ភូមា ៖ ប៉ូលិសប្រើគ្រាប់ពិតបង្ក្រាបបាតុករ ស្លាប់ពីរនាក់ និងរបួសជាច្រើននាក់
ចុះផ្សាយនៅថ្ងៃ៖
ជាការប៉ះទង្គិចដ៏ហិង្សាបំផុត គិតចាប់តាំងពីថ្ងៃទី ១ កុម្ភៈ២០២១មក នៅប្រទេសភូមា។ នៅថ្ងៃសៅរ៍ទី ២០កុម្ភៈនេះ ប្រឈមនឹងចលនាបាតុកម្មដែលមិនចុះថមថយ កងកម្លាំងប៉ូលិសភូមាបានបាញ់បំបែកហ្វូងបាតុករប្រឆាំងរដ្ឋាភិបាល ដោយធ្វើបាតុករយ៉ាងហោចណាស់ ២នាក់ ស្លាប់ និងរបួសជាង៣០នាក់ផ្សេងទៀត។
នៅក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិត មានម្នាក់ជាក្មេងមិនទាន់ពេញវ័យទេ ដោយត្រូវគ្រាប់កាំភ្លើងនៅនឹងក្បាល។ នេះបើតាមការរៀបរាប់របស់ក្រុមគ្រូពេទ្យសង្គ្រោះមកកាន់ភ្នាក់ងារសារព័ត៌មានបារាំងAFP ដោយបញ្ជាក់ថាចំណែកអ្នករងរបួសពាក់កណ្តាលគឺបណ្តាលមកពីត្រូវរងគ្រាប់កាំភ្លើងរបស់ប៉ូលិស។
ប៉ូលិសដែលត្រូវបានដាក់ពង្រាយក្នុងចំនួនរាប់សិបរយនាក់ នៅជុំវិញការដា្ឋនសាងសង់នាវា ទីដែលកម្មករបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលលោកស្រីអ៊ុងសានស៊ូជី។ ដើម្បីរារាំងកុំឱ្យប៉ូលិសចាប់ខ្លួនបាន ក្រុមបាតុករនាំគ្នាគោះឆ្នាំង ខ្លះចោលវត្ថុរឹងទៅលើប៉ូលិស។
ភាពហិង្សាខ្លាំងនេះបានផ្ទុះឡើងតែមួយថ្ងៃក្រោយមរណភាពរបស់ស្ត្រីអ្នកលក់គ្រឿងទេសអាយុ២០ឆ្នាំម្នាក់ដែលមិនអាចសង្គ្រោះបានក្រោយពីត្រូវគ្រាប់កាំភ្លើងរបស់ប៉ូលិសកាលពីថ្ងៃទី៩កុម្ភៈ។
តាំងពីបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលមក របបសឹកភូមា បានរឹតបន្តឹងនិងដាក់គំនាបខ្លាំងឡើងៗលើក្រុមអ្នកប្រជាធិបតេយ្យ។ ប៉ុន្តែក្រុមអ្នកប្រឆាំងរាប់ពាន់នាក់នៅជំនះចុះធ្វើបាតុកម្មដដែល។ ជាក់ស្តែងនៅថ្ងៃសៅរ៍ទី ២០ កុម្ភៈនេះ តំណាងក្រុមជនជាតិភាគតិច ក្នុងសម្លៀកបំពាក់ប្រពៃណី បាននាំគ្នាចុះថ្នល់ស្រែកទាមទារឱ្យរដ្ឋាភិបាលសឹក ដោះលែងអ្នកទោស រំលាយរដ្ឋធម្មនុញ្ញដែលការពារក្រុមយោធា និងការវិលត្រលប់នៃរដ្ឋាភិបាលស៊ីវិល។ រលកបាតុកម្មបានកើតមានស្ទើរពេញផ្ទៃប្រទេស ដែលមានសន្ធឹកដូចបដិវត្តលឿងទុំកាលពីឆ្នាំ២០០៧ និងដែលត្រូវបង្ក្រាបក្នុងថ្លុកឈាម ដោយពួកយោធា។
ក្នុងរយៈពេលតែបីសប្តាហ៍ក្រោយរដ្ឋប្រហារ មានអ្នកទទួលខុសត្រូវនយោបាយ មន្ត្រីបាតុករ ព្រះសង្ឃ ឬសកម្មជនប្រជាធិបតេយ្យ យ៉ាងហោចណាស់ជាង៥៥០នាក់ត្រូវចាប់ខ្លួន។ ហើយមានតែប្រមាណ៤០នាក់ត្រូវបានដោះលែងមកវិញ។ នេះបើតាមអង្គការក្រៅរដ្ឋាភិបាលផ្នែកជួយអ្នកទោសនយោបាយ។
ទង្វើរបស់រដ្ឋាភិបាលសឹកបានទទួលការថ្កោលទោស និងដាក់ទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិ រាប់ទាំងសហរដ្ឋអាមេរិក និងអង់គ្លេសដែលជាអតីតប្រទេសធ្លាប់ធ្វើអាណានិគមលើភូមា លើកលែងតែចិននិងរុស្ស៊ីដែលរក្សាគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងភូមា។ សហភាពអឺរ៉ុប ត្រូវជួបប្រជុំគ្នាជាថ្មីនៅថ្ងៃចន្ទសប្តាហ៍មុខ ដើម្បីចាត់វិធានការប្រឆាំងនឹងក្រុមយោធាភូមា។ មានតម្លៃជានិម្មត្តរូបមែន ប៉ុន្តែទណ្ឌកម្មអន្តរជាតិ មិនអាចបន្ទន់ឥរិយាបថរបស់ក្រុមយោធាភូមាបានទេ ដរាបណាវិធានការនោះគ្មានវិសាលភាពប៉ះពាល់ដល់ក្រុមហ៊ុនផ្តល់ប្រយោជន៍ធំរបស់ពួកគេ។ នេះបើតាមរំលឹករបស់អង្គការក្រៅរដ្ឋាភិបាល Burma Campaign UK ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ