ហ្វេសប៊ុក-អូស្ត្រាលី

រដ្ឋាភិបាល​អូស្ត្រាលី​សងសឹក ដោយ​លែង ផ្សាយពាណិជ្ជកម្ម​លើ​វេទិកាសង្គម​របស់ហ្វេសប៊ុក

កាសែត​អូស្រ្តាលី​ចុះផ្សាយព្រោងព្រាត​ពី​វិធានការ​របស់​ហ្វេសប៊ុក​ដែល​បាន​សម្រេច​បិទខ្ទប់​មិន​ឲ្យ​គេអាចអាន ឬ​ចែករំលែក​ព័ត៌មាន​របស់កាសែត​អូស្ត្រាលី កាលពីថ្ងៃទី ១៨ កុម្ភៈ ២០២១
កាសែត​អូស្រ្តាលី​ចុះផ្សាយព្រោងព្រាត​ពី​វិធានការ​របស់​ហ្វេសប៊ុក​ដែល​បាន​សម្រេច​បិទខ្ទប់​មិន​ឲ្យ​គេអាចអាន ឬ​ចែករំលែក​ព័ត៌មាន​របស់កាសែត​អូស្ត្រាលី កាលពីថ្ងៃទី ១៨ កុម្ភៈ ២០២១ AP - Rick Rycroft
ដោយ៖ ឈាង បុប្ផា
១៣ នាទី

ខឹង​នឹង​ក្រុមហ៊ុន​ហ្វេសប៊ុក​ដែលបាន​​បិទ​ខ្ទប់ មិន​ឲ្យ​គេ​អាច មើល និង​ចូល​ចែក​រំលែក​ព័ត៌មាន​នៅ​លើ​បណ្តាញ​ហ្វេសប៊ុក រដ្ឋាភិបាល​អូស្តា្រលី បាន​ចាត់វិធានការ​សងសឹក​វិញ ដោយ​បាន​សម្រេច មិន​ជួល ទំព័រ​ផ្សាយពាណិជ្ជកម្ម​របស់ហ្វេសប៊ុក សម្រាប់​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ ដែល​បាន​ចាប់ផ្តើម​ កាលពី​ថ្ងៃអាទិត្យ ទី ២១​កុម្ភៈ ២០២១។ 

ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​សុខាភិបាល​អូស្ត្រាលី លោក Greg Hunt បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ ទី ២២​កុម្ភៈ​នេះ​ថា ក្រសួង​របស់​លោក​បាន​ឈប់​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ចាក់វ៉ាក់សាំង នៅតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ទៀតហើយ។ សម្រាប់​យុទ្ធនាការ​ចាក់វ៉ាក់សាំង នៅ​អូស្ត្រាលី រដ្ឋាភិបាលអូស្ត្រាលី បាន​វិនិយោគ​ថវិកា​ប្រមាណ ២០​លាន​ដុល្លារ ដើម្បី​ផ្សព្វផ្សាយ លើក​ទឹកចិត្ត ប្រជាជន​ឲ្យ​ចូលរួម​ទទួល​វ៉ាក់សាំង និង​ដើម្បី ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​បោកបន្លំ របស់​ក្រុមអ្នកប្រឆាំង​វ៉ាក់សាំង។ តាម​រដ្ឋមន្រ្តី សុខាភិបាល​អូស្ត្រាលី ដើម្បី បំផុសបំផុល​ឲ្យ​ប្រជាជន​មក​ទទួលវ៉ាក់សាំង ក្រសួង​នៅបន្ត​ផ្សាយពាណិជ្ជកម្ម តាម​មធ្យោបាយ​ផ្សេង ប៉ុន្តែ មិនមែន​ទំព័រ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក។

ការប្រកាស​ឈប់ផ្សាយ​ពាណិជ្ជកម្ម របស់​ក្រសួង​សុខាភិបាល​អូស្ត្រាលី នៅលើ​បណ្តាញហ្វេសប៊ុក ធ្វើឡើង នៅក្រោយ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​សម្រេច​បិទខ្ទប់ មិន​ឲ្យ​គេ​អាច​ចូល អាន ឬ​ចែករំលែក​ព័ត៌មាន​របស់​កាសែត​អូស្ត្រាលី នៅ​លើ​បណ្តាញសង្គម​របស់ខ្លួន តាំង​ពី​ថ្ងៃព្រហស្បតិ៍ ទី ១៨​កុម្ភៈ ដើម្បី​ប្រឆាំង​នឹង​គម្រោង​ច្បាប់ថ្មី​របស់​រដ្ឋាភិបាល អូស្ត្រាលី ដែល​ចាប់តម្រូវ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា ដូចជា​ហ្វេសប៊ុក ជាដើម បង់លុយ​ឲ្យ​បណ្តាញ​សារព័ត៌មាន អូស្ត្រាលី ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​របស់ពួកគេ នៅលើ​បណ្តាញ​ហ្វេសប៊ុក។ ផ្ទុយពី​ហ្វេសប៊ុក ក្រុមហ៊ុន​Google បាន​រកឃើញ​កិច្ចព្រមព្រៀង​បង់​លុយ ឲ្យ​ក្រុមហ៊ុនសារព័ត៌មាន​អូស្ត្រាលី ដូចជា News Corp និង​កាសែត​Guardian ជាដើម។

នៅពេល សេចក្តីព្រាងច្បាប់​ស្តីពី​ការចាប់តម្រូវ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា បង់ប្រាក់​ទៅ​ឲ្យ​ក្រុមហ៊ុន​សារព័ត៌មាន​អូស្ត្រាលី ត្រូវ​ដាក់​ទៅ​ឲ្យ​សភាអូស្ត្រាលី  ពិភាក្សា នៅ​សប្តាហ៍នេះ ក្រុមហ៊ុន​ហ្វេសប៊ុក បានអះអាងថា ខ្លួន​កំពុង​ពិភាក្សា ជាមួយ​ក្រុមហ៊ុន​កាសែត និង​រដ្ឋាភិបាល​អូស្ត្រាលី ដើម្បី រកច្រកចេញ​ពី​ជម្លោះ​លើកនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI