ភូមា-អង្គការ​សហប្រជាជាតិ

នៅ​ក្រុមប្រឹក្សា​សន្តិសុខ ចិន​ប្រកាសជា​មិត្តជិតខាង ដែល​មិនចង់​ឲ្យ​មានការ​ដាក់​ទណ្ឌកម្ម​លើ​កងទ័ពភូមា

ការជួបជុំនៅ ក្រុង​បាងកក ដើម្បី​​គាំទ្រ​បាតុកម្ម​របស់​ប្រជាជន​ភូមា ក្នុង​ការប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅភូមា
ការជួបជុំនៅ ក្រុង​បាងកក ដើម្បី​​គាំទ្រ​បាតុកម្ម​របស់​ប្រជាជន​ភូមា ក្នុង​ការប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅភូមា REUTERS - SOE ZEYA TUN

ទោះ​ត្រូវ​ប្រឈម​នឹង​ការបង្រ្កាប​បង្ហូរឈាម​របស់​កងទ័ព ប្រជាជន​ភូមា​នៅ តែ​បន្ត​ចុះថ្នល់ ធ្វើបាតុកម្ម ប្រឆាំង​របបសឹក។ បាតុកម្ម​របស់​ប្រជាជន​ភូមា នៅ​តែមានសន្ទុះខ្លាំង នៅមួយ​ថ្ងៃ​ក្រោយ ក្រុមប្រឹក្សា​សន្តិសុខ បរាជ័យ​មិនអាច​ចេញសេចក្តីថ្លែងការណ៍​រួម​សម្រាប់​វិបត្តិ​ភូមា។ ឆ្លៀត​ពេល​ដែល​សហគមន៍​អន្តរជាតិ​នៅតែ​បែកបាក់គ្នា មិនអាច​មាន​ជំហររួមនៅ​អង្គការ​សហប្រជាជាតិ កងទ័ព​ភូមា​បាន​ដៃ រឹត​តែ​ប្រើ​កម្លាំងបង្រ្កាប​ដ៏ហិង្សា ជាមួយ គ្រាប់កាំភ្លើងពិត ដែល​បាន​សម្លាប់ មនុស្ស​យ៉ាងតិច ៥៥នាក់ គិតចាប់តាំង​ពីផ្ទុះមាន​បាតុកម្មប្រឆាំង​របបសឹកភូមា។

ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​ថ្ងៃ​អាទិត្យ មានមនុស្ស​ស្លាប់ជារៀងរាល់​ថ្ងៃ ដោយសារ​គ្រាប់កាំភ្លើង​របស់​ទាហាន​ភូមា ដែល​មិន​ញញើតដៃ បាញ់​គ្រាប់កាំភ្លើង​ពិត ទៅលើ​ក្រុមបាតុករភូមា។ ទោះជា​យ៉ាងនេះ​ក្តី ប្រជាជន​ភូមា​មិន​បាន​ចុះញ៉ម រាថយ កម្លាំង​ដើម្បី ធ្វើ​បាតុកម្ម​ប្រឆាំង​របបសឹក​នោះទេ។ នៅ ថ្ងៃ​សៅរ៍នេះ បាតុករ​ដើម្បី ប្រជាធិបតេយ្យ​ភូមា នៅតែ តែ​បន្ត​ចុះថ្នល់ ស្រែក​អំពាវនាវ​ឲ្យ​មេដឹកនាំយោធា​ភូមា​ចុះចេញ​ពីអំណាច និង​ដោះលែង​លោកស្រី អ៊ុងសាន ស៊ូជី។ នៅ​ភាគកណ្តាល​ប្រទេស បាតុករ​ជាច្រើនរយនាក់​ដែលនៅក្នុង​នោះ មានផងដែរ​គ្រូបង្រៀន​បាន​ស្រែកប្រកូកប្រកាស​ឲ្យ​កើត​មាន​ចលនា មិនស្តាប់បង្គាប់ស៊ីវិល ដោយ​ត្រូវ​ធ្វើ​ពហិការ​មិន​ចូល​ធ្វើការ។ សម្រាប់​បាតុករ បើសិន គេ​ចូល​ធ្វើការ នោះ គឺ​គេ​កំពុងជួយ​របបផ្តាច់ការ។

ការអំពាវនាវ​ឲ្យ​មាន​កូដកម្ម ពហិការ​មិន​ចូល​ធ្វើការ បាន​ប៉ះពាល់​ខ្លាំង​ដល់​ដំណើរការ​សេដ្ឋកិច្ច របស់​ប្រទេស ដែល​កំពុង​ទ្រុឌទ្រោម​រួចទៅហើយ។ ធនាគារ​ត្រូវ​ជាប់គាំង មន្ទីរពេទ្យ​ត្រូវ​បិទទ្វារ ចំណែក​ស្ថាប័ន​រដ្ឋ ស្ងាត់ គ្មាន​មនុស្សធ្វើការ។ នៅ ចុងសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយ​របបសឹក​បាន​ទាមទារ​ឲ្យ​មន្រ្តីរដ្ឋការ​ចូល​ធ្វើការ​ឡើងវិញ បើមិន​ដូច្នេះទេ ពួកគេ​នឹង​ត្រូវ ដេញ​ចេញ​ពី​ការងារ ចាប់ពីថ្ងៃចន្ទ ដើម​សប្តាហ៍ក្រោយ។

បើកការបង្រ្កាប​ហិង្សា ទៅលើ​បាតុករ កាត់ផ្តាច់​អ៊ីនធ័រនែត គំរាមកំហែង និង​ចាប់ខ្លួន មនុស្ស​ជាង ១៧០០នាក់ របបសឹក​ភូមា មិន​ខ្លាច​នឹង​ប្រើកម្លាំងបាយ ដើម្បី បិទបញ្ចប់​បាតុកម្ម​ប្រឆាំង​របស់​ប្រជាជន​ភូមា​នោះទេ ជាពិសេស នៅ​ពេល​ដែល​សហគមន៍​អន្តរជាតិ នៅតែ​បែកបាក់ និយាយ​មិន​ចុះសម្រុងគ្នា ដើម្បី​ដាក់ទណ្ឌកម្ម​លើ​របបសឹកភូមា។

គួរបញ្ជាក់ថា នៅពេល បើកកិច្ចប្រជុំ​ជាថ្មី នៅ​ថ្ងៃ សុក្រម្សិលមិញ ដើម្បី​និយាយ​ពី​វិបត្តិភូមា ក្រុមប្រឹក្សា សន្តិសុខ អង្គការ​សហប្រជាជាតិ បាន​បរាជ័យ មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ នោះទេ។ តាម​ប្រភព​មន្រ្តីទូត នៅ អង្គការ​សហប្រជាជាតិ ការចរចា ត្រូវបន្ត នៅ​សប្តាហ៍ក្រោយ ចំណែក ឯកអគ្គរាជទូត​អង់គ្លេស ប្រចាំ​អង្គការ​សហប្រជាជាតិ អះអាងថា នឹង​អាច​មាន​ទណ្ឌកម្ម​អន្តរជាតិ បើសិន ស្ថានការណ៍​​នៅភូមា ធ្លាក់ចុះ​ដុនដាប​ជាងនេះ។

អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ប្រកាសផ្ទាល់ខ្លួន ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ទៅលើ​មេដឹកនាំ​យោធា​ភូមា ប៉ុន្តែ អង្គការ​សង្គមស៊ីវិល ទាមទារ​ឲ្យ​មាន​ចំណាត់ការ​តឹងរ៉ឹងជាងនេះ ពោល គឺ​សេចក្តីសម្រេច​ស្តីពី​ការហាមប្រាម អន្តរជាតិ ក្នុងការលក់​អាវុធ ទៅ​ឲ្យ​កងទ័ព​ភូមា។ ការទាមទារ​មួយនេះ បាន​ពើបប្រទះ​នឹង​ការប្រឆាំង​របស់​ចិន និង​រុស្ស៊ី ដែល ជាប្រទេស​នាំចេញ និង​លក់សព្វាវុធ​ផ្តាច់មុខ​ឲ្យ​កងទ័ព​ភូមា។ ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​យោធា​នៅ​ភូមា ចិន​និង​រុស្ស៊ី បាន​បដិសេធ​មិន​និយាយ​ពាក្យ រដ្ឋប្រហារ​យោធា ភូមា​នោះទេ។ នៅ​ដើម​ខែ កុម្ភៈ ទីភ្នាក់ងារ​ព័ត៌មានរដ្ឋចិន បាន​និយាយ​តែ​ពីការរុះរើ​គណៈរដ្ឋមន្រ្តី ភូមា​តែប៉ុណ្ណោះ។

សម្រាប់ ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​អង្គការ​សហប្រជាជាតិ ចិន ចង់​ធ្វើជា​មិត្តជិតខាង​របស់ភូមា ដែលប្រឆាំង​ដាច់ខាត​រាល់​ការដាក់ទណ្ឌកម្ម ដែល​នឹង​អាច​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ស្មុគស្មាញ។ សិង្ហបុរី​វិញ ដែល​ចេញមុខ​ជាងគេ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ដើម្បី រិះគន់​ចំណាត់ការហិង្សា​របស់​កងទ័ព​ភូមា នៅ តែបដិសេធ​មិន​ដាក់សម្ពាធ​ពីខាងក្រៅ ក្នុង​ហេតុផល​ថា ទណ្ឌកម្ម​សេដ្ឋកិច្ច​ មានឥទ្ធិពល​តិចតួច ណាស់ ​ទៅលើ​កងទ័ព​ភូមា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI