ភូមា-នយោបាយ

ភូមា៖ប៉ូលិស និងកងទ័ពបន្តការវាយបង្រ្កាបលើបាតុករ ចំណែកសហគមន៍អន្តរជាតិបង្កើនគំនាបលើរបបសឹក

Demonstrators block a road during an anti-coup protest in Yangon, Myanmar, March 4, 2021.
Demonstrators block a road during an anti-coup protest in Yangon, Myanmar, March 4, 2021. REUTERS - STRINGER

នៅ​ក្នុង​ប្រទេស​ភូមា ជាង​មួយ​ខែ​ក្រោយ​រដ្ឋប្រហារ និង​ទោះ​ជា​មាន​ការ​វាយបង្រ្កាប​ចាស់ដៃ​ពី​កម្លាំង​ប៉ូលិស និង​ទាហាន​ក៏​ដោយ​ចលនា​មហាជន​មក​ពី​គ្រប់ស្រទាប់​វណ្ណៈ​ប្រឆាំង​នឹង​របបសឹក​បាន និង​កំពុង​បន្ត​មាន​កាន់​តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​សុក្រ ទី៥ មីនា​នេះ មាន​ស្លាប់​បាតុករ​ម្នាក់​ទៀត​ជា​បុរស​អាយុ ២៦ឆ្នាំ​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​នឹង​កញ្ចឹង ក។ គិត​សរុប​ពេល​នេះ មាន​ស្លាប់​ជិត ៦០នាក់ និង​របួស​ជាង ១ ៧០០នាក់។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ គំនាប​ពី​សហគមន៍​អន្តរជាតិ​លើ​របបសឹក​កំពុង​បន្ត​មាន។ រដ្ឋបាល​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៤ មីនា ហើយ​អ្នករាយការណ៍ពិសេស​របស់​អង្គការ​សហប្រជាជាតិ​លោក Thomas Andrews បាន​ស្នើ​ឲ្យ​ដាក់​ទណ្ឌកម្ម​សព្វាវុធ​ជា​សកល​លើ​ភូមា។ ចំណែក​ក្រុមប្រឹក្សាសន្តិសុខ​រួមប្រជុំ​ជា​ថ្មី​នៅ​ថ្ងៃ​សុក្រ​ ទី៥ មីនា។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​ចេញ​ផ្សាយ​ជា​សាធារណៈ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៤ មីនា អ្នករាយការណ៍ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​រឿង​ភូមា​លោក Thomas Andrews បាន​គូស​បញ្ជាក់​ថា ទោះ​បី​ជា​ប្រជាជន​ភូមា​ជា​អ្នក​កំណត់​អនាគត​ជោគវាសនា​ប្រទេស​របស់​ពួក​គេ​ក៏​ដោយ​ក៏​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ចូលរួម​ចាត់​វិធានការ​ជាបន្ទាន់ និង​ដាច់ខាត​ដើម្បី​ជួយ​គាំទ្រ​បុព្វហេតុ​របស់​ពួក​គេ។ នៅ​ក្នុង​ន័យ​នេះ លោក Andrews បាន​ផ្តល់​អនុសាសន៍​ដល់​ក្រុម​ប្រឹក្សាសន្តិសុខ​ដែល​រួម​ប្រជុំ​គ្នា​ជា​ថ្មី​នា​ថ្ងៃ​សុក្រ ទី៥ មីនា​ដើម្បី​និយាយ​ពី​បញ្ហា​ភូមា​ឲ្យ​ដាក់​ទណ្ឌកម្ម​អាវុធ​ជា​សកល​លើ​របបសឹក​ភូមា។

តាម​លោក Andrewsទណ្ឌកម្ម​អាវុធ​លើ​របបសឹក​ភូមា​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​សហភាព​អឺរ៉ុប និង​ប្រទេស​កាណាដា។ ទន្ទឹម​នឹង​ស្នើ​ឲ្យ​មាន​ទណ្ឌកម្ម​អាវុធ​ជា​សកល អ្នករាយការណ៍ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​រឿង​ភូមា​រូប​នេះ​ដដែល​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច​ផ្ទាំងស៊ីប​លើ​ក្រុម​ឧត្តមសេនីយ​ភូមា​ដូច​ដែល​រដ្ឋបាល​អាមេរិក​បាន​ដាក់​លើ​ក្រុម​មេ​រដ្ឋប្រហារ​ទម្លាក់​លោកស្រី​អ៊ុង សានស៊ូជី​កាល​ពី​ថ្ងៃទី១ កុម្ភៈ។ ដោយឡែក​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៤ មីនា រដ្ឋបាល​អាមេរិក​បាន​បន្ថែម​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ចំនួន​ទៀត​លើ​របបសឹក​ភូមា​ដោយ​កម្រិត​ការ​នាំ​ចេញ​ទៅ​ភូមា និង​បញ្ចូល​​ក្រសួង​ការពារជាតិ ក្រសួង​មហាផ្ទៃ រួម​ទាំង​ស្ថាប័ន​ពាណិជ្ជកម្ម​ចំនួន​ពីរ​ដែល​កាន់កាប់ និង​គ្រប់គ្រង​ដោយ​ក្រសួង​ការពារជាតិ​ទៅ​ក្នុង​បញ្ជី​ខ្មៅ​អាមេរិក។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ព្រមាន​នៅ​ក្នុង​បណ្តាញសង្គម​ថា អាមេរិក​នឹង​បន្ត​ចាត់​វិធានការ​ថ្មីៗ​ទៀត​ប្រឆាំង​នឹង​របបសឹក​ភូមា។ ដោយឡែក ក្រុមហ៊ុន​យូធូប​បាន​ប្រកាស​ពី​ការ​បិទគណនេយ្យ​ជា​ច្រើន​របស់​កងទ័ព​ភូមា។ តែ​គេ​បាន​សង្កេត​ឃើញ​ថា ទោះ​បី​ជា​មាន​គំនាប​ពី​សហគមន៍អន្តរជាតិ​កាន់​តែ​ខ្លាំង​ក៏​ដោយ​ក៏​របបសឹក​ហាក់​បន្ត​ធ្វើ គ ធ្វើ​ថ្លង់ និង​ប្តេជ្ញា​រំលត់​ភ្លើង​នៃ​ចលនា​មហាជន​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់។ ចំណែក​ក្រុម​បាតុករ​ក៏​ហាក់​បាន​ប្តេជ្ញា​បន្ត​ការ​តវ៉ា​ដោយ​មិន​បាក់​ស្មាត​ទោះ​ត្រូវ​បង់​ថ្លៃ​ប៉ុន្មាន​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI