ភូមា-រដ្ឋប្រហារ

ភូមា៖ បាតុករ​​ស្លាប់​​ច្រើននាក់ ដោយ​ការ​​បង្រ្កាប​របស់​​​សមត្ថកិច្ច​ នៅថ្ងៃ​អាទិត្យ​​ទី​២៨កុម្ភៈ

សមត្ថកិច្ច​បាញ់ឧស្ម័នបង្ហូរទឺកភ្នែក បំបែក​ហ្វូងបាតុករ នៅក្រុងរ៉ង់ហ្គូន ថ្ងៃទី​២៨ កុម្ភៈ ២០២១
សមត្ថកិច្ច​បាញ់ឧស្ម័នបង្ហូរទឺកភ្នែក បំបែក​ហ្វូងបាតុករ នៅក្រុងរ៉ង់ហ្គូន ថ្ងៃទី​២៨ កុម្ភៈ ២០២១ AP

ចលនាបាតុកម្ម​របស់​ប្រជាជនភូមា ត្រូវបានសមត្ថកិច្ច ប្រើ​កម្លាំងបង្រ្កាប​កាន់តែហិង្សា ខ្លាំងឡើងៗជាទីបំផុត។ នៅថ្ងៃអាទិត្យ​ទី​២៨កុម្ភៈនេះ មានបាតុករ​យ៉ាងហោច៦នាក់ បានស្លាប់ និង​ច្រើននាក់ទៀតរងរបួស ដោយ​សារសមត្ថកិច្ច បានបាញ់គ្រាប់​កាំភ្លើងពិត និងគ្រាប់​កាំភ្លើងកៅស៊ូ។ នេះបើផ្អែកតាមការចុះផ្សាយ​របស់​បណ្តាញ​ព័ត៌មានក្នុងស្រុកភូមា។ ប៉ុន្តែបើផ្អែកតាមប្រភព​របស់​អង្គការសហប្រជាជាតិ គឺបាតុករស្លាប់ក្នុងថ្ងៃអាទិត្យទី​២៨កុម្ភៈ អាចមានរហូតដល់ ១៨នាក់។

ផ្សាយពាណិជ្ជកម្ម

កម្លាំងសមត្ថកិច្ចភូមា បាន​ប្រើ​ការបង្រ្កាប​កាន់តែហិង្សា និងដោយ​មិនរើស​មុខ ដើម្បីបំបែកក្រុមបាតុករ តាមរយៈការបាញ់ទឹក បាញ់ឧស្ម័នបង្ហូរទឹកភ្នែក និង​បាញ់គ្រប់កាំភ្លើងកៅស៊ូ និងគ្រាប់​ពិត​ជាដើម។ យ៉ាងហោចណាស់ មានបាតុករ៣នាក់ បានស្លាប់ នៅទីក្រុង Dawei ជាប់មាត់សមុទ្រភាគខាងត្បូងភូមា នៅថ្ងៃទី​២៨កុម្ភៈ។ Pyae Zaw Hein ក្រុមសង្គ្រោះស្ម័គ្រចិត្ត បានប្រាប់អ្នកយកព័ត៌មានបារាំងAFP នៅព្រឹកថ្ងៃទី ២៨ កុម្ភៈថា​ ជនរងគ្រោះដែលស្លាប់​ទាំង​៣នាក់​ គឺបានរងគ្រាប់កាំភ្លើងពិត បាញ់ដោយ​សមត្ថកិច្ច ចំនែកបាតុកររបួសធ្ងន់ និងស្រាល ជាច្រើននាក់ទៀត គឺបានត្រូវគ្រាប់កាំភ្លើងកៅស៊ូ។ កាសែតតំបន់ Dawei Watch ក៏បានចុះផ្សាយដូចគ្នា​​ ថាមានបាតុករ៣នាក់ ស្លាប់នៅថ្ងៃទី ២៨កុម្ភៈ នៅក្នុង​ហេតុការណ៍​បំបែបបាតុកម្ម នៅក្រុង Dawei។

ដោយឡែក នៅក្រុង Pago មាន​​យុវជនបាតុករអាយុ១៨ឆ្នាំ ​២នាក់បានស្លាប់។ ចំណែក​នៅក្រុងរ៉ង់ហ្គូនវិញ មានបាតុករអាយុ២៣ឆ្នាំម្នាក់ដែរ ក្នុងថ្ងៃទី​២៨កុម្ភៈ។បើផ្អែកតាមប្រភព​របស់​ ក្រុមប្រឹក្សាសិទ្ធិមនុស្ស​ នៃ​អង្គការសហប្រជាជាតិ គឺថ្ងៃអាទិត្យទី​២៨កុម្ភៈ ជាថ្ងៃដែលមានបាតុករស្លាប់ច្រើនបំផុត គិតចាប់ពីផ្ទុះបាតុកម្ម​មក ពោលគឺអាចមានចំនួន រហូតដល់ ១៨នាក់។ អង្គការសហប្រជាជាតិ​ បានថ្លែងថ្កោលទោស ចំពោះការប្រើកម្លាំងបង្រ្កាបដោយ​ហិង្សា​ របស់សមត្ថកិច្ចភូមា។

យោងតាមការអះអាងព្រមៗគ្នា ពីសំណាក់ក្រុមបាតុករ គឺសមត្ថកិច្ចភូមា បាន​ប្រើ​កម្លាំង​ចុះបង្រ្កាប បំបែក​បាតុករ យ៉ាងលឿនរហ័សជាទីបំផុត ដោយ​មិន​ឲ្យ​ពួកគេ ជួបជុំគ្នាទាន់ទេ។ បាតុករខ្លះ បានរត់ប្រសេចប្រសាច សំងំលាក់ខ្លួន​ ពួនពីការចាប់​វាយដំ របស់​សមត្ថកិច្ច។ Amy Kyaw គ្រូបង្រៀនអាយុ២៩ឆ្នាំម្នាក់ បានអះអាងថា នគរបាលបាន​ចុះប្រើកម្លាំង បំបែកភ្លាមៗ ដោយគ្មាន​ការប្រកាស ជូន​ដំណឹងជាមុន ថាឲ្យ​បាតុករ រំសាយ​គ្នា ឬ ដកថយនោះទេ។ វីដេអូផ្សាយផ្ទាល់តាមFacebook ពីទីក្រុងម៉ាន់ដាឡេ និងក្រុងរ៉ង់ហ្គូន បានបង្ហាញឲ្យ​ឃើញ កម្លាំងសមត្ថកិច្ច ប្រើកាណុង​បាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ទៅលើកម្មករ។

សូមបញ្ជាក់ថា មុនថ្ងៃ​ទី២៨កុម្ភៈ មានបាតុករភូមា៥នាក់បានស្លាប់រួចទៅហើយ។ កាលពីថ្ងៃសៅរ៍​ ទី២៧កុម្ភៈ មានអ្នកកាសែតចំនួន​យ៉ាងហោច៣នាក់ ត្រូវបាន​សមត្ថកិច្ចភូមាចាប់ខ្លួន ក្នុងនោះមាន អ្នកថតរូបឲ្យ​ទីភ្នាក់ងារព័ត៌មានអាេមរិក Associated Press ម្នាក់ អ្នកថតវីដេអូ របស់កាសែត Myanmar Now និងអ្នកថតរូប របស់Myanmar Pressphoto ម្នាក់ទៀត។

គិតចាប់ពីក្រោយ​ហេតុការណ៍រដ្ឋប្រហារ នៅថ្ងៃទី​១កុម្ភៈមក យោងតាមអង្គការជួយ​អ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា មាន​មនុស្សជាង​៨៥០នាក់ ត្រូវបាន​គេចាប់ខ្លួន។ តែយ៉ាងណា​ តួលេខនេះ​អាចនឹងកើនឡើងខ្លាំង នៅចុងសប្តាហ៍នេះ ដោយ​បណ្តាញ​ព័ត៌មាន​ខ្លះ បានចុះផ្សាយ​ថា គ្រាន់តែថ្ងៃសៅរ៍ ទី​២៧កុម្ភៈ មានការចាប់ខ្លួន​មនុស្ស​បន្ថែម ចំនួន​ ដល់ទៅ​​៤៧៩នាក់​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI