វ៉ាក់សាំងកូវីដ១៩-កូរ៉េខាងជើង

ចោរព័ត៌មានវិទ្យា​កូរ៉េខាងជើង ប៉ុនប៉ងចូលទៅលួចទិន្នន័យវ៉ាក់សាំង របស់​មន្ទីពិសោធន៍​Pfizer

ចោរព័ត៌មានវិទ្យាកូរ៉េខាងជើង ព្យាយាមចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់មន្ទីរពិសោធន៍ Pfizer ដើម្បីលួចទិន្នន័យ​ស្តីពីរូបមន្តថ្នាំវ៉ាក់សាំងកូ​វីដ​១៩
ចោរព័ត៌មានវិទ្យាកូរ៉េខាងជើង ព្យាយាមចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់មន្ទីរពិសោធន៍ Pfizer ដើម្បីលួចទិន្នន័យ​ស្តីពីរូបមន្តថ្នាំវ៉ាក់សាំងកូ​វីដ​១៩ AFP - NICOLAS ASFOURI

ចោរព័ត៌មាន​កូរ៉េខាងជើង បានព្យាយាមចូលទៅក្នុងប្រព័ន្ធព័ត៌មាន​វិទ្យា របស់​មន្ទីរពិសោធន៍ផលិត​ឱសថ ​Pfizer ដោយ​ប៉ុនប៉ង​ចង់​លួងយក​ទិន្នន័យ​ និង​ឯកសារស្តីពីវ៉ាក់សាំងប្រឆាំងកូវីដ​១៩ របស់​មន្ទីរពិសោធន៍នេះ។ នេះ​ បើ​ផ្អែកតាម​ការអះអាង របស់ការិយាល័យស៊ើបការណ៍សំងាត់របស់កូរ៉េខាងត្បូង កាលពីថ្ងៃអង្គារទី​ ១៦កុម្ភៈ។

ផ្សាយពាណិជ្ជកម្ម

លោក Ha Tae-keung សមាជិក​សភាកូរ៉េខាងត្បូង បានថ្លែងប្រាប់អ្នកកាសែតថា យោងតាម​ការជូនដំណឹង ពី​ការិយាល័យ​ស៊ើបការណ៍សំងាត់កូរ៉េខាងត្បូង គឺគេបានដឹងថា ពួកចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង បានព្យាយាមចូល​ទៅក្នុង​ប្រព័ន្ធកុំព្យូទ័រ របស់មន្ទីរពិសោធន៍ Pfizer ក្នុងគោលបំណង លួចឯកសារ រូបមន្តផ្សំថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ​១៩​​ ព្រមទាំង​ទិន្នន័យ​នៃរបៀបព្យាបាល​អ្នកជំងឺកូវីដ​១៩។

គួរបញ្ជាក់ថា កូរ៉េខាងជើង ត្រូវបាន​គេដឹងថាមានក្រុម​អ្នកជំនាញ​ព័ត៌មានវិទ្យាដ៏មាន​សមត្ថភាព ដើម្បីបើក​ប្រតិបតិ្តការវាយ​ប្រហារ លួចទិន្នន័យព័ត៌មានវិទ្យានៅ​តាមប្រទេសផ្សេង ជាពិសេសគឺនៅកូរ៉េខាងត្បូងតែម្តង។ ហើយប៉ុន្មានខែមុននេះ ក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង បានចូលទៅ​លួច​យក​ លុយព័ត៌មានវិទ្យា  គិតជាតម្លៃសរុប ចំនួន​ប្រមាណ​៣០០លានដុល្លារអាមេរិក។ នេះ បើ​ផ្អែកតាមរបាយ​ការណ៍​របស់អង្គការសហប្រជាជាតិ ដែល​បាន​ចេញផ្សាយ​ កាលពី​ពេលថ្មីៗនេះ។

ទាក់ទិននឹងបញ្ហា​ជំងឺកូវីដ១៩វិញ កូរ៉េខាង​ជើង​បាន​បិទព្រំដែនភ្លាម​ៗជាមួយចិន តាំងតែពីដើមឆ្នាំ​២០២០ បន្ទាប់​ពីផ្ទុះការឆ្លងរាលដាលនៅ​ក្រុងវូហាន។ មេដឹក​នាំផ្តាច់ការកូរ៉េខាងជើង បានអះអាងថា គ្មានការឆ្លង​កូវីដ​១៩​នៅកូរ៉េខាងជើង សូម្បីតែមួយ​ករណី​។ តែយ៉ាងណា ការអះអាងនេះ មិនធ្វើ​ឲ្យ​អ្នកជំនាញអន្តរជាតិទទួលស្គាល់នោះទេ ព្រោះថា ទំនាក់ទំនង​ចេញ​ចូលតាម​ព្រំដែន រវាង​ចិន និងកូរ៉េខាងជើង គឺមានភាពសកម្មខ្លាំងណាស់។ ច្រកព្រំដែនចិន កូរ៉េខាងជើង គឺជាដង្ហើមសេដ្ឋកិច្ច​ដ៏សំខាន់បំផុត សម្រាប់របបផ្តាច់ការ​ព្យុងយ៉ាង។

ទន្ទឹមនឹងការអះអាងថាគ្មានកូវីដ​១៩នៅកូរ៉េខាងជើង រដ្ឋាភិបាល​កូរ៉េខាងជើង បានស្នើសុំទៅ​អង្គការសុខភាព​ពិភពលោក ថាឲ្យ​ខ្លួនសុំ​វ៉ាក់សាំងកូវីដ​១៩ខ្លះផង។ យន្តការ​ Covax របស់អង្គការសុខភាពពិភពលោក នឹងផ្តល់​ឲ្យ​នូវវ៉ាក់សាំងកូវីដ​១៩ ទៅឲ្យ​កូរ៉េខាងជើង ចំនួនជិត២លានដូស។ នេះបើផ្អែកតាមការជូនដំណឹង ពីសម្ព័ន្ធភាពវ៉ាក់សាំង​GAVI ដែលមានតួនាទីចែកចាយវ៉ាក់សាំ​ង ទៅឲ្យ​ប្រទេសក្រីក្រ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI