ចិន-សារព័ត៌មាន

របាយការណ៍ FCCC៖ស្ថានភាពរបស់អ្នកកាសែតបរទេសនៅចិនធា្លក់ដុនដាបខ្លាំង

ប៉ូលិសចិន​ឈរយាម​នៅ​ទីលានធៀនអាន់មេនក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន រូប​ថត​ថ្ងៃទី២៧ មករា ឆ្នាំ ២០២០។
ប៉ូលិសចិន​ឈរយាម​នៅ​ទីលានធៀនអាន់មេនក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន រូប​ថត​ថ្ងៃទី២៧ មករា ឆ្នាំ ២០២០។ AP - Mark Schiefelbein

នៅ​ថ្ងៃ​ចន្ទ ទី១ មីនា ក្លឹប​នៃ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស​ក្នុង​ប្រទេស​ចិន​ហៅកាត់ FCCC បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ ២០២០ ស្តីពី​ស្ថានភាព​របស់​អ្នកកាសែត​បរទេស​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ចិន។ តាម​របាយការណ៍ ស្ថានភាព​របស់​អ្នកកាសែត​បរទេស​នៅ​ចិន​ក្នុង​ឆ្នាំ ២០២០ បាន​ធ្លាក់​ដុនដាប​ខ្លាំង​ដោយ​មាន​ការ​បណ្តេញ​អ្នកកាសែត​បរទេស​យ៉ាង​តិច​ចំនួន ១៨នាក់។ ក្រៅ​ពី​អ្នកកាសែត​បរទេស ក្រុម​បុគ្គលិក​ជា​ជនជាតិ​ចិន​ដែល​ធ្វើ​ការ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​នៅ​ចិន​ក៏​ទទួល​រង​នូវ​ការ​គាបសង្កត់​ដែរ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ ២០២០ ក្លឹប​នៃ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស​ក្នុង​ប្រទេស​ចិន​ហៅ​កាត់ FCCC បាន​កត់សម្គាល់​ឃើញ​ជា​រួម​ថា លក្ខខណ្ឌ​ការងារ​របស់​អ្នកកាសែត​បរទេស​នៅ​ចិន​បាន​ធ្លាក់​ដុនដាប​ខ្លាំង​ក្នុង​រយៈពេល ៣ឆ្នាំ​ជាប់​គ្នា គឺ​ឆ្នាំ ២០១៨ ២០១៩ និង​ឆ្នាំ ២០២០។ ឆ្នាំ ២០២០ ដែល​ចិន​បាន​បណ្តេញ​ចេញ​អ្នក​អ្នកកាសែត​បរទេស​យ៉ាង​តិច ១៨នាក់​ជា​បុគ្គលិក​របស់​កាសែតអាមេរិក New York Times Wall Street Journal និង Washington Post។ ទង្វើ​របស់​ក្រុង​ប៉េកាំង​កាល​ណោះ​ជា​វិធានការ​សងសឹក​នឹង​ក្រុង​វ៉ាស៊ីនតោន​ដែល​បាន​បណ្តេញ​ចេញ​អ្នកកាសែត​ចិន​ធ្វើ​ការ​នៅ​លើ​ទឹកដី​អាមេរិក។

នៅ​ក្នុង​វិធានការ​សងសឹក​ដដែល រដ្ឋអំណាច​ចិន​ក៏​ឈប់​ផ្តល់​កាតសារព័ត៌មាន​ឲ្យ​អ្នកកាសែត​អាមេរិក និង​មាន​កាតសារព័ត៌មាន​របស់​អ្នកកាសែត​អាមេរិក​យ៉ាង​តិច ១៣នាក់​ត្រូវ​បាន​ចិន​កាត់​បន្ថយ​រយៈពេល​សុពលភាព​ពី ១ឆ្នាំ​មក​នៅ​ត្រឹម ៦ខែ ឬ​តិច​ជាង ៦ខែ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វិធានការ​នេះ​មាន​ដូច​ជា New York Times BBC Globe and Mail The Voice of America ឬ​មួយ​ក៏​កាសែត​បារាំង.Le Monde។ ក្រៅ​ពី​អ្នកកាសែត​បរទេស គំនាប​លើ​បុគ្គលិក​ជា​ជនជាតិ​ចិន​ដែល​ធ្វើ​ការ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​នៅ​ចិន​ក្នុង​ឆ្នាំ ២០២០ ក៏​មាន​ការ​កើន​ឡើង​ដែរ។

ជាក់ស្តែង លោកស្រី Haze Fan ដែល​ធ្វើ​ការ​ឲ្យ​ទីភ្នាក់ងារ Bloomberg News ត្រូវ​បាន​រដ្ឋអំណាច​ចិន​ចាប់​ឃុំ​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០២០ ដោយ​ជាប់​សង្ស័យ​ក្នុង​បទ​គំរាមកំហែង​ដល់​សន្តិសុខជាតិ។ នៅ​ក្នុង​របាយការណ៍​ដដែល FCCC បាន​ចោទ​ចិន​ពី​បទ​ប្រើ​វិធានការ​ប្រឆាំង​នឹង​កូវីដ១៩ ជា​មធ្យោបាយ​ថ្មី​ដើម្បី​ត្រួតពិនិត្យ និង​ដាក់​គំនាប​លើ​អ្នកកាសែត​បរទេស។ ឧទាហរណ៍​ជាក់ស្តែង អ្នកកាសែត​បរទេស​ដែល​ចុះ​ទៅ​យកការណ៍​ក្នុង​សម័យ​កូវីដ១៩ ត្រូវ​បាន​រដ្ឋអំណាច​ចិន​បង្ខំ​ឲ្យ​ធ្វើ​តេស្តិ៍​រក​កូវីដ១៩ ច្រើន​ដង និង​ត្រូវ​ធ្វើ​ចត្តាឡីសក​រយៈពេល ២សប្តាហ៍។ ក្នុង​ឆ្នាំ ២០២០ ដដែល រដ្ឋអំណាច​ចិន​បាន​ផ្តល់​ទិដ្ឋាការ​តិចតួច​ដល់​អ្នកកាសែត​បរទេស​ដែល​ចង់​ទៅ​ចិន ឬ​មួយ​ក៏​ចង់​ត្រឡប់​ទៅ​ចិន​ជា​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI