ភូមា-បាតុកម្ម

មរណភាព​របស់​បាតុ​ករ​ស្ត្រី​វ័យ​ក្មេង​ភូមា​បង្ក​ជា​ភាព​សោក​សង្រេង​នៅ​ទូ​ទាំង​ប្រទេស

កន្លែងសម្រាប់សម្តែងការគោរពចំពោះយុវត្តីម្យ៉ា ថ្វាតថ្វាត ខាំង នៅក្នុងទីក្រុងរ៉ង់ហ្គូន។
កន្លែងសម្រាប់សម្តែងការគោរពចំពោះយុវត្តីម្យ៉ា ថ្វាតថ្វាត ខាំង នៅក្នុងទីក្រុងរ៉ង់ហ្គូន។ REUTERS - STRINGER

ម្យ៉ា​ ថ្វាតថ្វាត​ ខាំង​ (Mya Thwate Thwate Khaing) គឺជា​ឈ្មោះ​របស់​យុវតី​ភូមា​ម្នាក់ដែល​កំពុង​លេច​មុខ​នៅស្ទើរ​គ្រប់​បណ្តាញ​សារ​ព័ត៌មាន​តូច​ ធំ​ ជាតិ​ និង​អន្តរជាតិ​។ នាង​គឺជា​បាតុករ​ភូមា​ដំបូង​គេបង្អស់​ដែល​បាន​ស្លាប់នៅថ្ងៃសុក្រ ១៩ កុម្ភៈ ​ដោយសារ​តែ​រងគ្រោះ​ពី​គ្រាប់​កាំភ្លើងរបស់​ប៉ូលិស​បាញ់​​ចំក្បាល​កាលពី​សប្តាហ៍មុន​។ ប្រជាជន​ភូមា​មាន​ការសោកសៅ​ជាខ្លាំង​ចំពោះ​មរណភាព​របស់​អតីត​បាតុករ​វ័យ ២០​ ឆ្នាំ​រូបនេះ​ និង​បាន​ចាត់​ទុក​ការ​ស្លាប់​របស់​នាង​ថា​ជា​និមត្តរូប​នៃ​ការ​តស៊ូ​របស់​ប្រជាជាតិភូមា​។

ផ្សាយពាណិជ្ជកម្ម

បាតុករ​វ័យក្មេង​ភូមានាង ម្យ៉ា ថ្វាតថ្វាត ខាំង​ គឺជា​អតីត​បុគ្គលិក​ធ្វើការ​នៅហាង​លក់​គ្រឿង​ទេស​មួយកន្លែង​ក្នុង​ទីក្រុង​ដ៏តូច​និង​ដាច់ស្រយាលមួយ​របស់​ប្រទេស​ភូមា​។ មិន​ខុស​ពី​ប្រជាជនភូមា​គ្រប់​ស្រទាប់វណ្ណៈ​ឡើយ​ ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោកស្រី​អ៊ុង សានស៊ូជី​ យុវតី​ ម្យ៉ា ថ្វាតថ្វាត ខាំង​ បាន​ហានខ្លា​ ចូលរួម​ក្នុង​ចលនា​បាតុកម្ម​របស់​ប្រជាជន​ភូមា​ ដើម្បី​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ​របស់​ពួកយោធា​។

យុវនារីក៏ក្លាហាន​រូបនេះ​ បានចូលរួម​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​នៅក្នុង​ទីក្រុង​ណៃពិដោ​ ដើម្បី​​ទាមទារឲ្យ​កងទ័ពភូមាដោះលែង​និង​ប្រគល់​អំណាចឲ្យ​លោកស្រី​អ៊ុង សានស៊ូជី​វិញ​។

នៅថ្ងៃទី​ ៩ កុម្ភៈ ​ជា​ថ្ងៃទី៤​ របស់ចលនាបាតុកម្មប្រជាជន​​ កងទ័ពភូមា​ដែល​មិនអើពើនឹង​សម្រែក​ទាមទារ​របស់​ប្រជាជន បាន​ងាកទៅ​បង្រ្កាប​លើ​បាតុករ​ដោយ​ប្រើ​កាណុងបាញ់ទឹក​ គ្រាប់​កាំភ្លើង​កៅស៊ូ​ និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ គឺនៅថ្ងៃទី​ ៩ កុម្ភៈនោះហើយ​ដែល​យុវតី ម្យ៉ា ថ្វាតថ្វាត​ ខាំង​ ត្រូវរង​គ្រោះថ្នាក់​។

តាមរយៈវីដេអូដែល​ថត​បាន​ពីព្រឹត្តិការណ៍​នោះ និងដែល​ត្រូវបានចែកចញ​តាមប្រព័ន្ធ​អ៊ីនធ័រ​នែត​គេឃើញ​ យុវតីម្យ៉ា ថ្វាតថ្វាត ខាំង​ ​ដែលមាន​សក់វែង​ ពាក់​មួក​សុវត្ថិភាព​សម្រាប់​ម៉ូតូ​ និង​ពាក់អាវយឺតពណ៌ក្រហម​បាន​រត់​គេចចេញពីកាណុងបាញ់ទឹក​ ហើយភ្លាមៗនោះ​នាង​ក៏​បានដួលទៅ​លើ​ដីដោយសារតែ​រងគ្រោះ​ពី​គ្រាប់​កាំភ្លើង របស់ប៉ូលិសបាញ់​ចំក្បាល​។ ការ​រងរបួស​របស់នាង​ បាននាំ​មកនូវការថ្កោល​ទោសពាសពេញ​ពិភពលោក​ចំពោះរបប​សឹក​ភូមា​។

បាតុករ​ស្ត្រី​វ័យក្មេងរូបនេះ​បានស្លាប់នៅថ្ងៃ​សុក្រ​ ទី១៩ កុម្ភៈ​ បន្ទាប់ពី​សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​មួយកន្លែង​ក្នុងទី​ក្រុងណៃពិដោ​រយៈពេល​ ១០ ថ្ងៃ​រួចមក​។ មរណភាព​របស់នាង​បង្កឲ្យ​មានការ​កើតទុក្ខ​ សង្រេងចិត្ត​ជាខ្លាំង​នៅ​ទូទាំង​ប្រទេសភូមា​។

នៅថ្ងៃ​សុក្រដដែល​នោះអ្នក​រស់នៅ​ក្នុង​ទីក្រុងរ៉ង់ហ្គូន​ជាច្រើននាក់​បាន​យកផ្កា​ និងសារ​ជា​ច្រើន​ ទៅដាក់​នៅខាង​ក្រៅ​តុលាការកំពូល​ ដើម្បី​សម្តែងការ​គោរពចំពោះរូបនាង​។ ក្រុមបាតុករភូមា​ បាន​ចាត់​ទុក​មរណភាព​របស់​យុវតី​ ម្យ៉ា ថ្វាតថ្វាត ខាំងនេះថា​ ជានិមត្ត​រូប​នៃ​ការ​តស៊ូ​របស់​ប្រជាជាតិភូមា​ ហើយក្រុមបាតុករបាន​បន្ត​ចុះផ្លូវ​ធ្វើការប្រឆាំងតវ៉ា​នឹង​របប​សឹក​ផងដែរ​នៅថ្ងៃសុក្រ ទី១៩ កុម្ភៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI