ចំណាយកងទ័ពពិភពលោក

ទោះមានវិបត្តិជំងឺកូវីដ១៩ ការចំណាយ​លើ​កងទ័ព​ក្នុង​ពិភពលោក នៅតែខ្ពស់កប់ពពក

ឧទ្ធម្ភាគចក្រ​ និង​យន្តហោះចម្បាំង​ចិន នៅក្នុង​ពិធី​បុណ្យ​ខួប​៦០ឆ្នាំ​នៃ​ការបង្កើតកងទ័ពជាតិ​ចិន នៅ​ឆ្នាំ ២០០៩
ឧទ្ធម្ភាគចក្រ​ និង​យន្តហោះចម្បាំង​ចិន នៅក្នុង​ពិធី​បុណ្យ​ខួប​៦០ឆ្នាំ​នៃ​ការបង្កើតកងទ័ពជាតិ​ចិន នៅ​ឆ្នាំ ២០០៩ AP - Guang Niu

ការចំណាយ​លើ​វិស័យ​យោធា នៅទូទាំងពិភពលោក សម្រាប់​ឆ្នាំ ២០២០ នៅតែ​មាន​កម្រិតខ្ពស់ នោះបើទោះបីជា​ពិភពលោកជួប​រងគ្រោះ​ដោយសារ​វិបត្តិជំងឺកូវីដ១៩។ តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​វិទ្យាស្ថាន​អង់គ្លេស IISS ដែល​ចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ការពង្រឹង​សមត្ថភាព កងទ័ពជើងទឹក​របស់ចិន ជាចំណែកសំខាន់​មួយ​ធ្វើ​ឲ្យ​ការចំណាយលើ​កងទ័ព ​ក្នុង​ពិភពលោក នៅ​តែ​​កើនឡើងខ្ពស់ នៅ​ឆ្នាំ ២០២០។

ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ច​ដើរថយក្រោយ ដោយសារ​វិបត្តិជំងឺកូវីដ មិន​បាន​ធ្វើ​ឲ្យ​ការចំណាយ​ទៅលើ​វិស័យ​កងទ័ព នៅទូទាំង​ពិភពលោក នៅ ឆ្នាំ ២០២០ ធ្លាក់​ថមថយ​ចុះ​នោះទេ។ បន្ទាប់​ពីកើនឡើង គួរ​ឲ្យ​កត់សំគាល់​ប្រមាណ ៤% នៅ ឆ្នាំ ២០១៩ ការចំណាយ​លើ​វិស័យ​យោធា​ នៅក្នុង​ពិភពលោក​ បាន​កើនឡើង ជិត ៤%បន្ថែមទៀត នៅ​ឆ្នាំ ២០២០។ នេះ​បើតាម​របាយការណ៍​របស់​វិទ្យាស្ថាន​អន្តរជាតិ​ដើម្បី​សិក្សា​យុទ្ធសាស្រ្ត ហៅកាត់ជាភាសា​អង់គ្លេសIISS។

តាម​របាយការណ៍​របស់​វិទ្យាស្ថាន​អង់គ្លេស​ ការចំណាយ​លើ​វិស័យ​កងទ័ព នៅក្នុង​ពិភពលោក កើនឡើង ដល់១៨៣០ ពាន់លាន​ដុល្លារ បើទោះបី​ជា​ពិភពលោក​ជួប​វិបត្តិកូវីដ និង​ វិបត្តិសេដ្ឋកិច្ច​សកល ក្តី។ ជិត ២ភាគបី នៃខ្ទង់ចំណាយ​លើ​វិស័យ​កងទ័ពក្នុង​ពិភពលោក ជា​ចំណែក​របស់​អាមេរិក និង​ចិន​រួមគ្នា ដោយ​អាមេរិក​បាន​ចំណាយ ប្រមាណ ៧៣៨​ពាន់​លាន​ដុល្លារ និង​ចិន ដែល​​ជាប់ចំណាត់លេខ២ បានចំណាយ​ថវិកាជាង ១៩៣ពាន់លាន​ដុល្លារ ដែល​ស្មើនឹង​១០ភាគរយ នៃ​ការចំណាយ​សរុប​ក្នុង​​ពិភពលោក។ គេ​អាច​និយាយ​បាន​ថា ចិន ជា​ចលកររុញច្រាន​ឲ្យ​​ការចំណាយ​របស់​អាស៊ី​ទៅលើ​វិស័យ​កងទ័ព កើនឡើងខ្ពស់ ឬ ស្មើនឹង​​២៥ភាគរយ នៃ​ការចំណាយ​សរុបក្នុង​ពិភពលោក។

របាយការណ៍​របស់​វិទ្យាស្ថាន​អន្តរជាតិ​ដើម្បី​សិក្សា​យុទ្ធសាស្រ្ត បាន​សង្កត់​ធ្ងន់​ទៅលើ​​ការពង្រឹង​វិស័យ​យោធា​​​របស់ ចិន ជាពិសេស​ខាងផ្នែក​កងទ័ពជើងទឹក។ តាម​របាយការណ៍​របស់​វិទ្យាស្ថាន​អង់គ្លេស បើទោះ​ជា​មាន​សេដ្ឋកិច្ច​​ធ្លាក់​ចុះ​ខ្សោយ​បន្តិច ដោយសារ​វិបត្តិកូវីដ ចិននៅតែ​រក្សា​ខ្ទង់ចំណាយ របស់ខ្លួន សម្រាប់​ពង្រឹង​​សមត្ថភាព​កងទ័ព​ជើងទឹក​របស់ខ្លួនដូចជា ​បង្កើន​ចំនួន កប៉ាល់​ចម្បាំង នាវាមុជទឹក​ទំនើបៗ ដើម្បី​អាច​ប្រជែង ដណ្តើម​គ្រប់គ្រង​តំបន់​សមុទ្រ​ចិន​ខាងត្បូង។ ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ទាក់ទាញ​ឲ្យ​អាមេរិក​បញ្ជូន​កប៉ាល់​ចម្បាំង​ទៅ​ហោះឆ្វែល​ក្រោម​ហេតុផល​ការពារ​សម្ព័ន្ធមិត្ត​របស់អាមេរិក ដែល​ជា​ភាគី​ជម្លោះ​ជាមួយ​ចិន ជា​ហេតុផល​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​​​ទាំង​អាមេរិក និង​ចិន នៅតែ​បន្ត​បង្កើន​ការចំណាយ​លើ​វិស័យ​កងទ័ព​របស់ខ្លួន។

នៅ​អឺរ៉ុប​ ថ្វីត្បិត សេដ្ឋកិច្ច​ដើរថយក្រោយ​ខ្លាំង និង​ប្រឈម​នឹង​ការកើនឡើង​នៃ​ប្រាក់បំណុល ដោយសារ​តែ​វិបត្តិកូវីដ គ្មាន​ប្រទេស​ណាមួយ បង្ហាញ​ចេតនា​កាត់បន្ថយ​ការចំណាយ​លើ​យោធា​នោះទេ។ ប្រឈម​នឹង​ការគំរាមកំហែង​របស់​រុស្ស៊ី នៅក្រោយ រុស្ស៊ី​កាត់យក​ទឹកដី​គ្រីមេ​របស់​ប្រទេស​អ៊ុយក្រែន នៅឆ្នាំ ២០១៤ ប្រទេស​អឺរ៉ុប ដែល​ជា​សមាជិក​អូតង់ នៅបន្ត បង្កើន​ខ្ទង់​ចំណាយ​យោធាប្រមាណ ២%​នៅ ឆ្នាំ ២០២០។

របាយការណ៍​របស់​វិទ្យាស្ថាន IISSវាយតម្លៃថា ប្រទេស​ជាច្រើន​បានសម្រួលរៀបចំ ​កញ្ចប់​ថវិកា​យោធា​របស់ខ្លួន​ឡើងវិញ ដើម្បី​អាច​បង្វែរយក​​ថវិកាមួយចំនួន ​ទៅជួយ​វិបត្តិសុខភាព ឬ​ដើម្បី គាំទ្រ ជំរុញ​សេដ្ឋកិច្ច ដែល​ធ្លាក់ចុះ​ខ្លាំង​ដោយសារ​វិបត្តិជំងឺកូវីដ កញ្ចប់ថវិកាកងទ័ព​របស់​ពួកគេ នឹង​អាច​ប្រែប្រួល ថយចុះ ចាប់​ពី​ឆ្នាំ ២០២៣ ប៉ុន្តែ មិនមែន​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយនោះទេ។ ជាក់ស្តែង គិត​ត្រឹម ខែ​វិច្ឆិកា​ចុងឆ្នាំមុន រដ្ឋាភិបាល​ជាច្រើន​មិន​បាន​បង្ហាញ​ចេតនា​កាត់បន្ថយ​​កញ្ចប់​ថវិកា​យោធាសម្រាប់​ឆ្នាំ ២០២១​​នេះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI