រដ្ឋប្រហារយោធា​ភូមា

អាមេរិក និង​សហភាពអឺរ៉ុប​បង្កើនទណ្ឌកម្ម​សេដ្ឋកិច្ច​សំដៅ​មន្រ្តីយោធាជាន់ខ្ពស់​ភូមា

ក្រុមយោធាត្រូវដាក់ពង្រាយ​នៅ​មុខ​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​រ៉ង់ហ្គូន ជាទី​ដែល​ប្រជាជន​ភូមា​ភ្លូកទឹកភ្លូកដី​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​យោធា​ភូមា នៅថ្ងៃទី ២២​កុម្ភៈ ២០២១
ក្រុមយោធាត្រូវដាក់ពង្រាយ​នៅ​មុខ​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​រ៉ង់ហ្គូន ជាទី​ដែល​ប្រជាជន​ភូមា​ភ្លូកទឹកភ្លូកដី​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​យោធា​ភូមា នៅថ្ងៃទី ២២​កុម្ភៈ ២០២១ AP
ដោយ៖ ឈាង បុប្ផា
១៤ នាទី

កងទ័ពភូមា​ដែល​ទទួល​ខុសត្រូវ ធ្វើរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី បាន​រង​សម្ពាធ​កាន់តែខ្លាំង​ពី សហគមន៍​អន្តរជាតិ។ ប្រឈម​នឹង​បាតុកម្ម​របស់​មហាជន​ភូមា ក្នុងស្រុក ថ្នាក់ដឹកនាំ​យោធា​ភូមា​មួយចំនួន ត្រូវ​ជាប់ទណ្ឌកម្ម សេដ្ឋកិច្ច​បន្ថែមទៀត ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ដែល​មាន​បារាំង អាមេរិក អង់គ្លេស ជប៉ុន កាណាដា អ៊ីតាលី និងអាល្លឺម៉ង់ បាន​ចេញ​សេចក្តីថ្លែងការណ៍​នៅថ្ងៃ​អង្គារនេះ ទាមទារ​ឲ្យ​របបសឹក​ស្តារ​របប​ប្រជាធិបតេយ្យ និង​ដោះលែង លោកស្រី អ៊ុងសាន ស៊ូជី ដោយ​គ្មាន​លក្ខខណ្ឌ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍ រួម ចេញផ្សាយ​នៅថ្ងៃ​អង្គារ​នេះ រដ្ឋមន្រ្តី​ការបរទេស​របស់​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​G7​បាននិយាយ​ថ្កោលទោស អំពើហិង្សា របស់​ប៉ូលិស ទាហាន​ភូមា ទៅលើ​បាតុករ ដែល​បានធ្វើ​បាតុកម្ម​៣សប្តាហ៍មកហើយ ដើម្បី ប្រឆាំង​រដ្ឋប្រហារ​យោធាភូមា។

សេចក្តីថ្លែងការណ៍​បង្ហាញជំហរ​រួម​របស់​ក្រុមប្រទេស G7 ធ្វើឡើង នៅ​មួយ​ថ្ងៃ​ក្រោយ អាមេរិក និង​សហភាព​អឺរ៉ុប​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​រៀងខ្លួនៗ ទៅលើ​អ្នកទទួល​ខុសត្រូវ​កងទ័ព​ភូមា ដែល​បាន​ចូលរួម​ធ្វើ​រដ្ឋប្រហារ ទម្លាក់​រដ្ឋាភិបាល​របស់​លោកស្រី អ៊ុងសាន ស៊ូជី កាលពី​ថ្ងៃទី ១​កុម្ភៈ។

នៅ យប់​ថ្ងៃ​ចន្ទ ឈាន​ចូល​ថ្ងៃ​អង្គារនេះ ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​មន្រ្តីយោធា ជាន់ខ្ពស់​២រូប​បន្ថែមទៀត ដែលក្នុង​នោះ មាន​ម្នាក់ ជា​មេបញ្ជាការកងទ័ព​អាកាស។ ចាប់តាំង​ពី​មានរដ្ឋប្រហារ​យោធា​នៅភូមា អាមេរិក​ធ្លាប់​បាន​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​មេដឹកនាំ​យោធា ធំៗ​របស់​ភូមា ចំនួន ១០ រូប ដែលនៅក្នុង​នោះ​មាន​ផងដែរ ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ ជាមួយ​ទណ្ឌកម្ម​សេដ្ឋកិច្ច អាមេរិក​បាន​បិទខ្ទប់ មិន​ឲ្យ​កងទ័ព​ភូមា អាច​ចូលប្រើប្រាស់ មូលនិធិ ប្រមាណ ១ពាន់​លាន​ដុល្លារ របស់​រដ្ឋាភិបាល​ភូមា ដែល​មាន​តម្កល់ទុក នៅធនាគារ​អាមេរិក។

នៅ​ថ្ងៃ​ចន្ទ ម្សិលមិញ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន បាន​ព្រមាន​ថា អាមេរិក​នឹង​ចាត់វិធានការ​ថ្មី​បន្ថែមទៀត ដើម្បី ប្រឆាំង​អ្នកដែល​ប្រព្រឹត្ត​អំពើហិង្សា បង្រ្កាប​ប្រជាជន​ភូមា ដែល​ធ្វើ​បាតុកម្ម​ដោយ​សន្តិភាព។

ទណ្ឌកម្មថ្មី​របស់​អាមេរិក កើតឡើង នៅក្រោយ បាតុករ​ ៣នាក់ ស្លាប់ នៅក្នុង​ការបង្រ្កាប​ហិង្សា របស់​ប៉ូលិស និង​ទាហាន​ភូមា ដែល​មាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងកោស៊ូ ឬ គ្រាប់​កាំភ្លើងពិត ដើម្បី បំបែក​ក្រុមបាតុករ នៅ ចុងសប្តាហ៍មុន។

នៅក្រោយ​ការបង្រ្កាប​ហិង្សា​របស់​យោធា​ភូមា​ទៅលើ​បាតុករ សហភាព​អឺរ៉ុប កាលពី​ថ្ងៃចន្ទម្សិលមិញ បាន​សម្រេច​ដាក់ ​ទណ្ឌកម្ម​សេដ្ឋកិច្ច ផងដែរ ​សំដៅ ប្រឆាំង​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​អ្នកទទួល​ខុសត្រូវ​កងទ័ព​ភូមា។ ជារួម សហភាព​អឺរ៉ុប​នឹង​ផ្អាក​រាល់​ជំនួយ​ហិរញ្ញវត្ថុ​ដែលត្រូវ​ប្រើ​សម្រាប់កម្មវិធីកំណែទម្រង់​រដ្ឋាភិបាល​ភូមា ប៉ុន្តែ សហភាព អឺរ៉ុប​នឹង​មិន​កាត់បន្ថយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ភូមា នោះទេ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​ប្រជាជន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI