ទោះត្រូវប្រឈមគ្រោះថ្នាក់ មន្ត្រីរដ្ឋការភូមាមិនរួញរាធ្វើកូដកម្មប្រឆាំងនឹងរបបសឹក
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងប្រទេសភូមា រយៈពេល ៣ សប្តាហ៍ក្រោយរដ្ឋប្រហារ នៅតាមមន្ទីរពេទ្យរដ្ឋលែងមានមនុស្សធ្វើការ ការិយាល័យរបស់រដ្ឋាភិបាលជាច្រើនប្រែទៅជាស្ងាត់ងងឹតឈឹង ចំណែកឯរថភ្លើងវិញ នៅឈរទ្រឹងមិនចាកចេញពីស្ថានីយដូចសព្វមួយដងឡើយ។ នេះជាសញ្ញាប្រាប់ថាចលនាកូដកម្មរបស់មន្ត្រីរដ្ឋការភូមានៅទូទាំងប្រទេសចាប់ផ្តើមជះឥទ្ធិពលខ្លាំងដល់ដំណើរការរបស់រដ្ឋហើយ។
ទោះបីជាត្រូវប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតព្រមទាំងជីវភាពរស់នៅយ៉ាងណាក៏ដោយ ក៏មន្ត្រី រដ្ឋការភូមាជាច្រើននាក់ នៅតែបន្តធ្វើពហិកាមិនធ្វើការឲ្យរដ្ឋាភិបាលគ្រប់គ្រងដោយរបបសឹកឡើយ។
អស់រយៈពេលបីសប្តាហ៍ចាប់តាំងពីរដ្ឋប្រហាររួចមក បុគ្គលិកស្ថាប័នរដ្ឋដូចជា គ្រូពេទ្យ គ្រូបង្រៀនជាដើមបានសម្តែងការប្រឆាំងរបស់ខ្លួនចំពោះរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី តាមរយៈការបដិសេធមិនទៅធ្វើការ។
“របបយោធា ចាំបាច់ត្រូវបង្ហាញថា ពួកគេអាចគ្រប់គ្រងប្រទេសបាន ក្នុងនាមជាប្រមុខរដ្ឋាភិបាល។ ក៏ប៉ុន្តែ ប្រសិនបើយើង ... ដែលជាមន្ត្រីរដ្ឋការមិនទៅធ្វើការ នោះផែនការរបស់ពួកគេក្នុងការក្តោបក្តាប់អំណាចនឹងត្រូវបរាជ័យ”។ នេះគឺជាប្រសាសន៍របស់អ្នកស្រីធីតា សាស្រ្តាចារ្យសាកលវិទ្យាល័យភូមាម្នាក់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដោយបានស្នើឲ្យប្រើឈ្មោះមិនពិត។
គួរជ្រាបថា ដោយសារតែបាតុកម្មរបស់យុវជន សិស្សនិស្សិត បូករួមទាំងកូដកម្មដ៏ធំនៅទូទាំងប្រទេសរបស់បុគ្គលិកស្ថាប័នរដ្ឋផង ទីក្រុងជាច្រើនរបស់ភូមា បែរប្រែទៅជាលែងដំណើរការនិងត្រូវជាប់គាំងខុសពីមុន។ ក្រៅពីស្ថាប័នរដ្ឋ នៅក្នុងវិស័យឯកជនដូចជាតាមបណ្តាក្រុមហ៊ុន រោងចក្រ និងសាខាធនាគារជាច្រើន ក៏ត្រូវបិទទ្វារផងដែរ។
បើតាមមេដឹកនាំរដ្ឋប្រហារលោកឧត្តមសេនីយ៍មីន អ៊ុង ឡាំង និយាយនៅសប្តាហ៍នេះ ជិតមួយ ភាគបីនៃមន្ទីរពេទ្យរដ្ឋរបស់ភូមា លែងដំណើរការទៀតហើយ។
គ្មានអ្នកធ្វើការ គ្មានអ្នកប្រមូលពន្ធ គ្មានអ្នកផ្ញើវិក័យប័ត្រអគ្គិសនី ឬក៏គ្មានអ្នកជំនាញធ្វើតេស្តរកកូវីដ រដ្ឋាភិបាលសឹកភូមាបច្ចុប្បន្ននេះ កំពុងជួបការលំបាកក្នុងការធ្វើឲ្យប្រទេសដំណើរការរលូនល្អ។
ចំណែកវិបត្តិហិរញ្ញវត្ថុ ដែលរីកដុះដាលរួចទៅហើយដោយសារតែវិបត្តិកូវីដនិងការធ្លាក់ចុះនៃការវិនិយោគបរទេស ក៏កំពុងតែរីកកើនធំឡើងផងដែរនៅក្នុងប្រទេសភូមា។ ក៏ប៉ុន្តែ តើចលនាកូដកម្មរបស់មន្ត្រីរដ្ឋការភូមា អាចនឹងមានឥទ្ធិពលធ្វើឲ្យមេដឹកនាំយោធាព្រមចុះចេញនិងប្រគល់អំណាចទៅឲ្យស៊ីវិលវិញដែរឬក៏យ៉ាងណា? គេមានតែរងចាំមើល នៅពេលខាងមុខប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ