ភូមា-អ៊ីនធ័រនែត

ក្រុម​លួច​ព័ត៌មាន​វិទ្យា​ចូល​លុក​លុយ​គេហ​ទំព័រ​រដ្ឋា​ភិ​បាល​ភូមា​ដើម្បី​ប្រឆាំង​នឹង​រដ្ឋប្រហារ

នៅភូមា ក្រុម​ចោរព័ត៌មាន​វិទ្យា​បានចូល​វាយប្រហារលើ​គេហទំព័រ​របស់​រដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​ដោយ​របបសឹក ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ ១៨ កុម្ភៈ ឆ្នាំ ២០២១នេះ​​។
នៅភូមា ក្រុម​ចោរព័ត៌មាន​វិទ្យា​បានចូល​វាយប្រហារលើ​គេហទំព័រ​របស់​រដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​ដោយ​របបសឹក ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ ១៨ កុម្ភៈ ឆ្នាំ ២០២១នេះ​​។ AP

ក្រុម​ចោរ​លួច​ព័ត៌មានវិទ្យា​ (Hackers) បាន​ចូល​វាយប្រហារ​ លើ​គេហទំព័រ​ជាច្រើន​របស់​រដ្ឋាភិបាល​សឹក​ភូមា​ នៅថ្ងៃ​ព្រហស្បតិ៍​ ១៨ កុម្ភៈ​នេះ​។ សង្គ្រាម​តាម​អ៊ីនធ័រនែត​នេះ​ បាន​ចាប់​ផ្ទុះឡើង​ បន្ទាប់ពី​អាជ្ញាធរ​ភូមា​ បាន​កាត់ផ្តាច់​ទាំងស្រុង​សេវា​អ៊ីនធ័រនែត​ នៅទូទាំង​ប្រទេស​រយៈពេល​ ៤ ថ្ងៃ​ជាប់ៗ​គ្នា​រួចមក​។

ផ្សាយពាណិជ្ជកម្ម

ក្រុម​មួយ​ដែល​មាន​ឈ្មោះថា​ ក្រុម​លួច​ព័ត៌មានវិទ្យា​ភូមា​ បាន​ចូល​លុកលុយ​រំខាន​ដល់​គេហទំហ័រ​ជាច្រើនរបស់​រដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​ដោយ​របប​សឹក​ រួម​ជាទិ៍​មាន​គេហទំហ័រ​របស់​ធនាគារ​កណ្តាល​ ទំព័រឃោសនា​របស់​យោធា​ ទូរទស្សន៍​ MRTV ដែលគ្រប់​គ្រង​ដោយរដ្ឋ​ និង​គេហទំព័រ​របស់​អាជ្ញាធរ​កំពង់ផែ​ជាដើម​។ល។

ការ​វាយប្រហារ​តាមអ៊ិនធឺរនែត​បានកើត​ឡើង​មួយថ្ងៃ​ បន្ទាប់ពី​មនុស្ស​រាប់ពាន់នាក់​ បាន​ប្រមូល​ផ្តុំគ្នា នៅទូទាំងប្រទេស​ដើម្បី​តវ៉ាប្រឆាំងនឹង​លោក​ឧត្តមសេនីយ៍​មីន អ៊ុងឡាំង​ដែលជា​អ្នក​បានដឹកនាំ​ធ្វើការ​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុង សានស៊ូជី​ កាលពី​ដើម​ខែកុម្ភៈនេះ​។

ក្រុម​អ្នក​លួចព័ត៌មានវិទ្យាភូមា​ បាន​និយាយ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួនថា​ ពួកគេ​កំពុងតែ​តតាំង​ស៊ូប្រយុទ្ធ​ ដើម្បី​យុត្តិធម៌​នៅក្នុង​ប្រទេស​ភូមា​។ ពួកគេបាន​ចាត់​ទុកថា​ សកម្មភាព​ចូល​វាយប្រហារ​តាមអ៊ីនធ័រនែតនេះ​ គឺ​ប្រៀបបី​ដូចជាការ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយរបស់​ប្រជាជន​ភូមា​ នៅចំ​ពីមុខគេទំព័រ​របស់​របប​សឹក​តែម្តង​។

ដោយសម្លឹង​ឃើញថា​ អ៊ីនធ័រនែត ​កំពុងក្លាយ​ជា​សមរភូមិ​ថ្មីនៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​របបសឹក​និង​ក្រុម​បាតុករភូមា​ អ្នកជំនាញ​ខាង​សុវត្ថិភាព​តាម​អ៊ីនធ័រនែត​ (Cyber Security) លោក Matt Warren មកពីសាកលវិទ្យាល័យ RMIT របស់​អូស្ត្រាលី​ បាន​មាន​ប្រសាសន៍ថា​ សកម្មភាព​របស់ក្រុម​លួចទិន្នន័យ​តាមកុំព្យូទ័រ​ ធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​ការ​តស៊ូ​របស់​ប្រជាជន​ភូមា​តាម​ផ្លូវ​អនឡាញ​មួយទៀត​។

ជាក់ស្តែង​ មាន​គេហទំព័រ​មួយ​ត្រូវបាន​គេ​បង្កើតឡើង​ ដោយ​ផ្តល់នូវ​តំណភ្ជាប់​សម្រាប់​ក្រុម​អ្នកតវ៉ា​ភូមាឲ្យអាច​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​តាម​អនឡាញបាន​។

គួរបញ្ជាក់ជូនថា​ ការប្រឆាំងតវ៉ា​តាមអ៊ីនធរនែត​នៅភូមា​បានកើតឡើង​ នៅ ៤ ថ្ងៃ​ ក្រោយពេល​ដែល​ប្រព័ន្ធ​អ៊ីនធ័រនែត ​ត្រូវ​បាន​កាត់ផ្តាច់ទាំងស្រុង​ដោយ​រដ្ឋាភិបាល​សឹក ដើម្បី​បង្អាក់​ការជួបជុំ​ធ្វើបាតុកម្ម​របស់​ប្រជាជន។

មួយវិញទៀត ដើម្បី​បំបែក​ក្រុម​អ្នកប្រឆាំង​របប​សឹកភូមា​ ក៏បាន​រៀបចំ​សេចក្តីព្រាងច្បាប់​មួយ​ ដែល​នឹង​កំណត់​ថា​ សកម្មភាព​ប្រឆាំង​តាមអនឡាញ​ក៏អាច​ចាត់ចូលជា​អំពើ​ឧក្រិដ្ឋ​មួយ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI