGTN លោកស្រី​ឆេង ឡី​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​ប្រធាន​ក្រុមហ៊ុន រោងចក្រ​សហគ្រាស​ជា​ច្រើន​នាក់​នៅ​ទូទាំង​ពិភពលោក។ គេ​មិន​ដឹង​ថា តើ​មក​ពី​បទសម្ភាសន៍​ទាំង​អស់​នេះ​ឬ​ដែល​រដ្ឋអំណាច​ចិន​បាន​ចាប់​ឃុំ​លោកស្រី​កាល​ពី​ខែ​សីហា ឆ្នាំ ២០២០។ អ្វី​ដែល​គេ​អាច​និយាយ​បាន ការ​ឃាត់​ខ្លួន​ជនជាតិ​អូស្រ្តាលី​រូប​នេះ​កាល​ពី ៦ខែ​មុន​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ចិន និង​អូស្រា្តលី​កំពុង​ស្គាល់​ភាព​តានតឹង​ដល់​កំពូល។ ទំនាក់ទំនង​ការទូត​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​កង់បេរ៉ា​បាន​ធ្លាក់​ដុនដាប​ខ្លាំង​នៅ​ដើម​ឆ្នាំ ២០២០ បន្ទាប់​ពី​អូស្រា្តលី​បាន​ទាមទារ​ជា​ផ្លូវការ​ឲ្យ​មាន​ការ​បើក​​ស៊ើបអង្កេត​ឯករាជ្យ​ជុំវិញ​ប្រភពដើម​នៃ​ការ​ផ្ទុះ​ជំងឺ​កូវីដ១៩ នៅ​ក្រុង​វូហាន ប្រទេស​ចិន។

បន្ទាប់​មក​ទៀត អូស្រ្តាលី​បាន​ស្តីបន្ទោស​ចិន​ពី​បទ​ពង្រីក និង​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ចោទ​ចិន​ពី​បទ​បាន​លូកដៃ​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​អូស្រា្តលី និង​ការ​ដែល​អូស្រ្តាលី​បាន​សម្រេច​មិន​យក​ក្រុមហ៊ុន​ចិន Huawei ដើម្បី​បំពាក់​បណ្តាញ​ទូរស័ព្ទ ៥G។ ជា​ប្រតិកម្ម​វាយបក​នឹង​អូស្រ្តាលី​វិញ ចិន​បាន​ប្រើ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ផលិតផល​អូស្រា្តលី​មួយ​ចំនួន ពិសេស​ផ្អាក​ការ​នាំ​ចូល​សាច់គោ ឬ​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​ស្រា​អូស្រា្តលី​ជា​ដើម។ ប្រមុខ​ការទូត​អូស្រា្តលី​លោកស្រី​ម៉ារីស ផេន​បាន​បញ្ជាក់​ថា តាំង​ពី​ការ​ចាប់​ខ្លួន​លោកស្រី​ឆេង ឡី​ក្នុង​ខែ​សីហា ឆ្នាំ ២០២០ មក ក្រុម​មន្រ្តី​ការទូត​អូស្រា្តលី​បាន​ទៅ​សួរ​សុខទុក្ខ​លោកស្រី​ឆេង ឡី​ចំនួន ៦ដង​ដែល​លើក​ចុង​ក្រោយ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី២៧ មករា។

លោកស្រី​ម៉ារីស ផេន​បាន​គូសបញ្ជាក់​ថា រដ្ឋាភិបាល​អូស្រ្តាលី​តែង​សម្តែង​ការ​ព្រួយបារម្ភ​ច្រើន​ដង​ពី​លក្ខខណ្ឌ​នៃ​ការ​ឃុំ​ខ្លួន​លោកស្រី​ឆេង ឡី រួម​ទាំង​សុខភាព​របស់​គាត់។ នៅ​ក្នុង​ន័យ​នេះ ប្រមុខ​ការទូត​អូស្រ្តាលី​សង្ឃឹម​ថា គោលការណ៍​គ្រឹះ​នៃ​យុត្តិធម៌ និង​នីតិវីធី​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​គោរព​ត្រឹមត្រូវ​ស្រប​តាម​វិធាន​អន្តរជាតិ។ សូម​បញ្ជាក់​ថា លោកស្រី​ឆេង ឡី​ជា​ប្រជាជន​អូស្រ្តាលី​ល្បីឈ្មោះ​ទី២ ដែល​ត្រូវ​បាន​រដ្ឋអំណាច​ចិន​ចាប់​ខ្លួន បន្ទាប់​ពី​ការ​ចាប់​ខ្លួន​អ្នក​និពន្ធ​ម្នាក់​ឈ្មោះ​យ៉ាង ហេងជុន​ក្នុង​ខែ​មករា ឆ្នាំ ២០១៩ ពី​បទ​សង្ស័យ​ធ្វើ​ចារកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI