រដ្ឋប្រហារយោធាភូមា

តើ​អាស៊ាន​អាច​ធ្វើអ្វីខ្លះ ដើម្បី​ដោះស្រាយ​វិបត្តិភូមា?

ទាហាន​បាញ៉​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​បាតុករ​ដែល​ប្រឆាំង​រដ្ឋប្រហារ​យោធា​ភូមា នៅថ្ងៃទី ២​មីនា ២០២១
ទាហាន​បាញ៉​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​បាតុករ​ដែល​ប្រឆាំង​រដ្ឋប្រហារ​យោធា​ភូមា នៅថ្ងៃទី ២​មីនា ២០២១ AFP - STR

នៅភូមា ស្ថានការណ៍​កាន់តែ​អាក្រក់ បន្ទាប់​ពី កងទ័ព បើក​ប្រតិបត្តិការ​បង្រ្កាប​ហិង្សា ដើម្បី បំបែក​ក្រុមបាតុករ ដែលចុះ​ថ្នល់​តវ៉ា​ប្រឆាំង រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី។ នៅថ្ងៃ​អង្គារនេះ ប៉ូលិស ទាហាន​ភូមា​បាន​បាញ់គ្រាប់កាំភ្លើង​ពិត​ទៅលើ​បាតុករ ដែល​ជា​ហេតុធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច ៣នាក់​រងរបួសធ្ងន់។ នៅ ថ្ងៃ​អង្គារនេះដែរ រដ្ឋមន្រ្តីការបរទេស​អាស៊ាន​បានប្រជុំ​បន្ទាន់ តាម​វីដេអូសន្និសីទ ជាមួយ អ្នកតំណាង​កងទ័ព​ភូមា ដើម្បី ទាមទារ​ឲ្យ​របបសឹក​ភូមា ឈប់​ប្រើ​កម្លាំង បង្រ្កាប​ដ៏ហិង្សា​ទៅលើ​បាតុករ។

ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី ថ្ងៃ អាទិត្យ កម្លាំង​ប្រដាប់អាវុធ​ភូមា​បាន​បង្កើន​ការបង្រ្កាប​ដ៏ហិង្សា ទៅលើ​បាតុករ ភូមា ដែលនៅតែ​មិន​រាថយ ក្នុង​ការធ្វើបាតុកម្ម ដើម្បី ប្រឆាំង បរិហា រដ្ឋប្រហារ​យោធាភូមា។ នៅ ថ្ងៃ​អង្គារ​នេះ ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងពិត ដើម្បី បំបែក​ក្រុមបាតុកម្ម នៅតាម​ទីក្រុង​ធំៗ​របស់​ភូមា។ នៅ​ទីក្រុង​រ៉ង់ហ្គូន យ៉ាងហោច​មនុស្ស​៣នាក់ រងរបួសធ្ងន់ ដោយសារ​គ្រាប់កាំភ្លើង​របស់​ទាហាន​ភូមា ចំណែក អ្នកកាសែត​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​របស់​កងទ័ព។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ដែល​បាន​ដកស្រង់​សំដី​របស់​ក្រុមជួយសង្រ្គោះ ភូមា។

នៅចំពោះមុខ​វិបត្តិ​ភូមា ដែល​កាន់តែ​ធ្លាក់ចុះ​អាក្រក់ អាស៊ាន ដែល​រង​ចោទប្រកាន់ថា ស្ពឹក អសកម្ម ​បាន​សម្រេច​បើកការប្រជុំ​ថ្នាក់រដ្ឋមន្រ្តីការបរទេស នៅថ្ងៃ​នេះ ដើម្បី ទាមទារ​ឲ្យ​កងទ័ព​ភូមា បិទបញ្ចប់​ការបង្រ្កាប​ហិង្សា ទៅលើ​ក្រុមបាតុករ។ តាមមន្រ្តីការទូត​ម្នាក់​ដែល​ស្រង់សំដី ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP អាស៊ាននឹង​អំពាវនាវ​ផងដែរ ឲ្យ​របបសឹក​ភូមា ចរចា​ជាមួយ​គ្រប់ភាគី ដែលនៅក្នុង​នោះ មានផងដែរ លោកស្រី អ៊ុងសាន ស៊ូជី ដែល​កងទ័ពកំពុង ​ចាប់ឃុំ​ខ្លួន។

ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​យោធា​នៅ​ភូមា កាលពី ថ្ងៃទី​១​កុម្ភៈ អាស៊ាន​តមសំដី មិននិយាយ​អ្វីច្រើន​ទាក់ទង​នឹង​ស្ថានការណ៍​នៅ​ភូមានោះទេ ដោយសារ តែ គេ​ផ្អែក​ទៅលើ​គោលការណ៍ មិនលូកដៃ​ចូល ក្នុង​កិច្ចការ​ផ្ទៃក្នុង របស់​ប្រទេស​សមាជិក​ដទៃ។

ប៉ុន្តែ នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ ប្រទេស​សមាជិក​មួយចំនួន ដូចជា​សិង្ហបុរី ជាដើម បាន​ចេញមុខ ប្រតិកម្ម​រិះគន់​កាន់តែ​ខ្លាំង ចំណាត់ការ​របស់​កងទ័ព​ភូមា។ នៅថ្ងៃ​ចន្ទ ម្សិលមិញ នៅក្នុង​ពេល​ថ្លែង​ទៅកាន់​សភា​សិង្ហបុរី រដ្ឋមន្រ្តីការបរទេស​សិង្ហបុរី​បាន​និយាយ​ថា លោក​រន្ធត់​ដែល​ឃើញ កងទ័ពភូមា​បាញ់​កាំភ្លើងពិត ទៅលើ​ប្រជាជន​ស៊ីវិល។

តាមរយៈ រដ្ឋមន្រ្តីការបរទេស សិង្ហបុរី ដែល​ជា​អ្នកវិនិយោគ​សំខាន់ និងដែល​មាន​ឥទ្ធិពល​ទៅលើ​មេដឹកនាំយោធា ភូមា បានអំពាវនាវ​ឲ្យកងទ័ព​ភូមា​ទប់ខ្លួន ឈប់​ប្រើ​កម្លាំងហិង្សា ប៉ុន្តែ ផ្ទុយទៅវិញ ត្រូវ​ត្រលប់​ទៅដើរលើ​ផ្លូវប្រជាធិបតេយ្យ​សា​ជាថ្មី​ឡើងវិញ។

កិច្ចប្រជុំ​របស់​អាស៊ាន នៅ​ថ្ងៃ​នេះ គ្រាន់តែ​ដាក់សម្ពាធ​មួយកម្រិត លើ​កងទ័ព ប៉ុន្តែ មិនដល់​ថ្នាក់ ​ឈាន​ទៅដល់​ការសម្រេច ដាក់ទណ្ឌកម្ម ថ្កោលទោសលើ​របបសឹកភូមា​នោះទេ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍អង់គ្លេស BBC នៅ​ថ្ងៃ​អង្គារនេះ នាយករដ្ឋមន្រ្តី សិង្ហបុរី លោក លី ស៊ានឡុង​បាននិយាយ​ទាមទារ​ឲ្យ​របបសឹក​ដោះលែង លោកស្រី អ៊ុងសាន ស៊ូជី។ តាម​មេដឹកនាំ​សិង្ហបុរី ទណ្ឌកម្ម​សេដ្ឋកិច្ច​នឹង​មិន​ប៉ះពាល់​ដល់​កងទ័ព​ភូមា​នោះទេ។ ផ្ទុយទៅវិញ វា​នឹង​ប៉ះពាល់​ខ្លាំង​ដល់​​ប្រជាជនស៊ីវិល​ភូមា។

តាម​អ្នកវិភាគ​មក​ពី​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ សិង្ហបុរី លោក Oi Ei Sun ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន ដូចជា ថៃ កម្ពុជា និង​ឡាវ ដែល​កំពុងប្រឈម វិបត្តិ​នយោបាយ​ក្នុង​ស្រុក នឹង​មិន​ទាមទារ​ឲ្យ​មាន​អន្តរាគមន៍​លូកដៃ​ពីប្រទេស​ខាងក្រៅ ចូល​ក្នុង​វិបត្តិ​នយោបាយ​ភូមា​នោះទេ។ ធ្វើដូច្នេះ ព្រោះ​ពួកគេ​ក៏មិន​ចង់​ឲ្យ​មាន​អន្តរាគមន៍​លូកដៃ​ដូចគ្នា​នេះ នៅក្នុង​​វិបត្តិនយោបាយ​ផ្ទៃក្នុង​របស់​ពួកគេដែរ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI