ចិន

ចិន​ចាប់​ខ្លួន​​មនុស្ស​​៧​នាក់ដែល​និយាយ​ប៉ះពាល់​ដល់​ការ​ប៉ះទង្គិច​តាមព្រំដែន​ជាមួយ​ឥណ្ឌា

កងកម្លាំង​ឥណ្ឌា នៅ​ច្រក​ព្រំដែន​Ladakh នៃ​តំបន់​ជាប់​ព្រំដែន​ជាមួយចិន ដែលមានការ​ប៉ះទង្គិច​ជាមួយ​ទាហាន​ចិន
កងកម្លាំង​ឥណ្ឌា នៅ​ច្រក​ព្រំដែន​Ladakh នៃ​តំបន់​ជាប់​ព្រំដែន​ជាមួយចិន ដែលមានការ​ប៉ះទង្គិច​ជាមួយ​ទាហាន​ចិន REUTERS - Danish Ismail

ចិន​បន្ត​តាម​ចាប់​ខ្លួន​អ្នកប្រើប្រាស់​អ៊ីនធ័រនែត​ដែលនិយាយ​ប៉ះពាល់​ដល់​ព្រឹត្តិការណ៍​ប៉ះទង្គិច​នៅ​តាម​ព្រំដែន​ជាមួយ​ឥណ្ឌា។ ការ​ប៉ះទង្គិចហិង្សា​កាលបី​ខែ​មិថុនា​ដែល​បាន​បង្ក​ឱ្យ​បាត់​បង់​ជីវិត​ទាហាន​ទាំង​សង​ខាង​អស់​ជា​ច្រើន​នាក់។ គិត​មកត្រឹម​ថ្ងៃ​នេះ និង​ក្នុង​ខណៈ​ដែល​ស្ថានភាពការទូត​រវាង​ចិន​និង​ឥណ្ឌា​បាន​ធូរ​ស្បើយ​ និង​ប្រសើរ​ឡើង មាន​អ្នកប្រើប្រាស់​អ៊ីនធ័រនែត ៧​នាក់ ត្រូវ​ចាប់​ខ្លួន។

ផ្សាយពាណិជ្ជកម្ម

របប​កុម្មុយនីស្ត​ចិន​ មិន​បណ្តោយ​និង​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋណាម្នាក់​ចេញ​ស្តីអ្វី​បញ្ច្រាស​នឹង​សេចក្តី​ជូន​ដំណឹង​ជា​ផ្លូវការ​ ទើប​មានការ​ចាប់​ខ្លួន​យ៉ាង​ដូច្នេះ។ ​ក្នុង​រយៈ​ពេល​តែ​៣​ថ្ងៃ​ មានអ្នក​ប្រើប្រាស់​អ៊ីនធ័រនែត​៧​នាក់​ត្រូវ​បាន​​ចាប់​ខ្លួន​ពីបទ​មួល​បង្កាច់​វីរភាព​របស់​ទាហាន​នៅ​តាមព្រំដែន។ បើ​តាម​បណ្តាញ​ឃោសនា​រដ្ឋ​ ការ​ចាប់​ខ្លួន​មាន​ប្រព្រឹត្ត​ទៅនៅ​ពេញផ្ទៃ​ប្រទេស និង​ដោយ​ហេតុ​ផលដូច​គ្នា គឺ​​អ្នកប្រើប្រាស់អ៊ីនធ័រនែតទាំង​នោះ​បាន​បង្ហោះ​សារ​ប៉ះពាល់​ដល់​កិត្តិយស​ទាហាន​បួន​នាក់​ដែល​បាន​ស្លាប់​ ក្នុង​ពេល​ប៉ះទង្គិច​គ្នា​ជាមួយ​ទាហាន​ឥណ្ឌា ថា ជា ​“ទុក្ករបុគ្គល”។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី ១៥-១៦​មិថុនា ទាហានចិន​និង​ឥណ្ឌា​ បាន​ប្រយុទ្ធ​គ្នា​មួយ​ប្រាវ នៅ​តាម​ព្រំដែន​ ត្រង់​តំបន់​ជាប់​ជម្លោះ​នឹង​គ្នា។​ ជាការប៉ះទង្គិច​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​គិត​ចាប់​តាំង​ពី​៤០​ឆ្នាំ​មក និង​ដែល​បង្ក​ឱ្យ​មាន​ស្លាប់​ទាហាន​ឥណ្ឌា​២០​នាក់ និង​៤​នាក់​ខាងចិន។ នេះ​បើ​តាម​តួលេខ​ផ្លូវការ​ចិន។ ផ្ទុយពី​ប្រព័ន្ធឃោសនា​ឥណ្ឌា ​ សារព័ត៌មាន​ចិន​និយាយ​តិច​បំផុត​ពី​ការ​ប៉ះទង្គិច​នៅ​ព្រំដែន​ជាមួយ​ឥណ្ឌា ដើម្បី​បញ្ចៀស​កុំ​ឱ្យ​ចរន្ត​រិះគន់​បែប​ជាតិ​និយម​ផ្ទុះឡើង។ ​គេ​ត្រូវ​រង់​ចាំ​ដល់​ទៅ​៨​ខែ​ និង​រហូត​ដល់​ស្ថានការណ៍​បាន​ប្រសើរ ដោយ​កង​​ទ័​ព​ទាំង​សង​ខាង​បានព្រមព្រៀង​​ដក​ខ្លួន​ចេញ​ពី​តំបន់​ជម្លោះ​អស់ ទើប​ចិន​ប្រារព្ធពិធី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ត​ពលី។

​​​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​សម្បទាន និង​ផ្តល់​​សញ្ញា​វិជ្ជមាន​​ឱ្យ​គ្នាទៅ​វិញ​ទៅ​មកច្រើន​។ ហើយ​​ចិន​ទើប​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី ២៣​កុម្ភៈ​នេះ​ គាំទ្រសំណើ​របស់​ឥណ្ឌា​​ទទួល​រៀប​ចំ​ជំនួប​កំពូលក្រុម​ប្រទេស​កំពុង​មានសេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​ហៅ​កាត់​ថា​ BRICS ដែល​រួម​មាន​៥​ប្រទេស គឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និ​ង​អាហ្វ្រិក​ខាងត្បូង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI