ភូមា-នយោបាយ

លោកហ្សង់ ហ្រ្វង់ស័រ រ៉ង់គួរ៖ការប្រើគ្រាប់កាំភ្លើងពិតបាញ់លើបាតុករជាយុទ្ធសាស្ត្រចេតនារបស់របបសឹកភូមា

កម្លាំងប៉ូលិសភូមា​បាញ់​បង្រ្កាប​លើ​ហ្វូង​បាតុករ
កម្លាំងប៉ូលិសភូមា​បាញ់​បង្រ្កាប​លើ​ហ្វូង​បាតុករ REUTERS - STRINGER

នៅ​ក្នុង​ប្រទេស​ភូមា ជាង ១ខែ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​អ៊ុង សានស៊ូជី ចលនា​បាតុកម្ម​ប្រឆាំង​នឹង​របបសឹក​មិន​បាន​ចុះ​ខ្សោយ​ទេ។ ទន្ទឹម​គ្នា​នេះ កម្លាំង​ប៉ូលិស និង​ទាហាន​ក៏​កំពុង​បង្កើន​យុទ្ធនាការ​វាយបង្រ្កាប​ចាស់​ដៃ​ដោយ​បាញ់​គ្រាប់ពិត និង​ចាប់​ខ្លួន​បាតុករ។ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី៤ មីនា មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៥៤នាក់ និង​ចាប់​ខ្លួន​ជាង ១ ៧០០នាក់។ គ្រាន់​តែ​មួយ​ថ្ងៃ​ពុធ ទី៣ មីនា មាន​ស្លាប់​យ៉ាង​តិច ៣០នាក់​នៅ​ក្នុង​ចំនួន​អ្នក​ស្លាប់​យ៉ាង​តិច ៥៤នាក់​គិត​តាំង​ពី​ថ្ងៃទី១ នៃ​រដ្ឋប្រហារ។ ប្រមុខ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ជំរុញ​ឲ្យ​របបសឹក​បញ្ឈប់​ការ​សម្លាប់ និង​ចាប់​ខ្លួន​បាតុករ។ លោក​ហ្សង់ ហ្រ្វង់ស័រ រ៉ង់គួរ អ្នកវិទ្យាសាស្ត្រនយោបាយ​នៅមជ្ឈមណ្ឌល​សិក្សា​អាស៊ី​នៃ​សាកលវិទ្យាល័យ​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា និង​ជា​អ្នកជំនាញ​ប្រទេស​ភូមា​បាន​បញ្ជាក់​ថា កំណើន​នៃ​ចំនួន​អ្នក​ស្លាប់​ហាក់​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ចេតនា​របស់​របបសឹក​ភូមា។

ផ្សាយពាណិជ្ជកម្ម

« អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ​ដែល​ចលនា​បាតុកម្ម​របស់​មហាជន​កំពុង​បន្ត​មាន។ ចំណែក​ក្រុម​យោធា​វិញ​សង្ឃឹម​ថា ចលនា​បាតុកម្ម​របស់​មហាជន​មួយ​នេះ​អាច​នឹង​ចុះ​ខ្សោយ​វិញ​ជាមួយ​នឹង​ការ​វាយបង្រ្កាប និង​ការ​ចាប់​ខ្លួន។ តែ​ខុស​ពី​ការ​ពិត ចលនា​បាតុកម្ម​បែរ​ជា​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទៅ​វិញ។ អ៊ីចឹង​ហើយ​បាន​ជា​គេ​សង្កេត​ឃើញ​ថា កម្លាំង​យោធា​បាន​ប្តូរ​យុទ្ធសាស្រ្ត​បង្ក្រាប​ថ្មី​កាន់​តែ​ចាស់ដៃ​ដោយ​បាន​បាញ់​គ្រាប់​កំាភ្លើង​ពិត​ទៅ​លើ​បាតុករ។

ប្រសិន​បើ​កងទ័ព​បន្ត​អនុវត្ត​តាក់ទិច​បាញ់​សម្លាប់​របៀប​នេះ នោះ​ចំនួន​អ្នក​ស្លាប់ និង​របួស​នឹង​មាន​កាន់​តែ​ច្រើន​ឡើង​នៅ​ថ្ងៃ និង​នៅ​សប្តាហ៍​ខាង​មុខ។ ពិត​ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​ខ្លាំង​ណាស់។ គេ​បាន​សង្កេត​ឃើញ​ថា​ពេល​នេះ ក្រុម​យោធា​កំពុង​បន្ត​ធ្វើ​គ ធ្វើ​ថ្លង់​ដោយ​មិន​បារម្ភ​នឹង​ប្រតិកម្ម និង​គំនាប​របស់​សហគមន៍អន្តរជាតិ​ទេ។ គេ​អាច​ចោទ​ជា​សំណួរ​ថា តើ​ក្រុម​យោធា​ភូមា​អាង​អី​ទៅ​បាន​ជា​ហ៊ាន​បន្ត​ប្រើ​អំពើហិង្សា និង​ការ​បាញ់សម្លាប់​បាតុករ​ដោយ​មិន​ខ្វាយខ្វល់​នឹង​ផល​វិបាក​ដែល​ពួក​គេ​អាច​នឹង​ទទួល​នា​ពេល​ខាង​មុខ។

គួរ​និយាយ​ថា ក្រុម​យោធា​ភូមា​បាន និង​មាន​លទ្ធភាព​កាន់​អំណាច​អស់​រយៈពេល​ជា​ច្រើន​ទសវត្ស ទោះ​ជា​ខ្លួន​កំពុង​ជាប់​ក្នុង​ផ្ទាំងស៊ីប​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​បស្ចិមលោក​ក៏​ដោយ។ ហេតុអ្វី?។ ចម្លើយ​គឺ​ថា ទោះ​បី​ជា​ភូមា​ជាប់​ក្នុង​ទណ្ឌកម្ម​ក៏​ដោយ​ក៏​មាន​ប្រទេស​មួយ​ចំនួន​បន្ត​ធ្វើ​ជំនួញ​ជាមួយ​ភូមា មាន​ដូច​ជា​ប្រទេស​ចិន រុស្ស៊ី និង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​ចំនួន​ជា​សមាជិក​អាស៊ាន។ ដូច្នេះ​សម្រាប់​ក្រុម​យោធា ពួក​គេ​មាន​អារម្មណ៍​ស្ថិត​ក្នុង​សុវត្ថិភាព​គ្រប់គ្រាន់​ដើម្បី​បន្ត​ប្រើ​អំពើ​ហិង្សា និង​ការ​វាយប្រហារ​លើ​ក្រុម​បាតុករ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI