ម៉ាឡេស៊ី-ភូមា

ម៉ាឡេស៊ីបណ្តេញជនអន្តោប្រវេសន៍ទៅភូមាវិញ មិនខ្វល់នឹងសេចក្តីសម្រេចរបស់តុលាការ

ឡាន​ដឹក​អន្តោប្រវេសន៍​ខុសច្បាប់​ភូមា ទៅ​កាន់​មូលដ្ឋាន​ទ័ពដើម្បីបញ្ជូន​ត្រលប់​ទៅ​ភូមា​វិញ
ឡាន​ដឹក​អន្តោប្រវេសន៍​ខុសច្បាប់​ភូមា ទៅ​កាន់​មូលដ្ឋាន​ទ័ពដើម្បីបញ្ជូន​ត្រលប់​ទៅ​ភូមា​វិញ Mohd RASFAN AFP

​នៅ​ថ្ងៃ​អង្គារ​ទី ២៣​កុម្ភៈ​២០២១​នេះ តុលាការ​ម៉ាឡេស៊ី បានចេញ​ដីកា សម្រេច​ឱ្យ​ផ្អាក​ជា​បណ្តោះ​អាសន្នសិន ការបណ្តេញជនអន្តោប្រវេសន៍​ខុស​ច្បាប់​មក​ពី​ភូមា​ ចំនួន ១២០០នាក់​។ ជា​គម្រោង​បណ្តេញ​ចេញជន​អន្តោប្រវេសន៍​ខុសច្បាប់ ​ភាគ​ច្រើន​ជា​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ​ដ៏​ចម្រូង​ចម្រាស​ដែល​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​បាន​បរិហារ​យ៉ាងខ្លាំង។​ ប៉ុន្តែ​រដ្ឋាភិបាលម៉ាឡេស៊ី​ប្រកាស​ថា​មិន​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ទេ។ អន្តោប្រវេសន៍​ជាង​១ពាន់បាន​បញ្ជូន​ចូល​ទូក​យោធា​ភូមា​រួច​ហើយ។

ផ្សាយពាណិជ្ជកម្ម

ខ្លះ​ជា​ក្មេង​មិន​ទាន់​ពេញវ័យ​ ខ្លះ​បានដាក់​ពាក្យ​​សុំ​សិទ្ធិ​ជ្រក​ ខ្លះ​ជា​ជនជាតិ​ភាគតិច​ ខ្លះ​កាន់​សាសនាអ៊ីស្លាមរ៉ូហ៊ីងយ៉ា​ ត្រូវ​បាន​បញ្ជូនតាម​ឡាន​​ក្រុង​  ឡានទ្រុង ទៅមូលដ្ឋាន​យោធា​នៅMulut​ឆ្នេរ​ខាងត្បូងម៉ាឡេស៊ី​ហើយ ដើម្បីត្រៀម​ឡើង​ទូកបញ្ជូន​ត្រលប់​ទៅ​ភូមា​វិញ។

នេះ​មិនមែនជាលើកទីដំបូង​​ទេ ដែល​ម៉ាឡេស៊ី​បើកប្រតិបត្តិការ​បញ្ជូន​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ភូមា​ ​ ប៉ុន្តែ​នេះ​ជា​ប្រតិបត្តិការ​លើក​ទី​មួយ​ដែល​របប​យោធា​ភូមា​បាន​សហការជួយ​ម៉ាឡេស៊ី។ នាវាយោធា​ភូមាបានមកដល់​ឆ្នេរម៉ាឡេស៊ី នៅ​ថ្ងៃទី ២១​កុម្ភៈ២០២១។ ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោកស្រី​អ៊ុងសានស៊ូជី មេដឹកនាំ​យោធា​ភូមា បាន​បញ្ជូន​នាវា​យោធា​បី​គ្រឿងទៅ​ដឹក​មក​អន្តោប្រវេសន៍​ទាំង​នោះ។

សហរដ្ឋ​អាមេរិក និង​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ការ​រិះគន់​យ៉ាង​ខ្លាំង គម្រោង​បណ្តេញ​ជនអន្តោប្រវេសន៍​នេះ។ បើ​តាម​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស សូម្បី​តែ​អ្នក​បាន​ដាក់​ពាក្យ​​សុំ​សិទ្ធិ​ជ្រកកោន​ហើយ ហើយ​ខ្លះ​ទៀត​មាន​កាន់​ប័ណ្ណ​សម្គាល់​ជា​ជន​ភៀសខ្លួន​ផ្តល់​ដោយ​អង្គការ​HCRទៀត​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​បញ្ជូនចេញ​ទៅ​វិញ​ដែរ។ ប៉ុន្តែ​ទង្វើ​របស់​ម៉ាឡេស៊ី​មិន​ខុស​ច្បាប់​ទេ​ ព្រោះ​ម៉ាឡេស៊ី​មិន​បាន​ចុះហត្ថលេខា​លើ​​សន្ធិសញ្ញាការពារ​ជន​ភៀស​ខ្លួនឆ្នាំ​១៩៥១​ទេ។

​​​ក្រោយ​បណ្តឹង​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​Amnesty International និង​អង្គការ​ Asylum Access ​តុលាការ​កំពូល​ក្រុង​កូឡាឡាំពួរ​បាន​ចេញបញ្ជា​ នៅ​ថ្ងៃ​អង្គការ​ទី ២៣​កុម្ភៈ ២០២១ឱ្យ​ផ្អាក​​ការ​បណ្តេញ​ជន​អន្តោប្រវេសន៍​សិន ក្នុង​ពេល​តុលាការ​កំពុង​សិក្សា​សំណុំ​ក្តី។ តុលាការ​ថែម​ទាំង​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ម៉ាឡេស៊ី បើក​ផ្លូវ​ឱ្យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកជនភៀស​ខ្លួន អាច​មានលទ្ធភាព​ជួប​អ្នកជាប់​ឃុំ​ទាំង​នោះ​ ដើម្បី​កំណត់​ថា​តើ​នរណា​អាច​មានសិទ្ធ​ជ្រក​កោន​នៅ​ម៉ាឡេស៊ី​បាន។

ប៉ុន្តែដំណើរការ​បណ្តេញ​អន្តោប្រវេសន៍​ទំនង​ជា​ប្រព្រឹត្ត​ទៅតាម​​គម្រោង​។ រដ្ឋាភិបាល​ម៉ាឡេស៊ី ​មិន​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ​​ទេ។ អន្តោប្រវេសន៍​ខុស​ច្បាប់​១០៨៦នាក់ ត្រូវ​បានបញ្ចូនចូល​ដល់​នាវាយោធា​ភូមា​ហើយ។ “​ពុំ​មានទេ​​អន្តោប្រវេសន៍​ដែល​បានសុំសិទ្ធិជ្រកកោនឬ​​កាន់​បណ្ណ​ជនភៀសខ្លួនទេ និងគ្មានទេ​​ជនជាតិ​រ៉ូហ៊ីងយ៉ា។ អ្នក​វិលត្រលប់​ទាំង​អស់​នេះ សុទ្ធ​តែ​ស្ម័គ្រ​ចិត្ត​ ព្រម​ត្រលប់​ដោយ​គ្មានការ​បង្ខំ​ទាំង​អស់។” នេះ​បើ​តាមការ​បញ្ជាក់​របស់​អាជ្ញាធរអន្តោប្រវេសន៍​​ម៉ាឡេស៊ី​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI