សកម្មជនប្រជាធិបតេយ្យហុងកុង ៤៧នាក់ ជាប់ចោទពីបទធ្វើសកម្មភាពវិទ្ធង្សនា
ចុះផ្សាយនៅថ្ងៃ៖
មនុស្សចំនួន៤៧នាក់ ត្រូវជាប់ចោទពីបទធ្វើសកម្មភាពវទ្ធង្សនា ដោយយោងលើច្បាប់សន្តិសុខជាតិ។ នេះបើផ្អែកតាមប្រកាសឲ្យដឹង ពីសំណាក់ នគរបាលហុងកុង នៅថ្ងៃទី២៨កុម្ភៈ។ នេះគឺការចោទប្រកាន់ ទៅលើមនុស្សច្រើននាក់បំផុត ដែលក្នុងចំណោមអ្នកដែលរងការចោទប្រកាន់ គឺសុទ្ធតែជាសកម្មជនប្រជាធិបតេយ្យ និងបញ្ញវន្តអ្នកចេះដឹង ដែលចេញមុខខ្លាំង ក្នុងការទាមទារសិទ្ធិសេរីភាពនៅហុងកុង។
នគរបាលហុងកុង បានអះអាងថា មនុស្ស៤៧នាក់ ត្រូវជាប់ចោទពីបទ ធ្វើសកម្មភាពឃុបឃិតគ្នា ក្នុងទិសដៅធ្វើវិទ្ធង្សនា បំផ្លាញ និងផ្តួលរំលំរដ្ឋាភិបាល។ បទចោទប្រកាន់នេះ មានចែងនៅក្នុងច្បាប់សន្តិសុខជាតិ សម្រាប់តំបន់ហុងកុង។
ក្នុងចំណោមអ្នកដែលត្រូវគេចោទទាំងនេះ គឺមានអ្នកនយោបាយ និងបញ្ញវន្តហុងកុងជាច្រើននាក់ ក្នុងនោះមានដូចជា ៖ អតីតសមាជិកសភា លោក James To និងអ្នកស្រី Claudia លោកសាស្ត្រាចារ្យសកលវិទ្យាល័យដ៏ល្បីឈ្មោះ Benny Tai លោក Wu Chi-wai ប្រធានគណបក្សប្រជាធិបតេយ្យហុងកុង លោក Alvin Yeung Ngok-kiu មេដឹកនាំគណបក្សពលរដ្ឋហុងកុង មេធាវី បុគ្គលិកអង្គការសង្គមស៊ីវីល និងយុវជនប្រជាធិបតេយ្យ ដូចជាលោក Joshua Wong ជាដើម។ បន្ទាប់ពីបានចូលខ្លួនតាមការកោះហៅ របស់នគរបាល នៅរសៀលថ្ងៃអាទិត្យ ក្រុមអ្នកជាប់ចោទទាំងអស់ សន្យាថានឹងចូលខ្លួនទៅក្នុងតុលាការ នៅថ្ងៃចន្ទ ទី១មិនាស្អែក។
សូមរំលឹកថា អ្នកដែលជាប់ចោទទាំង៤៧នាក់ គឺស្ថិតក្នុងចំណោមមនុស្ស ៥៥នាក់ ដែលមត្ថកិច្ចហុងកុង បានចុះឡោមព័ទ្ធចាប់ កាលពីថ្ងៃទី ៦មករា។ មនុស្សទាំងនេះ ត្រូវបានសមត្ថកិច្ចហុងកុង ចោទថាបានរៀបចំការបោះឆ្នោតខុសច្បាប់មួយ កាលពីខែកក្កដា ឆ្នាំ២០២០។ ជាការបោះឆ្នោត ដែលក្រុមអ្នកប្រជាធិបតេយ្យហុងកុងបានរៀបចំ ហើយដោយមានមនុស្សប្រមាណ៦សែននាក់ចូលរួម។
គួរកត់សំគាល់ថា នេះគឺជាទំហំចំនួនចាប់ខ្លួនអ្នកប្រជាធិបតេយ្យ ច្រើនបំផុត បើគិតពីក្រោយការចូលជាធរមាន នៃច្បាប់សន្តិសុខជាតិ។ ច្បាប់សន្តិសុខជាតិ ដែលត្រូវបានបក្សកុម្មុយនីស្តចិនអនុម័ត និងចូលជាធរមាននៅថ្ងៃទី ៣០ មិថុនា ២០២០ បានកំណត់ នូវទោសឧក្រិដ្ឋ៤ប្រភេទ ក្នុងនោះមាន សកម្មភាពវិទ្ធង្សនា សកម្មភាពបះបោរបំបែកទឹកដី សកម្មភាពភេរវកម្ម និងសកម្មភាពឃុបឃិតបំរើប្រយោជន៍បរទេស។ ច្បាប់នេះ មិនបានឆ្លងកាត់ការពិភាក្សា នៅក្នុងសភាហុងកុងទេ។ អ្នកដែលជាប់ការចោទប្រកាន់ទាំងនេះ អាចប្រឈមនឹងទោសជាប់ពន្ធនាគារអស់មួយជីវិត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ