ស្រីលង្កា-បំណុល-ចិន

ស្រីលង្កា កំពុងតែ​​ចរចា​ ខ្ចីប្រាក់​ពី​ធនាគារ​ចិន ចំនួន​​២២០០​លាន​ដុល្លារ

លោក​នាយករដ្ឋមន្ត្រី​ស្រីលង្កា Mahinda Rajapksa ចាប់រលាក់ដៃយ៉ាងស្និទស្នាល ជាមួយ​លោក​ Wang Yi រដ្ឋមន្ត្រីការបរទេសចិន នៅក្រុងកូឡុំបូ ថ្ងៃទី ១៤ មករា ២០២០
លោក​នាយករដ្ឋមន្ត្រី​ស្រីលង្កា Mahinda Rajapksa ចាប់រលាក់ដៃយ៉ាងស្និទស្នាល ជាមួយ​លោក​ Wang Yi រដ្ឋមន្ត្រីការបរទេសចិន នៅក្រុងកូឡុំបូ ថ្ងៃទី ១៤ មករា ២០២០ AP - Eranga Jayawardena

ផ្អែកតាមប្រភព​ពីមន្ត្រីរដ្ឋាភិបាល​ស្រីលង្កា គឺរដ្ឋាភិបាល​ប្រទេសនេះ កំពុងតែចរចា ដើម្បីខ្ចីប្រាក់ ពីធនាគារចិន សរុប​ចំនួន​២២០០លានដុល្លារសហរដ្ឋអាេមរិក។ គួរបញ្ជាក់ថា ដោយ​សារតែវិបត្តិសេដ្ឋកិច្ច​ ស្រីលង្កាកំពុងតែ​ប្រឈមនឹងការខ្វះសាច់ប្រាក់ចំណាយ​ នៅក្នុងប្រទេស។ តែយ៉ាងណា ការបន្ថែមកំចី​ជាមួយ​នឹង​ចិននេះ ក៏បានធ្វើ​ឲ្យ​មានការព្រួយ​បារម្ភផងដែរ ព្រោះ​ស្រីលង្កាអាចនឹងជាប់អន្ទាក់បំណុលរបស់ចិន។

ផ្សាយពាណិជ្ជកម្ម

លោក​Nivard Cabraal រដ្ឋលេខាធិការស្រីលង្កា ទទួល​បន្ទុក​ទីផ្សារមូលធន បាន​ឲ្យ​ដឹងនៅថ្ងៃទី​២៥កុម្ភៈថា រដ្ឋាភិបាលស្រីលង្កា សង្ឃឹមថានឹងចុះកិច្ចសន្យាខ្ចីប្រាក់ ពីធនាគារ​កណ្តាលរបស់ចិន ចំនួន​ ១៥០០លានដុល្លារ នៅរវាង២សប្តាហ៍ទៀត។ លោក​បញ្ជាក់ថា ប្រាក់នេះ នឹងយកមកធ្វើ​ជាការបំរុងទុក ក្នុងករណី​ដែល​រតនាគារជាតិខ្វះសាច់ប្រាក់ ដើម្បីចំណាយ។

យោងតាមតួលេខផ្លូវការ កម្រិតសាច់ប្រាក់ក្នុងរតនាគារជាតិស្រីលង្កា បានធ្លាក់ចុះខ្លាំង នៅសល់ត្រឹមតែ​៤៨០០លានដុល្លារ​ប៉ុណ្ណោះនៅចុងខែ​មករា។ នេះជាកម្រិតទាបបំផុត បើគិតពីឆ្នាំ​២០០៩​មក។ រដ្ឋាភិបាលស្រីលង្កា ក៏កំពុងចរចាខ្ចីប្រាក់​ពីធនាគារអភិវឌ្ឍន៍ចិន ចំនួន​៧០០លានដុល្លារ​បន្ថែមដែរ ដោយ​ក្នុងនោះ មាន​​២០០លានដុល្លារ គឺជាសាច់ប្រាក់យាន់របស់ចិន។ នេះបើផ្អែកតាមប្រភព​ ពីមន្ត្រីស្រីលង្កាខាងលើ។

សូមរំលឹកថា ក្នុងរវាង​ឆ្នាំ​២០០៥ ដល់២០១៥ ស្រីលង្កា បានខ្ចីប្រាក់ពីចិន ចំនួន​ច្រើន​ពាន់លានដុល្លារ ដើម្បី​យក​ទៅចំណាយ​ថ្លៃសាងសង់ ​គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលស្ថិតក្នុងផែនការផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ​របស់ចិន។​ កម្រិតបំណុលរបស់ស្រីលង្កា កាន់តែកើនឡើង ធ្វើ​ឲ្យ​ប្រទេសលោកខាងលិច និងជាពិសេសប្រទេសឥណ្ឌា មានការព្រួយបារម្ភ ខ្លាចថា​ស្រីលង្កាត្រូវធ្លាក់ចូល​អន្ទាក់​បំណុល​របស់ចិន។

នៅខែធ្នូ ឆ្នាំ​២០១៧ រដ្ឋាភិបាលស្រីលង្កា បានបង្ខំចិត្ត ប្រគល់ការគ្រប់គ្រង​កំពង់ផែទឹកជ្រៅ​​របស់ខ្លួន ឈ្មោះផែ Hambantota ទៅឲ្យ​ក្រុមហ៊ុនចិនគ្រប់គ្រងទាំងស្រុង ដោយ​សារតែខ្លួន ​គ្មានលទ្ធភាព​​សងបំណុល ជំពាក់ថ្លៃសាងសង់កំពង់ផែនេះ។ នៅចុងឆ្នាំ​២០២០ ទីភ្នាក់ងារផ្តល់ចំណាត់​ថ្នាក់​​អន្តរជាតិ S&P និង​ Fitch et Moody’s បានទំលាក់ពិន្ទុស្រីលង្កា ដោយ​សារ​គេសន្និដ្ឋាន​ថា​ស្រីលង្កា អាចប្រឈមនឹងការគ្មានលទ្ធភាពសងបំណុល​​បរទេស។

យ៉ាងណាក៏ដោយ លោក​Nivard Cabraal រដ្ឋលេខាធិការស្រីលង្កា ទទួល​បន្ទុក​ទីផ្សារមូលធន បានអះអាង​នៅថ្ងៃទី​២៥កុម្ភៈថា ស្រីលង្កាកំពុងបន្តសងបំណុល តាមធម្មតា ក្នុងរយៈពេលកំណត់។ លោកបន្ថែមថា គិតមកត្រឹមពេលនេះ ស្រីលង្កាបានសងគេ ចំនួន​៥០០លានដុល្លារហើយ ក្នុងចំណោម​ប្រាក់ ដែលសន្យាថានឹងសង ចំនួន​​៣៧០០លានដុល្លារ ក្នុងឆ្នាំ​២០២១នេះ។

គួរកត់សំគាល់ថា សេដ្ឋកិច្ចស្រីលង្កា ដែលរំពឹងយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ បាន​រងការលំបាកជាខ្លាំង នៅក្រោយ​ពេល​មានហេតុការណ៍ភេរវកម្ម នៅឆ្នាំ​២០១៩ ដែល​បាន​ផ្តាច់ជីវិតមនុស្ស​ប្រមាណ​២៧៩នាក់។ បន្ទាប់មកទៀត ជំងឺឆ្លងកូវីដ​១៩ បានមកបន្ថែម ធ្វើឲ្យ​ឆ្នាំ​២០២០ សេដ្ឋកិច្ច​ស្រីលង្កា បានដើរថយក្រោយ ចំនួន​៣.៩%។ តែយ៉ាងណាក៏ដោយ​ មន្ត្រីរដ្ឋាភិបាលស្រីលង្ការ អះអាងថាសេដ្ឋកិច្ចបានចាប់ផ្តើមងើបឡើងវិញខ្លះហើយ ដោយគេ​រំពឹងថាឆ្នាំ​២០២១ នឹងមានចំណូលសរុប​៣២០០លានដុល្លារ ខណៈដែលការចំណាយ​គឺមាន​តែជាង​២៧០០លានដុល្លារទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI