ភូមា-រដ្ឋប្រហារ

ភូមា៖ ប្រជាជន​បន្តធ្វើ​បាតុកម្ម​ ថ្វីបើ​មាន​ស្លាប់​​យ៉ាង​ហោច​​៣៨នាក់ កាល​ពី​​ថ្ងៃ​ពុធ​

បាតុករយករូបថត លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ទៅបិទលើផ្លូវ ដើម្បីធ្វើជាឧបសគ្គ កុំឲ្យ​ទាហានដើរចូលមកបង្រ្កាប​ពួកគេ។ ក្រុងរ៉ង់ហ្គូន ថ្ងៃទី ៤ មីនា ២០២១
បាតុករយករូបថត លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ទៅបិទលើផ្លូវ ដើម្បីធ្វើជាឧបសគ្គ កុំឲ្យ​ទាហានដើរចូលមកបង្រ្កាប​ពួកគេ។ ក្រុងរ៉ង់ហ្គូន ថ្ងៃទី ៤ មីនា ២០២១ AP

កាលពីថ្ងៃពុធទី​៣មីនា កងទ័ពភូមាបាន​បង្រ្កាប​បាតុកម្ម​ ដោយ​ប្រើកម្លាំងខ្លាំងបំផុត បណ្តាល​ឲ្យ​ស្លាប់​មនុស្សយ៉ាងហោច ៣៨នាក់។ នេះបើផ្អែកតាម​ប្រភព​របស់​អង្គការសហប្រជាជាតិ។ គិតត្រឹមពេលនេះ មានអ្នកស្លាប់ ប្រមាណ​៥៤នាក់ហើយ។ ទោះយ៉ាង​នេះក្តី នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាជនភូមា នៅតាមទីក្រុងធំៗ នៅតែបន្តចុះផ្លូវ​ ជួបជុំគ្នាស្រែកតវ៉ា ប្រឆាំងនឹងរបបសិកយោធា បើទោះ​បី​ជាម្នាក់ៗ មានស្មារតី​ភ័យ​ខ្លាច ដឹងថា​ប្រឈមនឹងគ្រាប់កាំភ្លើងក៏ដោយ​។

ផ្សាយពាណិជ្ជកម្ម

នៅទីក្រុងរ៉ង់ហ្គូន បាតុករបានបន្តជួបជុំគ្នា ជាក្រុមតូចៗនៅច្រើនកន្លែង ដោយ​ពួកគេបានរៀបចំ យកកងឡាន ពូកគ្រែ ឬស្សី ថ្មឥដ្ឋ និង​បាវខ្សាច់ជាដើម យកមក​គធ្វើជារនាំង ដើម្បីការពារខ្លួន ពីការ​បាញ់រះរបស់​សមត្ថកិច្ច។ តាមផ្លូវ បាតុករ បាន​យក​រូបលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ទៅបិទនៅលើថ្នល់ ដើម្បីធ្វើជាឧបសគ្គ ព្រោះកងទាហានភូមា ដែលមកបង្ក្រាបពួកគេ នឹងមិនហ៊ានដើរជាន់រូបថតនេះ​ទេ។ សង្កាត់ San Chaung ក្នុងក្រុងរ៉ង់ហ្គូន បានក្លាយ​ទៅជាទីលាន​សមរភូមិ​ តែបាតុករភូមា នៅតែបន្តមកទីនេះដោយ​មិនញញើត។

លោក Thinzar Shunlei Yi បាតុករម្នាក់ បានប្រាប់អ្នកយកព័ត៌មានបារាំង AFP ថា កាលពីថ្ងៃពុធទី​៣មីនា​​ គឺជា​ថ្ងៃ​សោកសង្រេងបំផុត។ លោកថា ៦០ឆ្នាំមកហើយ តែកងទ័ពភូមា មិនបាន​ផ្លាស់ប្តូរទាល់តែសោះ។ លោកអះអាងថា ទោះជាយ៉ាងណាក៏ដោយ​ លោកនិងបាតុករឯទៀត ត្រូវតែមានវត្តមាននៅទីនេះ ដើម្បី​តស៊ូ រើបំរះនឹងអំណាចផ្តាច់ការនេះ។

នៅទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំទី​២របស់ភូមា នៅថ្ងៃព្រហស្បតិ៍នេះ មនុស្សជាច្រើនពាន់នាក់ បានជួបជុំគ្នា ដើម្បីដង្ហែរសពយុវតីអាយុ១៩ឆ្នាំម្នាក់ ឈ្មោះ Kyal Sin ដែល​បានស្លាប់ដោយ​គ្រាប់កាំភ្លើងរបស់សមត្ថកិច្ច កាលពីថ្ងៃពុធ។ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានប្រកាសថា នឹង​បង្ហូតទង់ជាតិតែពាក់កណ្តាល នៅទីស្នាក់ការបក្ស ដើម្បី​គោរពវិញ្ញាក្ខន្ធអ្នកស្លាប់។

សូមបញ្ជាក់ថា យោងតាមប្រភពរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធទី​៣មីនា មាន​បាតុករយ៉ាងហោច​៣៨នាក់ បានស្លាប់ ដោយ​រងគ្រាប់កាំភ្លើងរបស់​សមត្ថកិច្ច។ លោក​ប្រធានាធិតបីបារាំង ក៏ដូចជាលោកស្រី Michelle Bachelet អគ្គស្នងការទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សនៃអង្គការសហ​ប្រជាជាតិ​ បានថ្លែងថ្កោលទោស និងអំពាវនាវឲ្យ​កងទ័ពភូមា​ឈប់បាញ់សម្លាប់ប្រជាជន។​

ដោយឡែក លោកស្រី Christine Schraner Burgener តំណាង​អង្គការសហប្រជាជាតិ សម្រាប់កិច្ចការភូមា បាន​ទាក់ទងជាមួយ​កងទ័ពភូមា ដោយ​លោកស្រី បានបញ្ជាក់ថា អង្គការ​សហ​ប្រជាជាតិ​ នឹង​ចាត់វិធានការចាំបាច់ ដើម្បី​បិទបញ្ចប់អំពើហិង្សា និងបានស្នើថា លោកស្រីចង់ទៅ​ភូមាដោយផ្ទាល់។ តែក្រុមកងទ័ពភូមា បានឆ្លើយ​យ៉ាងខ្លីមកវិញថា លោកស្រី​មិន​អាច​មក​បានទេ នាពេលនេះ។

គួរបញ្ជាក់ថា គិតមកត្រឹមពេលនេះ មានមនុស្សយ៉ាងហោច១៧០០នាក់ ដែលត្រូវបានគេចាប់ខ្លួន និង ចោទប្រកាន់។ ក្នុងចំណោមនេះ មានអ្នកកាសែត ៦នាក់ ដែលជាប់ចោទពីបទ បង្កភាពចលាចលសង្គម ផ្សព្វផ្សាយ​ព័ត៌មានមិនពិត។ អ្នកកាសែតទាំងនេះ អាចប្រឈមនឹងទោសជាប់ពន្ធនាគារ៣ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI