ចិន-សិទ្ធិមនុស្ស

ចិន​លើក​សរសើរ​ខ្លួន​ឯង​អំពី​បញ្ហា​សិទ្ធិមនុស្ស​

លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេស​ចិន
លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេស​ចិន AP - Andy Wong
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

ចិន​ជាប់​ឈ្មោះ​ល្អ​សោះ​ក្នុង​វិស័យ​សិទ្ធិមនុស្ស។ ក្រុម​បស្ចិម​លោក ជាពិសេ​សហរដ្ឋ​អាមេរិក ​រិះគន់​កាន់​តែ​ខ្លាំង​ឡើងៗ​ ទង្វើ​រំលោភ​បំពាន​​បញ្ហា​សិទ្ធិមនុស្ស​របស់​ប៉េកាំង​លើក្រុម​​ជនជាតិ​ភាគតិច។ ប៉ុន្តែនៅ​ថ្ងៃ​ចន្ទទី ២២​កុម្ភៈ ​នេះ​ រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​ចិន​លោក វ៉ង់​ យី បាន​អះអាង​ ​ថា កា​រអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​នៅ​តំបន់​ស៊ីនជាំង និង​នៅ​តំបន់​ទីបេ ជា​ឧទាហរណ៍​ជាក់​ស្តែង​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ភាព​ប្រសើរ​នៃ​វិស័យ​សិទ្ធិមនុស្ស​របស់​ចិន។

ផ្សាយពាណិជ្ជកម្ម

“ចិន​លុប​បំបាត់​ភាព​ក្រីក្រ​ទុរគ៌ត​បំផុត​ ជា​លើក​ទីមួយ ! ក្នុង​រយៈ​ពេល​៦០​ឆ្នាំ ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រជាជន​ម្នាក់ៗ​​នៅ​ស៊ីនជាំង​ បាន​ឡើងជិត​៤០​ដង​ (​មួយ​គុណ៤០) ចំណែក​អាយុ​សង្ឃឹម​រស់ក៏​បាន​​បាន​ឡើង​ពី​៣២​ឆ្នាំ​ជាមធ្យម​ដល់​៧២​ឆ្នាំ។ ​នេះ​បើ​តាម​កា​រអះអាង​របស់​លោក វ៉ង់ យី រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ចិន​ ក្នុង​វេទិកា​ឧទ្ទិស​ដល់​ទំនាក់​ចិន​អាមេរិក ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ប៉េកាំង។ បើ​តាម​លោក​យី សិទ្ធិ​រស់​នៅ​និង​ការ​អភិវឌ្ឍន៍​ជាមូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធមនុស្ស​ដ៏​សំខាន់​បំផុត។ តំបន់ដែល​មាន​ជនជាតិ​ភាគ​តិច​រស់​នៅ​ ដូច​យ៉ាង​តំបន់​ស៊ីនជាំង និង​ទីបេ ជា​ឧទាហរណ៍​ជាក់​ស្តែង​​​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពីសន្ទុះ​ដ៏​ប្រសើរ​ឡើងនៃ​​វិស័យសិទ្ធិមនុស្សនៅ​ចិន។ រដ្ឋាភិបាល​ចិន​បាន​ថែម​ទាំង​អះអាង​ទៀត​ថា ចិន​បាន​ការ​ពារ​សេរីភាព​សាសនា​នៅក្នុង​តំបន់​ និង​បានចំណាយ​​ធ្វើ​វិនិយោគ​ច្រើន​ដើម្បី​​ភាព​ទំនើប​កម្ម​និង​បង្កើន​កំរិត​ជីវភាព​ប្រជាជន។

លោក​រដ្ឋមន្ត្រី​នឹង​ចែក​រំលែក​ទ្រឹស្តី​ ការអនុវត្តន៍​និ​ងបទ​ពិសោធន៍​ចិន​ក្នុង​បុព្វហេតុការពារ​សិទ្ធិមនុស្ស​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ តែម្តងផង ព្រោះ​នៅ​តែ​​ប៉ុន្មាន​ម៉ោងទៀត​ចិន​ត្រូវ​ធ្វើ​​មុន​​អន្តរាគមន៍​​​​នៅ​ក្រុម​ប្រឹក្សា​​សិទ្ធិមនុស្សរបស់​​អង្គការ​សហប្រជាជាតិ​ តាម​វីដេអូខុនហ្វេរ៉ង់ផង។ ប៉ុន្តែ​ការ​លើក​សរសើរ​វិស័យ​សិទ្ធិមនុស្ស​ចិន​នេះ​ធ្លាក់​មក​ ក្នុងខណៈ​ដែល​ក្រុម​ប្រទេស​បស្ចិម​លោក នាំមុខ​ដោយ​សហរដ្ឋ​អាមេរិក​ កំពុង​បង្កើន​​ការ​រិះគន់​កាន់​តែ​ខ្លាំង​ឡើងការ​​រំលោភ​សិទ្ធិមនុស្ស​នៅ​ចិន។

បើ​តាម​ការ​សិក្សា​​របស់​វិទ្យាស្ថាន​អាមេរិក​និង​អូស្ត្រាលី មាន​យ៉ាង​ហោច​ជនជាតិ​ភាគ​តិច​អ៊ុយហ្គួ​មួយ​លាន​នាក់​កំពុងជាប់​ឃុំ​ក្នុង​ជំរំ​លត់​ដំ​នៅស៊ីងជាំង ដោយ​ខ្លះ​ត្រូវ​បង្ខំ​ឱ្យ​ធ្វើការ​ជា​ទម្ងន់ ឬ​មិន​ឱ្យ​មាន​កូន។ ក្រសួង​ការ​បរទេស​អាមេរិក​បាន​ចាត់​ទុកសកម្មភាព​របស់​ចិន​លើ​ជនជាតិ​អ៊ុយហ្គួ​នេះ​ថា​ជា​ទង្វើ​ប្រល័យ​ពូជសាសន៍។ ប៉ុន្តែ​ចិន​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ការ​ចោទ​ប្រកាន់​ទាំង​ពីរ​ខាង​លើ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI