ថៃ

ពលករភូមា​ចូល​​ធ្វើ​បាតុកម្ម​ជាមួយសកម្មជន​ប្រជា​ធិបតេយ្យ​ថៃ​ នៅ​បាងកក​

ពលករ​ភូមា​មក​ចូល​រួម​បាតុកម្ម​ជាមួយ​សកម្មជន​ប្រជាធិបេតយ្យ​ថៃ​មុន​គេហដ្ឋាន​នាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ​ចាន់អូចា ថ្ងៃទី ២៨ កុម្ភៈ ២០២១
ពលករ​ភូមា​មក​ចូល​រួម​បាតុកម្ម​ជាមួយ​សកម្មជន​ប្រជាធិបេតយ្យ​ថៃ​មុន​គេហដ្ឋាន​នាយក​រដ្ឋមន្ត្រី ប្រាយុទ្ធ​ចាន់អូចា ថ្ងៃទី ២៨ កុម្ភៈ ២០២១ AP - Fu Ting

ប៉ូលិស​ថៃ​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​បាញ់​ទឹក​ ដើម្បី​បំបែក​ហ្វូង​បាតុករ​ដែល​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ជា​ថ្មី នា​ថ្ងៃ​អាទិត្យ​ទី ២៨​កុម្ភៈ២០២១​នេះ​ នៅ​ទីក្រុង​បាងកក មុន​​គេហដ្ឋាន​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ​ចាន់អូចា។ បាតុករ​ដែល​មានគ្នា​កាន់​តែ​ច្រើនឡើងៗ និង​មាន​ទាំងពលករ​ភូមា​ជា​ច្រើន​រយ​នាក់​ផង។

ផ្សាយពាណិជ្ជកម្ម

ចលនា​យុវជន​អ្នក​ប្រជាធិបតេយ្យ​ដែលស្រែក​​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ប្រាយុទ្ធ​ចាន់​អូចា ចុះ​​ចេញ​ពី​តំណែង​ ហាក់​បានចុះ​ថយ​ឥទ្ធិពល​និង​កម្លាំង​ បន្ទាប់​ពី​មាន​រលក​ចម្លង​រាតត្បាត​កូវីដ​១៩​ជា​លើកទីពីរ​នៅ​ប្រទេស​ថៃ។ ប៉ុន្តែ​ក្រោយ​ពី​មេដឹកនាំ​របស់​ខ្លួន​បួនរូប​រង​ការ​ចាប់​ខ្លួន​ ក្នុង​ចំណោម​ការ​ចាប់​ខ្លួន​សកម្មជន​ប្រជាធិបតេយ្យ​ចំនួន​៥៨​នាក់​ផ្សេង​ទៀត ពី​បទ​​បាន​ចូលធ្វើ​បាតុកម្ម​ ហើយ​អាច​នឹងត្រូវ​ជាប់​ដល់​ទៅ​១៥​​ឆ្នាំ​ ពី​បទ​ប្រមាថព្រះមហាក្សត្រមក ចលនាបាតុកម្ម​បាន​រើប​ និង​រីក​ធំធាត់​ឡើង​វិញ។

នៅ​ថ្ងៃ​អាទិត្យ​ទី ២៨កុម្ភៈ​នេះ មាន​យ៉ាង​ហោច​បាតុកប្រមាណ​ពីរ​ពាន់​នាក់​បានមកប្រមូលផ្តុំ​គ្នា​ ដើរ​ដង្ហែក្បួន​នៅ​ទីក្រុង​បាងកក តាំង​ពីផ្លូវ​បំបែក​ជិតវិមានជ័យ​ជំនះ​​សំដៅ​មូលដ្ឋាន​ទ័ព​ដែល​មាន​គេហដ្ឋាននាយករដ្ឋមន្ត្រី​ប្រាយុទ្ធចាន់អូចា​ស្នាក់​នៅ។

អ្វី​ជា​ការ​គួរ​ឱ្យកត់​សម្គាល់​ខ្លាំង គឺ​ក្រៅ​អំពី​សកម្មជន​ប្រជាធិបតេយ្យ​​ថៃ គេ​សង្កេត​ឃើញ​មាន​ពលករភូមា​ជាច្រើន​រយនាក់​ផ្សេង​ទៀត បានមក​បំប៉ោង​ក្បួន​បាតុកម្ម។ ​ពលករភូមា​នៅថៃចង់​ឆ្លៀត​ឱកាស​បរិហារសកម្មភាព​របស់​​ក្រុមយោធា​ដែល​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាលស៊ីវិលដឹកនាំ​ដោយ​លោកស្រី​អ៊ុងសានស៊ូជី និង​ដែល​នាយករដ្ឋមន្ត្រី​ថៃ ​ទើប​តែ​ទទួល​ជួប​ ​កាលពី​ថ្ងៃ​ទី ២៤​កុម្ភៈ នៅ​ទីក្រុង​បាងកក។ រដ្ឋាភិបាល​យោធាភូមា​ដែល​បាននិង​កំពុង​ធ្វើការ​បង្ក្រាប​ និង​ប្រើ​អំពើ​ហិង្សា​កាន់​តែខ្លាំងឡើង​ៗ​ លើ​បាតុករ​ រហូត​បង្កឱ្យ​មាន​ស្លាប់​យ៉ាង​ហោចណាស់ ១៨​នាក់ នៅ​ថ្ងៃ​អាទិត្យ​ទី ២៨​កុម្ភៈ២០២១។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​សហប្រជាជាតិ។

​ទន្ទឹម​ពេល​ជា​មួយ​គ្នា បាតុកម្ម​នៅ​ក្នុង​ទីក្រុង​បាងកក​ក៏​រង​ការ​បង្ក្រាប ​​យ៉ាង​ហិង្សា​ដែរ។ នេះ​ជា​លើក​ទី​មួយ​ គិត​តាំង​ពី​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មកនេះ ដែល​ប៉ូលិស​ថៃបានចាប់​ផ្តើម​ប្រើ​មធ្យោបាយ​ធំ មិន​ប៉ះពាល់​ដល់​ជីវិត ដើម្បីបំបែកបាតុកម្ម។ បើ​តាម​បាតុករ​ជួរ​មុខ ប៉ូលិស​ថៃ បានត្រៀមលក្ខណៈ​គ្រប់​យ៉ាង មាន​ទាំង​ការ​បាញ់​គ្រាប់​បែក​ផ្សែង​បង្ហូរ​ទឹកភ្នែក ​​ប្រើ​កាណុង​បាញ់​ទឹក ឬ​គ្រាប់លាយ​​ល្បាយ​គីមី ឬ​គ្រាប់​ជ័រ ប្រើដំបងវាយ​ហ្វូងបាតុករ។ បាតុករ​ដែល​មាន​ពាក់​អាវ​ភ្លៀង ពាក់​មួក​សុវត្ថិភាព កាន់​ទង់ជាតិ​ក្រហម​ រុល​ទម្លុះ​រនាំង​ប៉ូលិស​ របង​បន្លា​ បង្ក​ឱ្យ​មាន​ការ​​​ប៉ះទង្គិច​ជាមួយ​ប៉ូលិសខ្លាំង ​ហើយ​ខ្លះ នាំ​គ្នា​លើក​ដៃ​ទទេឡើង​​លើ ឬម្រាមដៃ​បី ជា​និម្មិត្តរូប​នៃ​ការ​តស៊ូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI